ព័ត៌មានអន្ដរជាតិ
ថៃ ៖ ធរណីស្រូបម្ចាស់ចម្ការទុរេន ខណៈអង្គុយមើលក្រុមជាងខួងអណ្ដូង
ប្រទេសថៃ ៖ បុរសវ័យចំណាស់ម្នាក់ ដែលជាម្ចាស់ចម្ការទុរេន នៅខេត្តសុរ៉ាតថានី ប្រទេសថៃ ត្រូវបានធរណីស្រូបបាត់ស្រមោល បើទោះបីជាអភិបាលខេត្តបញ្ជាឲ្យដាក់ម៉ាស៊ីនភ្លើងបំភ្លឺ និងគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីកាយរុករកសព ក៏មិនទាន់ប្រទះឃើញនៅឡើយ។

យោងតាមការផ្សាយពីកាសែតថៃរ៉ាត់ បានបញ្ជាក់ថា កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចក្នុងចម្ការទុរេនមួយកន្លែង ក្នុងស្រុកបាណាសាន ខេត្តសុរ៉ាតថានី មានករណីព្រះធរណីស្រូបម្ចាស់ចម្ការទុរេនម្នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងតំបន់នោះ។

ព័ត៌មានបានបន្តថា នៅមុនពេលកើតហេតុ ម្ចាស់ចម្ការដែលមានឈ្មោះ សុឆាត ស៊ីក្រៃឆ័យ បានជួលក្រុមជាងមួយក្រុម ឲ្យមកខួងអណ្ដូងនៅក្បែរចម្ការ ដើម្បីទាញយកទឹកមកប្រើប្រាស់ស្រោចផលដំណាំ ពិសេសគឺទុកសម្រាប់ស្រោចដើមទុរេន។

លោក គិត តិភុង មេជាងខួងអណ្តូង និងជាសាក្សីដ៏សំខាន់ម្នាក់ បានរៀបរាប់ថា ខណៈក្រុមការងាររបស់លោកកំពុងបញ្ជាម៉ាស៊ីនដើម្បីខួងអណ្ដូង លោកតាម្ចាស់ចម្ការក៏បានអង្គុយមើលនៅទីនោះដែរ គឺចម្ងាយប្រហែល ១០ ម៉ែត្រ ពីម៉ាស៊ីនខួង។

សាក្សីបានបន្តថា ស្របពេលម៉ាស៊ីនកំពុងខួងបានជម្រៅប្រហែលជាង ១០ ម៉ែត្រ ក៏ស្រាប់តែដីកន្លែងលោកតាអង្គុយបានស្រុតចុះក្រោមយ៉ាងធំ ទាញយកទាំងរាងកាយលោកតាទៅជាមួយដែរ ដែលមាត់រណ្ដៅប្រហែល ១០ ម៉ែត្រ និងជម្រៅប្រហែលជាង ៤ ម៉ែត្រ។ នៅពេលនោះខ្លួនមិនហ៊ានចូលទៅជួយទេ ព្រោះខ្លាចគ្រោះថ្នាក់ទាំងខ្លួនឯង ទើបរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរ ឲ្យមកជួយអន្តរាគមន៍។ ពេលនោះដែរ ខាងអាជ្ញាធរខេត្តសុរ៉ាតថានី បានបញ្ជាឲ្យដាក់ម៉ាស៊ីនភ្លើង ដើម្បីបំភ្លឺនៅកន្លែងកើតហេតុ និងដាក់គ្រឿងចក្រជាច្រើនគ្រឿង កាយរុករកសពដែលបានបាត់ក្នុងដី។ ចំណែកក្រុមគ្រួសារ និងសាច់ញាតិ បាននិមន្តព្រះសង្ឃមកជួយសូត្របន្ត និងដុតធូបទៀន សុំខមាទោសពីម្ចាស់ទឹក ម្ចាស់ដី ដោយសុំឲ្យបង្ហាញសព ធ្វើយ៉ាងណាឲ្យរកឃើញ ដើម្បីរៀបចំធ្វើបុណ្យ ប៉ុន្តែអ្វីៗ ត្រូវខកទាំងអស់ ដោយសារតែការរុករករហូតដល់ម៉ោង ១០ យប់ទៅហើយ នៅតែមិនទាន់ប្រទះ។ ទោះបីជាយ៉ាងនេះក្តី ក៏ក្រុមការងារនៅតែបន្តដោយមិនសម្រាកនោះឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


