Connect with us

ព័ត៌មានអន្ដរជាតិ

ណាសា សុំឲ្យ រុស្ស៊ីនិងអាមេរិក កុំឈ្លោះគ្នា ក្នុងលំហអវកាស

បានផុស

នៅ

ពាក់ព័ន្ធរឿងរ៉ាវសង្ស័យរុស្ស៊ីកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរក្នុងលំហ អ្នកគ្រប់គ្រងអង្គការ ណាសា លោក Bill Nelson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈថា សហរដ្ឋអាមេរិកសង្ឃឹមថា កិច្ចសហប្រតិបត្តិការអវកាសជាមួយទីក្រុងមូស្គូនឹងបន្ត ហើយកុំឈ្លោះគ្នានៅទីនោះអី។

លោក Bill Nelson (រូបថត៖ ណាសា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nelson ​ប្រាប់ទៅ CNN ថា “យើង​បាន​សាងសង់​ស្ថានីយ​អវកាស​ជាមួយ​គ្នា។ យើងដំណើរការវាជាមួយគ្នា ហើយយើងចង់ឲ្យវាបន្តទៅមុខ។ យើង​មិន​ចង់​បាន​ជម្លោះនិងបញ្ហា​អ្វី​ ក្រៅ​តែពី​សន្តិភាព​ដើម្បី​ចូល​ទៅ​ក្នុង​ផ្លូវ​នោះ​ទេ។

តាមការបញ្ជាក់ពីមន្ត្រីអាមេរិក, ប្រទេសរុស្ស៊ី​ កំពុង​ផលិតអាវុធ​នុយក្លេអ៊ែរ​បាញ់ទៅ​លំហ​ ដើម្បី​ប្រឆាំងគោលដៅ​ផ្កាយរណប​របស់​ខ្លួន ដែលរឿងនេះពិតជា​បង្កឲ្យ​មានក្តីបារម្ភ​ផ្នែក​សន្តិសុខខ្លាំងមែនទែន នៅ​ក្នុងទី​ក្រុង​វ៉ាស៊ីនតោន។

(រូបថត៖ EPA)

យ៉ាងណា សារព័ត៌មាន NBC News អះអាងថា អាវុធនេះមិនទាន់រួចរាល់ទេ ប៉ុន្តែវាអាចធ្វើឲ្យបណ្តាញផ្កាយរណបដ៏សំខាន់របស់សហរដ្ឋអាមេរិក ស្ថិតក្នុងគ្រោះថ្នាក់ ហើយជំរុញឲ្យប្រធានគណកម្មាធិការស៊ើបការណ៍សម្ងាត់សភាអាមេរិក អំពាវនាវដល់លោកប្រធានាធិបតី Joe Biden ឲ្យគិតគូរចំពោះព័ត៌មានដែលគំរាមកំហែងសន្តិសុខជាតិដ៏ធ្ងន់ធ្ងរនេះ។

ជាច្រើនលើកច្រើនសារមកហើយ រុស្ស៊ី បានព្រមានប្រឆាំងនឹងការប្រកួតប្រជែងសព្វាវុធនៅក្នុងលំហ និងអះអាងថា ការប្រើប្រាស់របស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ហើយបើយោងតាមការបញ្ជាក់ពី ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, ទីក្រុងមូស្គូតែងតែប្រឆាំងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហជានិច្ច។

(រូបថត៖ WE News)

ទន្ទឹមនោះ ក្រសួងការបរទេសរុស្ស៊ីក៏ប្រកាសដែរថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងចាត់វិធានការដើម្បីដាក់អាវុធនៅក្នុងលំហ និងប្រើប្រាស់ទីអវកាសខាងក្រៅសម្រាប់ប្រតិបត្តិការប្រយុទ្ធ មិនត្រឹមតែសម្រាប់គោលបំណងការពារប៉ុណ្ណោះទេ។ ប្រទេសលោកខាងលិចបន្តចាត់ទុកលំហអាកាសជាសង្វៀនថ្មីនៃការប្រជែងគ្នា និងជម្លោះរវាងប្រទេសដែលរុស្ស៊ី និងចិនត្រូវបានគេកំណត់ថាជាគូប្រជែងដ៏សំខាន់។

សូមបញ្ជាក់ថា អាមេរិក រុស្ស៊ី និងចិន សុទ្ធជាប្រទេសមានសមត្ថភាពវាយប្រហារផ្កាយរណបជុំវិញពិភពលោក ប៉ុន្តែតាមទ្រឹស្តី ពួកគេមិនអាចប្រើអាវុធនុយក្លេអ៊ែរនៅទីនោះបានឡើយ។ ប្រទេសទាំង៣ គឺហត្ថលេខីនៃសន្ធិសញ្ញាអវកាសខាងក្រៅឆ្នាំ១៩៦៧ ដែលហាមឃាត់ប្រទេសណាមួយពីការបញ្ជូនវត្ថុមានផ្ទុកអាវុធនុយក្លេអ៊ែរឬប្រភេទអាវុធប្រល័យលោក ចូលទៅក្នុងគន្លងអវកាស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក កំពុងភ័យរឿង រុស្ស៊ី ផលិតអាវុធ​នុយក្លេអ៊ែរ​ បាញ់កម្ទេចផ្កាយរណបរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម