ព័ត៌មានអន្ដរជាតិ
អាមេរិក ដឹកគ្រឿងសឹកមកអូស្រ្តាលីរួចហើយ ត្រៀមធ្វើសង្គ្រាមជាមួយ ចិន
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈថា សហរដ្ឋអាមេរិកបានប្រើប្រាស់សមយុទ្ធរួមគ្នាធំបំផុតមិនធ្លាប់មានកាលពីឆ្នាំមុនជាមួយអូស្ត្រាលី ដើម្បីបង្កើតឃ្លាំងស្តុកសព្វាវុធថ្មីៗនៅក្នុងប្រទេសនោះ ត្រៀមសម្រាប់ជម្លោះជាមួយចិន លើបញ្ហាកោះតៃវ៉ាន់ ហើយគ្រឿងសឹកសង្គ្រាម ក៏ត្រូវបានបញ្ជូនទៅទុករួចហើយដែរ ក្នុងអំឡុងសមយុទ្ធ Talisman Saber កាលពីខែកក្កដា និងសីហា ឆ្នាំ២០២៣។

សមយុទ្ធនេះធ្វើឡើងនៅក្នុងនិងជុំវិញប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីទាហានជាង ៣៤០០០នាក់ មកពីប្រទេសចំនួន ១៣ ហើយផ្តោតជាពិសេសលើការត្រៀមលក្ខណៈប្រយុទ្ធ និងផ្នែកព័ស្តុភារ។
មន្ត្រីអាមេរិកដែលផ្តល់បទសម្ភាសជាមួយ Reuters បានឲ្យដឹងថា គ្រឿងសឹកដែលដឹកមកធ្វើសមយុទ្ធនេះ ក៏រួមមានទាំងរថយន្តនិងយានសណ្តោងចំនួន៣៣០គ្រឿង និងកុងតឺន័រ១៣០ ផងដែរដែលរក្សាទុកនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី។ ក្នុងករណីមានជម្លោះ របស់ទាំងនេះអាចបំពេញការងារបានស្មើនឹងក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ហើយម៉្យាងទៀត ឧបករណ៍នេះអាចប្រើប្រាស់ក្នុងអំឡុងពេលសមយុទ្ធនាពេលអនាគត ឬដើម្បីដោះស្រាយជាមួយគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមាន។

មានមន្ត្រីជាច្រើនប្រាប់ទៅ Reuters ថា ចំណុចខ្សោយរបស់អាមេរិកក្នុងករណីផ្ទុះសង្គ្រាមនៅតែវ៉ាន់ គឺជាបញ្ហាព័ស្តុភារនេះឯង។ បើសង្គ្រាមកើតឡើងមែន ចិន អាចទម្លាក់គ្រាប់បែកលើនាវាដឹកប្រេង ឬឃ្លាំងប្រេង ហើយយុទ្ធសាស្រ្តបែបនេះ ចិន អាចមានប្រៀបលើអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក មិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍នេះទេ ប៉ុន្តែបានប្រាប់ Reuters ថា ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការពង្រឹងទំនាក់ទំនងយោធាជាមួយទីក្រុងតៃប៉ិ និងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ទៅ។

កាលពីសប្តាហ៍មុន កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាចម្បាំង USS John Finn ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងផងដែរ ក្រោយដែនកោះមួយនេះបោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី។
កងទ័ពជើងទឹកអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើដំណើររបស់នាវាពិឃាដ USS John Finn ឆ្លងកាត់ច្រករបៀងក្នុងសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់ប្រជាជាតិ ហើយគ្មានសមាជិកអន្តរជាតិណាមួយត្រូវបានគំរាមសម្លុត ឬប្រើអំណាចបង្ក្រាបឲ្យបោះបង់ចោលសិទ្ធិ និងសេរីភាពរបស់ពួកគេឡើយ”។

សូមជម្រាបថា ភាពប្រេះឆារវាងអាមេរិកនិងចិន លើបញ្ហាកោះតៃវ៉ាន់ កាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដោយការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាដំណើរទស្សនកិច្ចរបស់សមាជិកសភាជាន់ខ្ពស់អាមេរិក ទៅកាន់កោះនេះ។
ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីអធិបតេយ្យរបស់ខ្លួន ហើយថ្កោលទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតៃប៉ិ ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខណៈលោកប្រធានាធិបតី ស៊ី ជីនពីង សង្កត់ធ្ងន់ថា ប្រទេសចិន កំពុងព្យាយាមបង្រួបបង្រួមកោះនេះដោយសន្តិវិធី ប៉ុន្តែមិនច្រានចោលការប្រើប្រាស់កម្លាំងបាយឡើយ ដើម្បីសម្រេចគោលដៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ក្ដៅស្លឹកត្រចៀក ក្រោយ អាមេរិក បើកនាវាចម្បាំងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ក្រោយបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


