Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​និង​អូស្រ្តាលី​ រឹតចំណង​សន្តិសុខ​ថាមពល ខណៈ​មាន​វិបត្តិ​ប្រេង​សកល​​កាន់តែអាក្រក់​​

បានផុស

នៅ

ប្រទេស​ជប៉ុននិងអូស្ត្រាលី បាន​ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិ​ការក្នុងវិស័យជាច្រើន រួមទាំងសន្តិសុខ​ថាមពល ការពារជាតិ និងរ៉ែសំខាន់ៗ ខណៈសង្គ្រាមអ៊ីរ៉ង់​គំរាមកំហែង​ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក​។ នេះ​បើយោង​តាម​សារព័ត៌មាន ABC ចុះ​ផ្សាយ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦ ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ ​(Sanae Takaichi) ​ជួបជាមួយ​សមភាគី​អូស្ត្រាលី លោក អានថូនី អាល់បានីស (Anthony Albanese) នៅឯវិមាន​សភា​អូស្ត្រាលីកាលពីថ្ងៃចន្ទ ក្នុង​​ដំណើរ​ទស្សនកិច្ចលើក​ដំបូង​របស់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​មកកាន់​អូស្រ្តាលី​។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ និង លោក អានថូនីអាល់។ រូបភាព៖ JP.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ តាកាអ៊ិឈិ​ លើក​ឡើង​ថា​៖ « យើង​បានពិភាក្សា​ជា​យុទ្ធសាស្ត្រ​លើប្រទេសចិន អាស៊ីអាគ្នេយ៍ បណ្តាប្រទេសនៅ​កោះ​ប៉ា​ស៊ីហ្វិក បញ្ហានុយក្លេអ៊ែរ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​​ពីកូរ៉េខាងជើង»។

លោក​ស្រី​ លើក​ឡើង​ថា​៖ « ការបិទច្រកសមុទ្រហ័រ​មូស​ទាំង​ស្រុង​ ​បង្កផលប៉ះពាល់យ៉ាង​ខ្លាំង​ទៅលើតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​។ យើងក៏​បាន​បញ្ជាក់ថា ប្រទេសជប៉ុន និងអូស្ត្រាលីនឹង​ទំនាក់​ទំនងគ្នាយ៉ាងជិតស្និទ្ធក្នុង​ការឆ្លើយតបពី​តម្រូវ​ការ​​បន្ទាន់»។

គួរ​បញ្ជាក់​ថា អូស្ត្រាលីផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ​ស្ទើរ​តែពាក់​កណ្តាល​ដល់​ប្រទេសជប៉ុន។

លោក អានថូនី និយាយថា កិច្ចព្រមព្រៀងទ្វេភាគីដែល​សម្រេច​បាននៅថ្ងៃចន្ទនឹងផ្តល់អត្ថប្រយោជន៍ដល់​ប្រជាជនជប៉ុននិងអូស្ត្រាលី។

លោកបន្ថែម​ថា៖ « សម្រាប់ប្រជាជនអូស្ត្រាលី វានឹង​មានន័យថា យើង​មិនសូវងាយរងគ្រោះដោយសារផលប៉ះពាល់​សកល ​ដូចដែលយើង​កំពុងឃើញពេលនេះ ព្រោះ​តែជម្លោះនៅមជ្ឈិមបូព៌ាទេ»។

លោកបន្ត​ថា៖ « សេចក្តីថ្លែងការណ៍​រួមរបស់យើង​ស្តីពីសន្តិសុខ​ថាមពល បញ្ជាក់​ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង​ក្នុងការរុករក ​ថាមពល​បច្ចុប្បន្នរួមគ្នា ​រក្សាលំហូរពាណិជ្ជកម្មបើក​ចំហ​នៃទំនិញ​ថាមពលសំខាន់ៗ រួមទាំងឥន្ធនៈរាវ និងឧស្ម័នផង​ដែរ​»។

គួរ​បញ្ជាក់​ថា អូស្ត្រាលីនឹង​ផ្តល់ជំនួយរហូតដល់ ៩៣០លានដុល្លារ ដើម្បី​គាំ​ទ្រ​ដល់គម្រោងរ៉ែសំខាន់ៗ​​សហការ​ជាមួយ​ប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ក៏បានប្រកាសពី​ជំហានថ្មីៗ​ ដើម្បីបង្កើន​កិច្ច​សហប្រតិបត្តិការការពារជាតិ សន្តិសុខរវាង​ជប៉ុននិងអូស្ត្រាលីផងដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម