Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិតស្រីចិន ដែលក្រុម Scam ចាប់​នៅថៃ មិនទាន់ត្រូវបានដោះលែង ទោះបង់ប្រាក់លោះ៣ម៉ឺនដុល្លារ

បានផុស

នៅ

វាជារឿងដ៏គួរ​ឲ្យ​ខ្លោចចិត្តបំផុតសម្រាប់គ្រួសារនិស្សិតស្រីម្នាក់មកពីខេត្តក្វាងទុង ប្រទេសចិន ដែលត្រូវក្រុមឧក្រិដ្ឋជនជួញដូរមនុស្សចាប់ខ្លួន បន្ទាប់ពីនាងបានចាញ់បោកពាក្យសម្ដីគេថា​ឲ្យ​មកដើរលេងបុណ្យចូលឆ្នាំ​នៅប្រទេសថៃ។

(រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាគ្រួសាររបស់នាងបានប្រឹងប្រែងរកលុយរហូតដល់ទៅ ៣​ម៉ឺនដុល្លារ ដើម្បីបង់ជាប្រាក់លោះតាមការទាមទាររបស់ក្រុមឆបោក​រួចរាល់ហើយក៏ដោយ ប៉ុន្តែមកទល់ពេលនេះ និស្សិតស្រីរូបនោះនៅតែមិនទាន់ត្រូវបានដោះលែងឲ្យ​មានសេរីភាពឡើងវិញនៅឡើយទេ។

គួរ​រំលឹក​ថា យោងតាម​សារព័ត៌មាន​ចិន Sin Chew Daily រឿងរ៉ាវដ៏រន្ធត់នេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១០ ខែមេសា នៅពេលដែលកញ្ញា ស៊ាវ យ៉ាង (Xiao Yang) ដែលជានិស្សិតឆ្នាំទី១ បានហោះហើរមកដល់ប្រទេសថៃក្នុងបំណងកម្សាន្តសប្បាយ។ ប៉ុន្តែជាអកុសល នាងមិនបានជួបមិត្តភក្តិដែលជាអ្នកណាត់ជួបនោះទេ បែរជាត្រូវជនប្លែកមុខនាំខ្លួនយកទៅបាត់ រួចបញ្ជូនបន្តទៅដល់តំបន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីលក់ទៅឲ្យ​ក្រុមខិលខូចដែលធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ក្រោយមក លុះឈាន​ដល់​ថ្ងៃទី​១៣ ខែមេសា ស្រាប់តែមានបុរសម្នាក់បានទាក់ទងមកឪពុករបស់នាង ដោយគំរាមទារប្រាក់ ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង បើមិនដូច្នោះទេ គេនឹងលក់នាងបន្ត ឬធ្វើបាបរាងកាយនាងជាមិនខាន។

ថ្វី​ដ្បិត​ឪពុករបស់នាង បានផ្ញើប្រាក់លោះជាប្រភេទលុយឌីជីថលទៅឲ្យ​តាមការព្រមព្រៀងភ្លាមៗក៏ដោយ ក៏ក្រុមឧក្រិដ្ឋជនទាំងនោះនៅតែមិនព្រមដោះលែងនាងតាមសន្យាឡើយ។ ពួកគេ បានព្យាយាមរកលេសផ្សេងៗមិន​ព្រម​ដោះលែង​ ដូចជា ការបិទផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំ​ថៃ និងបញ្ហានីតិវិធីផ្សេងៗ ដើម្បីបន្តឃុំខ្លួននាងទុកក្នុងកន្លែងអាថ៌កំបាំងមួយ។ បច្ចុប្បន្ន គ្រួសាររបស់នាងកំពុងរស់នៅក្នុងក្ដីបារម្ភជាខ្លាំង ខណៈដែលអាជ្ញាធរចិនបានចាប់ផ្ដើមបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកកន្លែងដែលនាងត្រូវបានគេឃុំខ្លួន និងព្យាយាមជួយសង្គ្រោះនាង​ឲ្យមានសុវត្ថិភាពឡើងវិញ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម