ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលនៅថៃ អាចបណ្តាលឲ្យមានជំងឺពុកឆ្អឹង
ស្របពេលដែលវិបត្តិខ្យល់ពុលនៅប្រទេសថៃ ហាក់មិនមើលឃើញសញ្ញាថមថយនោះ ស្រាប់តែក្រុមអ្នកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Mahidol ចេញមកព្រមានថា កំហាប់ភាគល្អិត PM2.5 អាចបណ្តាលឲ្យមនុស្សពុកឆ្អឹង។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២ខែកុម្ភៈ។

ក្រុមអ្នកវិទ្យាសាស្រ្ត នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិកាល់ស្យូមនិងឆ្អឹង (COCAB) នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ ក្នុងសាកលវិទ្យាល័យ Mahidol បានធ្វើការសិក្សាជាមួយសត្វកណ្តុរដែលមានកំហាប់ភាគល្អិត PM2.5 នៅក្នុងខ្លួន ហើយរកឃើញថា សត្វទាំងនោះ មានបញ្ហារលាកឆ្អឹង។
ក្រុមស្រាវជ្រាវបានសន្មតថា ការវិវត្តនៃជំងឺឆ្អឹង អាចបណ្តាលមកពីការរលាក ដោយសារតែកោសិការបស់ប្រព័ន្ធភាពស៊ាំ ត្រូវធ្វើការដើម្បីទប់ទល់នឹង PM2.5 ដែលចូលដល់សួត និងសរីរាង្គផ្សេងទៀតក្នុងរាងកាយរបស់សត្វកណ្តុរ ដល់យូរៗទៅ វាបង្កទៅជាពុកឆ្អឹងតែម្តង។

ក្រៅពីពុកឆ្អឹង, PM2.5 ក៏អាចបណ្តាលឲ្យជំងឺរ៉ាំរ៉ៃផ្សេងទៀត ដូចជាជំងឺសួត និងមេតាប៉ូលីស កាន់តែធ្ងន់ធ្ងរផងដែរ ព្រោះវាផ្ទុកនូវភាគល្អិត និងសារធាតុគីមីជាច្រើនប្រភេទ។
សូមបញ្ជាក់ថា ថ្មីៗនេះ ទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់ IQAir បានបង្ហាញថា ថៃ ជាប់លេខ២០ ក្នុងចំណោមប្រទេសមានកម្រិតខ្យល់ពុល គ្រោះថ្នាក់បំផុតលើពិភពលោក។

តាមទិន្នន័យ កំហាប់ភាគល្អិត PM2.5 នៅទីក្រុងបាងកក បានឈានដល់ ១៣២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំណែកនៅ ឈៀងម៉ៃ វិញ PM2.5 បានលោតដល់ ១៦៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប រីឯ ខនកេន ឡើងដល់ ១៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប គិតត្រឹមថ្ងៃអង្គារទី៣០ខែមករា។
ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះហើយ ទើបរាជរដ្ឋាភិបាលថៃ ចាត់វិធានការដើម្បីដោះស្រាយស្ថានការណ៍ ដែលវិធានការទាំងនោះមានដូចជា៖ ហាមឃាត់ការដុតកាកសំណល់កសិកម្ម បង្ក្រាបការកាប់ឈើខុសច្បាប់ និងលើកទឹកចិត្តឲ្យប្រជាជន ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងរថយន្តអគ្គិសនី។
លើសពីនេះ ថៃ បានចេញសារដាស់តឿនសុខភាពដល់ប្រជាជនដែលរស់នៅតាមតំបន់មានខ្យល់ពុលកម្រិតខ្ពស់ ដោយណែនាំពួកគេឲ្យចៀសវាងធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ជាពិសេសចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ត្រូវពាក់ម៉ាសពេលចេញទៅក្រៅ បិទបង្អួចផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់តាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជាប់ក្នុងចំណោមប្រទេស មានខ្យល់ពុល គ្រោះថ្នាក់បំផុត លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


