Connect with us

ព័ត៌មានអន្ដរជាតិ

WFP៖ ​មនុស្ស​៤៥លាននាក់​នៅ​អ៊ីរ៉ង់​​​ប្រឈម​​ភាព​អត់​ឃ្លាន​ធ្ងន់​ធ្ងរ បើសង្គ្រាម​អូស​បន្លាយ​ដល់​៣ខែទៀត​

បានផុស

នៅ

យោងតាម​ការវិភាគពី​កម្មវិធីស្បៀងអាហារ​ពិភពលោក (WFP)​ ចេញ​ផ្សាយ​កាល​ពីថ្ងៃអង្គារ​ទី១៧ខែមីនា មនុស្ស​រាប់​សិប​លាន​នាក់​ទៀត​នឹង​ប្រឈម​ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ ប្រសិន​បើ​សង្គ្រាមអ៊ីរ៉ង់​នៅតែបន្តរហូត​ដល់ខែមិថុនា​។

យោងតាមភ្នាក់ងាររ៉យទ័រ ផ្សាយថ្ងៃ​១៧ ខែមីនា ការ​វាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើ​ប្រទេស​អ៊ីរ៉ង់ចាប់​ផ្តើម​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ បាន​បិទផ្លូវ​ជំនួយមនុស្សធម៌សំខាន់ៗ ដោយ​ពន្យារ​ពេល​ការដឹកជញ្ជូនជំនួយ​សង្គ្រោះជីវិត នាំ​​ទៅ​កាន់វិបត្តិដ៏អាក្រក់បំផុត​មួយ​ចំនួនរបស់ពិភពលោក​។

អគារ​ដែល​អាមេរិក-អ៊ីស្រាអែលបំផ្លាញនៅអ៊ីរ៉ង់។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Carl Skau អនុ​ប្រធាន​ប្រតិបត្តិ​នៃកម្មវិធីស្បៀងអាហារ​ពិភពលោក​ ប្រាប់​អ្នកយកព័ត៌មាន​នៅទីក្រុងហ្សឺណែវ​ថា៖ « មនុស្ស​ចំនួន៤៥លាន​នាក់បន្ថែមទៀត បាន​ព្យាករថានឹង​ធ្លាក់ចូលទៅ​ក្នុងភាព​អត់ឃ្លានធ្ងន់ធ្ងរ​ដោយសារតែការកើន​ឡើង​នៃថ្លៃដើមអាហារ ប្រេង និង​ការដឹកជញ្ជូន ជំរុញ​ឱ្យ​ចំនួន​សរុប​ទូទាំងពិភពលោក​លើស​ពីកម្រិត​កំណត់​ត្រាបច្ចុប្បន្ន​ចំនួន ៣១៩លាន​នាក់»។

លោក​មាន​ប្រសាសន៍​ថា៖ « រឿងនេះ​​នឹង​ធ្វើ​ឱ្យ​កម្រិត​​ភាព​អត់​ឃ្លាន​​ទូ​ទាំង​ពិភពលោក​​ឡើង​​ដល់​កម្រិត​កំណត់ត្រា​​ថ្មី​បំផុត ហើយ​​វា​ជា​ការ​រំពឹង​ទុក​ដ៏​អាក្រក់​មួយ។ មុន​សង្គ្រាម​នេះ យើង​​​ជួប​ប្រទះ​​នឹង​ព្យុះ​​ដ៏​​អាក្រក់​​មួយ ដែល​​ភាព​អត់ឃ្លាន​មិន​ធ្លាប់​ធ្ងន់ធ្ងរ​ដូច​ពេល​នេះ​ទេ ទាំង​​ចំនួន និង​​ជម្រៅ​នៃ​ភាពអត់ឃ្លាន​»។

លោក Skau បន្ត​​ថា ថ្លៃ​​ដឹកជញ្ជូនបាន​កើនឡើង ១៨% ចាប់​​តាំង​​ពី​​ការ​​វាយ​ប្រហារ​របស់​​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​បាន​​ចាប់ផ្តើម​​នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ ហើយជំនួយ​​​​ខ្លះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទិសដៅ។

លោក​​បន្ថែម​ថា ថ្លៃ​​ចំណាយ​​កើត​ឡើង​​បន្ថែម​ទៀត ​​លើ​​ការ​កាត់​បន្ថយ​​ចំណាយ​យ៉ាង​ច្រើន​ដោយកម្មវិធីស្បៀងអាហារ​ពិភពលោក ខណៈ​​​អ្នក​​ផ្តល់​​ជំនួយ​ផ្តោត​​លើ​វិស័យ​​ការពារ​ជាតិ​​កាន់តែ​ខ្លាំង​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម