Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ បញ្ជា​ឲ្យ​ពង្រីកប្រតិបត្តិការ​យោធា​ចូលជ្រៅ​​​​នៅលីបង់​

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយ​នៅ​ថ្ងៃអាទិត្យទី២៩មីនាថា លោកបានបញ្ជាឲ្យយោធាពង្រីកប្រតិបត្តិការ​យោធា​​របស់ខ្លួនបន្ថែមទៀតនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីកងកម្លាំង​របស់​ក្រុម​​ហេសបូឡា។ នេះបើយោងតាម​​សេចក្តីរាយការណ៍​ពីភ្នាក់ងារ​​​​ព័ត៌មាន​ Reuters

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងពី​ទីបញ្ជាការភាគខាងជើង លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានគោលបំណងពង្រីកតំបន់​ទ្រនប់​ (buffer zone) ផ្នែក​​សន្តិសុខ​​ដែលមានស្រាប់ ដោយមានគោលដៅលុបបំបាត់ហានិភ័យនៃការឈ្លាន​ពាន និងរុញច្រានការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះឲ្យឆ្ងាយពីព្រំដែនអ៊ីស្រាអែល។

យ៉ាងណា ការិយាល័យរបស់លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ ហើយបញ្ហានេះមិនត្រូវបានពិភាក្សានៅក្នុងគណៈរដ្ឋមន្ត្រីសន្តិសុខនោះទេ។

ដោយឡែក កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងគ្រប់គ្រងស្ពានដែលនៅសល់ និងតំបន់សន្តិសុខដែលលាតសន្ធឹងដល់ទន្លេ Litani ដែលជាតំបន់មួយដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល។

ជម្លោះមួយនេះបានកើនឡើងបន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមបាញ់មីស៊ីលចូលទៅក្នុងទឹកដីអ៊ីស្រាអែលកាល​ថ្ងៃទី​២ខែ​​មីនា​ បន្ទាប់ពីការវាយប្រហារតាមអាកាសដោយអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមប្រភពព័ត៌មាន យុទ្ធជនហេសបូឡាជាង ៤០០​នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង។

ក្រសួងសុខាភិបាលលីបង់ បាន​និយាយថា ការវាយប្រហារតាមអាកាស និងប្រតិបត្តិការតាមផ្លូវ​គោក​របស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១១០០ នាក់ រួមទាំងស្ត្រី កុមារ និងបុគ្គលិកពេទ្យ។ ចំណែកឯភាគីយោធាអ៊ីស្រាអែលក៏បានបញ្ជាក់ផងដែរថា ទាហានរបស់ខ្លួន ៤នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅភាគខាងត្បូងប្រទេសលីបង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម