ព័ត៌មានអន្ដរជាតិ
ស្ថាបនិកនៃសារព័ត៌មាន CNN និងមូលនិធិ UN លោក Ted Turner ស្លាប់ក្នុងវ័យ៨៧ឆ្នាំ
ជាអ្នកតស៊ូមតិផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងជាសប្បុរសជន បានបង្កើតបណ្តាញសារព័ត៌មានខ្សែកាប (CNN) ដែលផ្តល់ ព័ត៌មាន ២៤ម៉ោងឈានមុខគេ និងធ្វើឱ្យសារព័ត៌មានទូរទស្សន៍មានភាពរស់វើកនៅសហរដ្ឋអាមេរិក បុរសម្នាក់នោះ គឺ លោក Ted Turner ដែលទទួលមរណភាពនៅថ្ងៃពុធ ក្នុងវ័យ ៨៧ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុនសហគ្រាសរបស់លោក ឈ្មោះថា «Turner Enterprises» ។
យោងតាមសារព័ត៌មាន CNN ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អ្នកជំនួញផ្នែកទូរទស្សន៍ Atlanta កើតនៅរដ្ឋ Ohio រូបនេះ មានរហស្សនាមថា «អ្នកវោហារនៃភាគខាងត្បូង» ដោយសារតែចរិតនិយាយត្រង់ៗរបស់លោក បានបង្កើតអាណាចក្រប្រព័ន្ធផ្សព្វផ្សាយមួយ រួមបញ្ចូលស្ថានីយ៍ខ្សែកាបដំបូងគេ ប៉ុស្តិ៍ពេញនិយមសម្រាប់ភាពយន្ត គំនូរជីវចល បូករួមទាំងក្រុមកីឡាអាជីពដូចជា Atlanta Braves ផងដែរ។

លោក Turner ក៏ជាអ្នកបើកទូកក្ដោងដ៏ល្បីល្បាញលើពិភពលោកផងដែរ ជាអ្នកសប្បុរសជនដែលបានបង្កើតមូលនិធិអង្គការសហប្រជាជាតិ (UN) ជាអ្នកសកម្មជនដែលស្វែងរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទូទាំងពិភពលោកនិងជាអ្នកអភិរក្សម្នាក់នៅសហរដ្ឋអាមេរិក។
បុរសរូបនេះ ថែមទាំងបានបង្កើតរូបតុក្កតា Captain Planet ដើម្បីអប់រំកុមារអំពីបរិស្ថានទៀតផង។
សមិទ្ធផលទាំងអស់នោះ គឺជាចក្ខុវិស័យដ៏ក្លាហានរបស់លោកក្នុងការផ្តល់ព័ត៌មានពីជុំវិញពិភពលោកក្នុងពេលវេលាជាក់ស្តែង និងគ្រប់ពេលផងដែរ។
នៅឆ្នាំ ១៩៩១ លោក Turner ត្រូវបានទស្សនាវដ្តី Time បានផ្តល់កិត្តិយសដាក់ឈ្មោះជាបុរសប្រចាំឆ្នាំ (Man of The Year) សម្រាប់ឥទ្ធិពលលើសក្ដានុពលនៃព្រឹត្តិការណ៍នានា និងធ្វើឱ្យអ្នកទស្សនាក្នុង ១៥០ប្រទេសក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រភ្លាមៗ។
ជុំវិញមរណភាពដែលចាត់ទុកជាការបាត់បង់ដ៏ធំមួយនេះ លោក Mark Thompson ប្រធាន និងជានាយកប្រតិបត្តិនៃសារព័ត៌មាន CNN Worldwide លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ « លោក Turner គឺជាអ្នកដឹកនាំដែលមានការចូលរួមយ៉ាងខ្លាំង ប្តេជ្ញាចិត្ត មានភាពក្លាហាន មិនភ័យខ្លាច តែងតែមានឆន្ទៈគាំទ្រក្រុម និងមានភាពជឿជាក់។ គាត់គឺជាមនុស្សម្នាក់ដែលមានស្មារតីដឹកនាំ CNN »។
ចំណែក លោក Wolf Blitzer អ្នកសារព័ត៌មាននៅ CNN លើកឡើងថា៖ « លោក Turner ប្រៀបដូចជារឿងព្រេងនិទានអ៊ីចឹង គាត់បានធ្វើបដិវត្តន៍អាជីវកម្មទូរទស្សន៍ដោយបង្កើតប៉ុស្តិ៍ព័ត៌មាន ២៤ម៉ោងដំបូងគេនៅទីនេះ[CNN]។ យើងទាំងអស់គ្នា នៅទីនេះធ្វើបែបនេះបានដោយសារតែ Ted »។
ដោយឡែក លោកស្រី Christiane Amanpour ជានិពន្ធនាយកអន្តរជាតិនៅ CNN ថា៖ «គាត់គឺជាមនុស្សអស្ចារ្យ! គាត់ធ្វើឱ្យយើងទាំងអស់គ្នាមានមោទនភាព មានសង្ឃឹម ហើយគាត់ធ្វើឱ្យយើងទាំងអស់គ្នាខិតខំដល់សព្វថ្ងៃ ដើម្បីចក្ខុវិស័យមួយធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង»។
យ៉ាងណា ជាងមួយខែមុនថ្ងៃខួបកំណើតគម្រប់ ៨០ឆ្នាំ ក្នុងឆ្នាំ២០១៨ លោក Turner បង្ហាញថាគាត់មានជំងឺភ្លេចភ្លាំង Lewy ឬជំងឺវិវឌ្ឍន៍ខួរក្បាល (មនុស្សមានវ័យចំណាស់)។
ថ្វីដ្បិតតែ លោក Turner លាចាកលោកក៏ដោយ បុរសរូបនេះបានបន្សល់ទុកកូន ៥នាក់ ចៅ ១៤នាក់ និងចៅទួត២នាក់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


