Connect with us

ជីវិតកម្សាន្ដ

គ្រូដឹកនាំសម្តែង ស្រីនុត ជួបជំងឺបាក់ទឹកចិត្ត ធ្លាក់ខ្លួនឈឺធ្ងន់សង្គ្រោះនៅមន្ទីរពេទ្យ

បានផុស

នៅ

អ្នក​ដឹក​នាំ​​តួសម្ដែង​​អ្នក​​នាង ស្រីនុត ដោយ​សារ​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ទើបធ្វើឲ្យនាង​​ធ្លាក់​ខ្លួ​ន​ឈឺ​ខ្លាំង​​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ និង​កំពុង​ជួប​ការ​ខ្វះខាត​ប្រាក់​សម្រាប់​ថ្លៃ​ព្យាបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​គេ​ឃើញ​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ធ្វើការ​​ចែក​រំលែក​នៃដំណឹង​ធ្លាក់ខ្លួនឈឺ​ធ្ងន់​របស់​តារា​សម្ដែង និង​ជាគ្រូ​ដឹក​នាំ​​សម្តែង​អ្នកនាង ស្រីនុត ដែល​កំពុង​ស្ថិត​​ក្នុង​​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​មាន​ដាក់​ខ្យល់​អុកស៊ីសែន​ទៀត​ផង។ តារា​សម្តែង យិន ផល្លា បាន​បង្ហោះ​ភ្ជាប់រូបភាព​អ្នកនាង ស្រីនុត រៀប​រាប់​ថា​ «បងប្អូន​ហើយ​ជួយ​គាត់​ផង​​មាន​ផលិតកម្ម​មួយចំនួន​មិន​បើក​​លុយ​ឲ្យ​គាត់​»។

តារា​សម្តែង​រូបនេះ​បាន​បន្តថា «ឥឡូវ​គាត់(ស្រីនុត) ឈឺ​នៅ​ពេទ្យ​​ផលិតកម្ម​ដែល​មិនទាន់​​បើកលុយ​ឲ្យ​គាត់​សូម​ជួយ​បើកលុយ​គាត់​ផង​ គាត់គ្មាន​លុយ​នៅក្នុង​​ខ្លួនទេ ថ្លៃពេទ្យ​​ក៏គ្មាន សូម​​ជូនពរឆាប់​ជា ឆាប់​បានមកផ្ទះវិញ​កូនម្ដាយ​​ចាំស៊ូ​​ៗឡើង»។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​មួយ​ចំនួន​មាន​ក្តីរន្ធត់​អាណិត​ដល់​នាង​ជាខ្លាំង។

តាម​រយៈ​បទ​សម្ភាស​ជា​មួយ​«កម្ពុជា​​ថ្មី» ​តារា​សម្ដែង យិន ផល្លា បាន​បញ្ជាក់​​បន្ថែម​ថា គ្រូ​ដឹក​នាំ​សម្តែង ស្រីនុត បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​​បន្ទប់​សង្គ្រោះ​ក្នុង​មន្ទីពេទ្យ​ឯងជន​​មួយ​​កន្លែង​​ម្តុំ​ផ្សារ​សុវណ្ណា​ ខណៈ​គិត​មកដល់​ពេលនេះគាត់​​បានធ្លាក់​ខ្លួនឈឺ​ធ្ងន់ រយៈ​ពេល​ជាង ១សប្តាហ៍​មកហើយ។ ប្រភព​​បន្ត​ថា អ្វី​​ដែល​កាន់​​តែអាណិត​ថែមទៀត ស្រីនុត មិន​ត្រឹម​តែជួប​ជំងឺបាក់​ទឹកចិត្ត​ឈឺធ្ងន់​នោះទេ ពេល​​នេះក៏ខ្វះខាត់​ថ្លៃព្យាបាល​ទៀតផង។

ស្ថិត​ក្នុង​​រង្វង់​សិល្បៈ​ដូច​គ្នា​តារា​​សម្តែង យិន ផល្លា បាន​​ស្នើ​​ដោយ​ទទូច​​ចំពោះបណ្តា​​ផលិតកម្ម និង​​ផលិតករ ដែល​​ជំពាក់​លុយ ស្រីនុត ទាំង​អស់​គួរ​​ចេ​ញមុខ​​ដោះស្រាយ​​លុយ​​ដែល​ជំពាក់​​ថ្លៃថត​ដល់  ស្រីនុត ផងដើម្បី​យក​ប្រាក់​មកព្យាបាល​ជំងឺ​​របស់ខ្លួន​ក៏ដូច​ជា​ដោះបំណុល​ផ្សេង​​ៗទៀត។

ដោយ​ឡែក​ក៏​មានការ​លើក​​ឡើង​​ពីសំណាក់​សិស្សរបស់​គ្រូដឹកនាំសម្តែង​រូបនេះ​ដែរថា «​ខ្ញុំសូមគោរព​ជម្រាប​សួរពុកម៉ែបងប្អូន​ជាទី​គោរព​ស្រឡាញ់ទាំង​អស់គ្នា ខ្ញុំជាសិស្ស​តួសម្ដែង​របស់​អ្នកគ្រូ SreyNuth ដោយ​​សារតែពេលនេះ​អ្នក​​គ្រូ​ នុត គាត់​ចូលមន្ទីរពេទ្យ​​សង្គ្រោះ​​បន្ទាន់​ដោយ​សារតែ​អ្នកគ្រូ​​គាត់​មានបញ្ហា​សុខភាព​នេះ​​យូរហើយ​ឥឡូវ​នេះគាត់​នៅ​សម្រាក​នៅ​​មន្ទីរ​ពេទ្យឯកជន​ ប៉ុន្តែ​អ្នកគ្រូគាត់​អត់​​មាន​លុយព្យាបាលជំងឺទេ»។

ប្រភព​បន្ត​ថា «មួយ​​រយៈ​ធំ​កន្លង​មក​​នេះ​ គឺ​ផលិតកម្ម​​មួយចំនួន​ធំគាត់​អត់ទាន់​បើកលុយ​ថ្លៃតួថតឲ្យ​​អ្នកគ្រូ នុត ទេដ​ល់​ពេល​អញ្ចឹង​អ្នកគ្រូ នុត គាត់​ក៏​សម្រេចចិត្ត​ទៅ​ចងការ​ប្រាក់គេ​យកលុយ​នោះមកបើក​ឲ្យ​តួជំនួ​ស​ផលិតកម្ម​មួយចំនួនធំ​ដែល​ពួកគាត់​គ្មាន​ទំនួល​ខុស​ត្រូវ​រឿង​បើក​លុយ​ឲ្យ​តួ​បែប​​នេះ​មករហូត អ្នកគ្រូ នុត គាត់​រងគ្រោះ​រឿង​នេះ​ជាយូរឆ្នាំ​ហើយឥឡូវ​ធ្វើឲ្យ​គាត់​គិត​ច្រើនពេក​ធ្វើឲ្យ​គាត់​ប៉ះទង្គិច​ផ្លូវ​អារម្មណ៍​ឡើងកើត​ជំងឺផ្លូវចិត្ត​​ជា​ខ្លាំង​ អញ្ចឹង​ហើយ​ក្នុង​នាម​ខ្ញុំជា​សិស្ស ជាតួសម្ដែង​របស់​អ្នក​គ្រូ នុត ស្នើ​សុំ​ទៅ​ថ្នាក់​ដឹកនាំ​គ្រប់ជាន់​ថ្នាក់ និង​ប្រធាន​សមាគម ពុកម៉ែ​បងប្អូន​ជាទី​គោរពស្រឡាញ់​ទាំងអស់​គ្នា​​សូមមេត្តា​អាណិត​ជួយដល់អ្នកគ្រូ នុត ផង»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម