Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន ទំនង​ធ្វើជា​​ម្ចាស់ផ្ទះម្ដងទៀត សម្រាប់​ជំនួប​អាមេរិក និងអ៊ីរ៉ង់ នៅ​សប្ដាហ៍​ក្រោយ

បានផុស

នៅ

ក្តីសង្ឃឹម ក្នុងការរំងាប់កម្ដៅនយោបាយ នៅតំបន់មជ្ឈិមបូព៌ា ហាក់​មាន​ពន្លឺ​ឡើងវិញ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រទេសប៉ាគីស្ថាន ទំនង​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពជុំទីពីរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦ សារព័ត៌មាន Bloom Pakistan បាន​ឲ្យ​ដឹង​ថា ការជំរុញផ្នែកការទូតជាថ្មីនេះ កើតឡើង ចំពេលដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ដោយរំពឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ អាចនឹងឈានដល់ការយោគយល់គ្នាជាបឋម មុនពេលដែល​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពាក់កណ្ដាលខែឧសភា នេះ។

បើតាមប្រភពពីមន្ត្រីការទូត និងសារព័ត៌មានក្នុងតំបន់ បញ្ហា​ដែលធ្លាប់តែតានតឹងរវាងប្រទេសទាំងពីរ ប្រមាណជា ៨៥ភាគរយ ត្រូវបានដោះស្រាយរួចរាល់ហើយ ប៉ុន្តែឧបសគ្គធំបំផុតដែលនៅសេសសល់ គឺរឿងចម្រូងចម្រាសជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកជំនាញផ្នែកការទូត កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យ​ភាគីទាំងពីរបន្តការពិភាក្សាគ្នា សំដៅកាត់បន្ថយភាពតានតឹង និងបង្ការកុំឲ្យ​មានការផ្ទុះសង្រ្គាមកាន់តែរីកធំឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលអាចប៉ះពាល់ដល់សន្តិសុខសកលលោក។

រដ្ឋាភិបាលប៉ាគីស្ថាន បាននិងកំពុងដើរតួនាទីយ៉ាងសកម្មជាអ្នកសម្របសម្រួលសន្តិភាព ដោយព្យាយាមប្រើប្រាស់ទំនាក់ទំនងការទូតរបស់ខ្លួន ដើម្បីជួយដោះស្រាយជម្លោះអន្តរជាតិ។ មន្ត្រីនៅទីក្រុងអ៊ីស្លាម៉ាបាដ បានបង្ហាញក្ដីសុទិដ្ឋិនិយមថា ភាគីទាំងពីរ នឹងយល់ព្រមត្រឡប់មកតុចរចាជាផ្លូវការវិញ ក្នុងពេលឆាប់ៗ។ ប្រសិនបើកិច្ចចរចានៅប៉ាគីស្ថានលើកនេះទទួលបានជោគជ័យ វាមិនត្រឹមតែជួយឲ្យ​ទីផ្សារថាមពលពិភពលោកមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសមិទ្ធផលការទូតដ៏ធំធេងមួយសម្រាប់ប៉ាគីស្ថាន ក្នុងនាមជាអ្នកនាំសារសន្តិភាពផងដែរ។

កន្លងមក ការចរចាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ តែងតែជាប់គាំងលើរឿងការដោះលែងអ្នកទោស និងការដកទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសគឺការខ្វែងគំនិតគ្នាលើកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ យ៉ាងណាមិញ កិច្ចជំនួប ដែលត្រៀមនឹងធ្វើឡើងនៅប៉ាគីស្ថាន នាពេលខាងមុខ ត្រូវបានគេមើលឃើញថា ជាឱកាសមាសសម្រាប់ប្រទេសទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម