Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលលោក គីម ជុងអ៊ុន កាត់ទោសក្មេង ២ នាក់ដាក់ពន្ធនាគារ ១២ ឆ្នាំ ព្រោះមើលរឿងភាគកូរ៉េខាងត្បូង

បានផុស

នៅ

វីដេអូលេចធ្លាយមួយដែលទទួលបានដោយវិទ្យាស្ថាន South and North Development Institute (SAND) ដែលជាអង្គការស្រាវជ្រាវធ្វើការជាមួយអ្នកលួចរត់ចេញពីប្រទេសកូរ៉េខាងជើង បានបង្ហាញនូវក្មេងប្រុសជំទង់ពីរនាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១២ ឆ្នាំ ក្រោយពួកគេទស្សនារឿងភាគកូរ៉េខាងត្បូង។

យោងតាមប្រភពពីសារព័ត៌មាន allkpop បានបង្ហោះពីខ្សែ​វីដេអូ​មួយនិងបញ្ចាក់ថា ឃ្លិបនេះផ្ដើមថត​នៅ​ឆ្នាំ ២០២២ នៅ​កន្លែង​ Amphitheater នៅសួនច្បារ Pyeongyang Youth ។ វា​បង្ហាញ​ពី​មន្ត្រី​ប៉ូលិស​វាយ​ខ្នោះ​ក្មេងប្រុស​អាយុ ១៦ ឆ្នាំ​ពីរ​នាក់ ខណៈ​សិស្ស​រាប់រយ​នាក់​មើល​ពី​កន្លែង​អង្គុយ​។

មនុស្សម្នាក់ដែលស្ថិតក្នុងព្រឹត្តិការណ៍នៃឃ្លិបបាននិយាយថា “Lee XX និង Moon XX បានទស្សនា និងចែកចាយខ្សែភាពយន្ត រឿងភាគទូរទស្សន៍ និងវីដេអូចម្រៀងចំនួន ២០ ដែលមានប្រភពមកពីភាគខាងត្បូង ពួកគេត្រូវកាត់ទោសឲ្យជាប់គុក ១២ ឆ្នាំ ដើម្បីទទួលការអប់រំ” ។

មនុស្សដដែលនោះ បាននិយាយបន្តទៀតថា “វប្បធម៌ពុករលួយ និងអនាធិបតេយ្យបានសាយភាយដល់សិស្សសាលា សូម្បីតែក្មេងជំនាន់ថ្មី ក្លាយជាជនរងគ្រោះនៃការលះបង់នៃវប្បធម៌មិនល្អ។ ពួកគេទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះនៅដើមជីវិតរបស់ពួកគេ តែបែរជាត្រូវល្បួងដោយវប្បធម៌បរទេស ហើយ​ដោយ​គ្មាន​ការ​ពិចារណាល្អិតល្អន់ ទីបំផុត​ពួកគេ​បាន​បំផ្លាញ​អនាគត​របស់​ពួកគេ​”។

ទោះយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់ក្មេងប្រុសទាំងពីរត្រូវគេរាយការណ៍ថា រដ្ឋបាលលោក គីម ជុងអ៊ុន បានបណ្តេញចេញពីទីក្រុងព្យុងយ៉ាងរួចរាល់ហើយ។ ស្របពេលដែលកាលពីពេលថ្មីៗ​នេះ កូរ៉េ​ខាង​ជើង​បាន​ព្យាយាម​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​បទ​ល្មើស​ទាក់​ទង​នឹង​ខ្លឹមសារ​កូរ៉េ​ខាង​ត្បូង។ ​កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលកូរ៉េខាងជើងបានអនុម័តច្បាប់ប្រឆាំងការគិតប្រតិកម្ម ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ សម្រាប់អ្នកមើលមាតិកាកូរ៉េខាងត្បូង៕

សូម​ទស្សនា​វីដេអូ​លេច​ធ្លាយ​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បញ្ហាពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួនទៅកូរ៉េខាងត្បូង ធ្វើឱ្យលោក គីម ជុងអ៊ុន ខឹងកាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម