ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍ធំៗ កើតឡើងក្នុងឆ្នាំទី២ នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន
ថ្ងៃសៅរ៍ទី២៤ខែកុម្ភៈឆ្នាំ២០២៤ គឺជាខួប២ឆ្នាំនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយជម្លោះរវាងភាគីទាំងពីរ មិនបង្ហាញសញ្ញានៃការធូរស្រាលឡើយ។

សម្រាប់ឆ្នាំទី២ មានព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើងក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន ហើយថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូននូវព្រឹត្តិការណ៍សំខាន់ចំនួន ដែលកើតឡើងអំឡុងពេលនោះ។
ខែមករាឆ្នាំ២០២៣៖ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ ប្រកាសផ្តល់រថក្រោះឲ្យអ៊ុយក្រែន
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រកាសពីការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ទៅឲ្យអ៊ុយក្រែន ក្រោយរងសម្ពាធពីអង្គការណាតូ ដឹកនាំដោយប្រទេសប៉ូឡូញ។ អាមេរិកក៏បានប្រកាសផ្គត់ផ្គង់រថក្រោះ Abrams ដល់អ៊ុយក្រែនដែរ ប៉ុន្តែការដឹកជញ្ជូនប្រហែលជាមិនទាន់កើតឡើងទេ រហូតដល់រដូវផ្ការីកឯណោះ ដោយសារតែយោធាអ៊ុយក្រែនមិនទាន់ចេះប្រើរថក្រោះធុននេះ។

ខែកុម្ភៈឆ្នាំ២០២៣៖ លោក ចូ បៃដិន ធ្វើទស្សនកិច្ចទីក្រុង កៀវ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើដំណើរយ៉ាងភ្ញាក់ផ្អើលទៅកាន់ទីក្រុង កៀវ មុនខួបមួយឆ្នាំ នៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ។ នោះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកមួយរូបទៅអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីកាត់យកឧបទ្វីបគ្រីមៀចូលជាឧបសម្ព័ន្ធនៅក្នុងឆ្នាំ២០១៤ និងអន្តរាគមន៍នៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។

ខែមិថុនាឆ្នាំ២០២៣៖ អ៊ុយក្រែន បើកប្រតិបត្តិការវាយបករុស្ស៊ី
កាសែត New York Times រាយការណ៍ថា អ៊ុយក្រែនបានបើកប្រតិបត្តិការវាយបករុស្ស៊ី នៅភាគអាគ្នេយ៍ប្រទេស ដោយចាយធនធាននិងប្រើកម្លាំងទ័ពជាច្រើន ប៉ុន្តែទីបំផុតត្រូវបរាជ័យ។

ថ្ងៃទី២៤ខែមិថុនា៖ មេក្រុមហ៊ុនទាហានស៊ីឈ្នួលលោក Prigozhin បះបោរ
ប្រធានក្រុមហ៊ុន Wagner លោក Yevgeny Prigozhin ចាប់ផ្តើមការបះបោរប្រឆាំងលោក ពូទីន ប៉ុន្តែត្រូវបរាជ័យ។ តាមសេចក្តីរាយការណ៍ លោក Prigozhin សម្រេចចិត្តធ្វើបែបនេះ ព្រោះតែចងកំហឹងចំពោះក្រសួងការពារជាតិរុស្ស៊ី ដោយចោទពួកគេថា បានបញ្ជូនទាហានរាប់ពាន់នាក់ឲ្យទៅស្លាប់ ដោយសារអំពើពុករលួយ អសមត្ថភាព និងចិត្តកំសាក។

ខែកក្កដាឆ្នាំ២០២៣៖ រុស្ស៊ី ចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ
ប្រទេសរុស្ស៊ី បានប្រកាសដកខ្លួនពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ជាហេតុបង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរលើតម្លៃស្បៀងអាហារពិភពលោក ហើយការវាយប្រហារជាបន្តបន្ទាប់លើស្ថានីយគ្រាប់ធញ្ញជាតិនៅជិតព្រំដែនអ៊ុយក្រែន-រ៉ូម៉ានី ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ។

ថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣៖ លោក Prigozhin ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានរាយការណ៍ពីការធ្លាក់យន្តហោះឯកជនមួយគ្រឿង នៅខាងក្រៅទីក្រុងមូស្គូ ដោយផ្តាច់ជីវិតអ្នកដំណើរចំនួន១០នាក់ រួមទាំងលោក Yevgeny Prigozhin ផងដែរ។

ខែវិច្ឆិកាឆ្នាំ២០២៣៖ អាមេរិក ចៀសផុតការបិទរដ្ឋាភិបាល ដោយកាត់ជំនួយអ៊ុយក្រែន
សភាអាមេរិក ត្រូវចលាចលជុំវិញមូលនិធិជំនួយឲ្យទីក្រុងកៀវ ប៉ុន្តែទីបំផុត បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចៀសវាងការបិទរដ្ឋាភិបាល ហើយនោះគឺមិនរាប់បញ្ចូលជំនួយយោធាសម្រាប់អ៊ុយក្រែន ឬអ៊ីស្រាអែលឡើយ។ ការសម្រេចបែបនេះ ធ្វើឲ្យអ៊ុយក្រែន ខកចិត្តយ៉ាងខ្លាំង។

ខែមករាឆ្នាំ២០២៤៖ ធ្លាក់យន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែន
យន្តហោះរុស្ស៊ីធុន IL-76 ដែលដឹកឈ្លើយសឹកអ៊ុយក្រែន៦៥នាក់ បានធ្លាក់នៅតំបន់ Belgorod ចម្ងាយប្រហែល៩០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ហើយក្រសួងការពារជាតិរុស្ស៊ី អះអាងថា ការធ្លាក់យន្តហោះនេះ គឺជាស្នាដៃរបស់ទីក្រុងកៀវ។

ខែកុម្ភៈឆ្នាំ២០២៤៖ រុស្ស៊ី ប្រកាសជ័យជម្នះនៅទីក្រុង Avdiivka
នៅពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២៤ កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានទទួលជ័យជម្នះដ៏សំខាន់ ដោយដណ្តើមបានទីក្រុងយុទ្ធសាស្ត្រ Avdiivka ប៉ុន្តែមានអ្នកសារព័ត៌មានម្នាក់អះអាងថា ទាហានរុស្ស៊ីប្រមាណ១៦០០០នាក់ ត្រូវក្ស័យជីវិតក្នុងសមរភូមិនោះ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខួប១ឆ្នាំនៃសង្គ្រាមលុកលុយរុស្ស៊ី-អ៊ុយក្រែន៖ តើមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះកើតឡើង?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ