Connect with us

ព័ត៌មានអន្ដរជាតិ

ដ្បិត Songkhla ធូរស្រាល តែ Pattani នៅតែធ្ងន់ធ្ងរដោយទឹកជំនន់

បានផុស

នៅ

ដ្បិតថា ស្ថានភាពទឹកជំនន់នៅខេត្ត Songkhla បានធូរស្រាលបន្តិចហើយក៏ពិតមែន ប៉ុន្តែនៅខេត្ត Pattani នាភាគខាងត្បូងដូចគ្នានេះ ទឹកជំនន់នៅតែបន្តវាយប្រហារធ្ងន់ធ្ងរ ជាពិសេសតំបន់ស្ថិតនៅតាមដងទន្លេ ដែលទឹកលិចជម្រៅដល់ទៅមួយម៉ែត្រឯណោះ។

ទឹកជំនន់នៅ Pattani (រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin នៅថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥ ទឹកជំនន់នៅ Pattani កំពុងបង្កទុក្ខលំបាកដល់ពលរដ្ឋ ដោយកាត់ផ្តាច់ការធ្វើដំណើរនិងស្បៀងអាហារ ជំរុញឲ្យក្រុមសង្គ្រោះប្រើទូកដើម្បីនាំជំនួយយកទៅឲ្យដល់ផ្ទះ។

សហគមន៍ស្ថិតនៅជាប់មាត់ទន្លេ Pattani ជាកន្លែងរងគ្រោះធ្ងន់បំផុត ពិសេសស្រុក Mueang ដែលមានឃុំ Chabang Tikor, Sabarang, Pakaharang និង Baraho កំពុងជន់លិចខ្លាំង។

ទឹកជំនន់នៅ Pattani (រូបថត៖ Amarin)

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខេត្តភាគខាងត្បូងប្រទេសថៃ ត្រូវវាយប្រហារយ៉ាងដំណំដោយទឹកជំនន់ ដែលបង្កឡើងដោយព្យុះនិងភ្លៀងធ្លាក់ឥតឈប់ឈរ។

ទោះមានការប៉ាន់ស្មានថា តួលេខមនុស្សស្លាប់ប្រហែលមិនក្រោម ១ ០០០នាក់ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងបាងកក បានបញ្ចេញតួលេខគិតត្រឹមថ្ងៃអាទិត្យថា មនុស្សស្លាប់មានត្រឹម១៧០នាក់ប៉ុណ្ណោះ។

ទឹកជំនន់នៅ Pattani (រូបថត៖ Amarin)

ក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមមនុស្សស្លាប់ទាំង១៧០នាក់ មាន១៦០នាក់ស្លាប់ដោយសារលង់ទឹក និងអ្នកផ្សេងទៀតស្លាប់ដោយសារឆក់ខ្សែភ្លើង ឬត្រូវទឹកហូរកួចនាំយកទៅ។

ខេត្តដែលមានមនុស្សស្លាប់ច្រើនជាងគេគឺ Songkhla មាន១៣១នាក់ បន្ទាប់មកគឺ Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Satun ៥នាក់, Yala ៥នាក់, Narathiwat ៤នាក់, Phatthalung ៤នាក់ និង Trang ២នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម