Connect with us

ព័ត៌មានអន្ដរជាតិ

របត់នយោបាយ​ប៊ុលហ្គារី អាចជំនួស​​ហុងគ្រី​ ក្នុងការ​ជំទាស់​​​​គម្រោង​​​នានា​គាំទ្រ​អ៊ុយក្រែន​

បានផុស

នៅ

សហភាពអឺរ៉ុបមានការ​ព្រួយ​បារម្ភ​​ថា មេដឹកនាំគណបក្សប៊ុលហ្គារី​ជឿនលឿន (Progressive Bulgaria) ដែលបានឈ្នះការបោះឆ្នោតសភា លោក Rumen Radev នឹងជំនួសនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែល​ទើប​ចាញ់ឆ្នោត​ ដោយក្លាយជាឧបសគ្គថ្មីមួយសម្រាប់​ជំទាស់​​​​​​​សំណើរ​អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអាល្លឺម៉ង់ Die Welt នៅថ្ងៃទី២៣មេសា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគរបស់សារព័ត៌មាន Die Welt បានឲ្យដឹងថា បន្ទាប់ពីលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានបាត់បង់ឥទ្ធិពល ឬផ្លាស់ប្តូរជំហរ (ក្រោយការ​ចាញ់​ឆ្នោតនៅហុងគ្រី) ឥឡូវនេះ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev កំពុងលេចធ្លោឡើងជាតួអង្គថ្មី ដែលអាចនឹងមកបន្តវេនក្នុងការរារាំង ឬប្រឆាំងនឹងការផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ នៅក្នុងសហភាពអឺរ៉ុប (EU)។

មិនតែប៉ុណ្ណោះ លោក Radev បានបង្ហាញជំហរផ្ទុយស្រឡះពីមេដឹកនាំអឺរ៉ុបភាគច្រើន ដោយលោកមិនត្រឹមតែប្រឆាំងនឹងការផ្ដល់អាវុធដល់​អ៊ុយក្រែន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអំពាវនាវឲ្យសហភាពអឺរ៉ុបពិចារណាឡើងវិញក្នុងការស្តារទំនាក់ទំនងជាមួយទីក្រុងមូស្គូ រួមទាំងតាមរយៈការបង្កើតការនាំចូលប្រេងរបស់រុស្ស៊ីផងដែរ។

ប្រសិនបើលោក Radev ក្លាយជានាយករដ្ឋមន្ត្រីប៊ុលហ្គារី ហើយអនុវត្តតាមកម្មវិធីបោះឆ្នោតរបស់លោក គាត់នឹងបញ្ចប់កិច្ចព្រមព្រៀងផ្គត់ផ្គង់ទាំងអស់ដល់អ៊ុយក្រែនដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសប៊ុលហ្គារីកាលពីខែមីនា។ ជំហរនេះនឹងនាំឲ្យប៊ុលហ្គារីក្លាយជាអ្នករារាំងជំនួយយោធាដល់អ៊ុយក្រែន នៅក្នុងកម្រិតសម្រេចចិត្តរបស់សហភាពអឺរ៉ុប។

គួរបញ្ចាក់ថា ការបោះឆ្នោតសភាមុនអាណត្តិនៅប៊ុលហ្គារី កាលពីថ្ងៃទី ១៩មេសា បានបញ្ចប់ទៅដោយលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល ដែលនឹងនាំមកនូវការផ្លាស់ប្តូរមុខមាត់ថ្មីនៃរដ្ឋាភិបាលប៊ុលហ្គារី។ ជាក់ស្ដែង គណបក្ស Progressive Bulgaria បានទទួលសម្លេងគាំទ្រយ៉ាងច្រើនលើសលប់រហូតដល់ ៤៤.៥៩៤% នៃសម្លេងឆ្នោតសរុប។ តាមរយៈតួលេខនេះ គណបក្សនេះត្រូវបានគេព្យាករណ៍ថានឹងទទួលបានអាសនៈច្រើនជាង ១៣០ អាសនៈ​ក្នុង​ចំណោម ២៤០ អាសនៈ​នៅ​ក្នុង​សភា ដែល​នឹង​អនុញ្ញាតឲ្យបង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ខ្លួន​ឯង ដោយមិនចាំបាច់ទៅចងសម្ព័ន្ធភាព ឬស្វែងរកការគាំទ្រពីគណបក្សផ្សេងៗទៀតឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម