ព័ត៌មានអន្ដរជាតិ
WHO ៖ មានតែផ្ដល់ជំនួយតាមដីគោកប៉ុណ្ណោះ ទើបអាចទប់ស្កាត់គ្រោះទុរ្ភិក្សនៅហ្គាហ្សាបាន
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានតែការពង្រីកផ្លូវកាត់តាមដីគោកចូលទៅក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះ ទើបអាចជួយទប់ស្កាត់គ្រោះទុរ្ភិក្សនៅទីនោះបាន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២២ ខែមីនានេះ ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះក្នុងការផ្ដល់ជំនួយតាមអាកាស និងសមុទ្រក៏កំពុងប្រតិបត្តិការបន្តបន្ទាប់ផងដែរ ប៉ុន្តែមានតែការពង្រីកផ្លូវឆ្លងកាត់តាមដីគោកបន្ថែមប៉ុណ្ណោះដែលនឹងអនុញ្ញាតឲ្យមានការផ្ដល់ជំនួយទ្រង់ទ្រាយធំដើម្បីទប់ស្កាត់គ្រោះទុរ្ភិក្សបាន ។
ស្របពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក ក៏បានស្នើឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់បន្ថែមទៀត និងពន្លឿនការចូល និងការចែកចាយទឹក ស្បៀងអាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយមនុស្សធម៌ផ្សេងទៀតចូលទៅក្នុងតំបន់ហ្គាហ្សាផងដែរ ។

កន្លងមកអង្គការសហប្រជាជាតិនិយាយថា មានឧបសគ្គដ៏ច្រើនលើសលប់ចំពោះការចល័តជំនួយទៅកាន់ភាគខាងជើងនៃតំបន់ហ្គាហ្សា ដោសារតែគ្មានបទឈប់បាញ់ និងការបិទច្រកព្រំដែនដោយអ៊ីស្រាអែល ខណៈសំណើរបស់អង្គការសុខភាពពិភពលោកក្នុងការផ្គត់ផ្គង់ជំនួយដល់តំបន់នោះ ជារឿយៗត្រូវបានរារាំង ឬបដិសេធ ។
ប៉ុន្តែអ៊ីស្រាអែលនិយាយថា មិនបានដាក់កំហិតលើការផ្ដល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សានោះទេ ហើយថែមទាំងបានបន្ទោសលើភាពយឺតយ៉ាវនៃការផ្តល់ជំនួយ បូករួមទាំងកង្វះសមត្ថភាព ឬគ្មានប្រសិទ្ធភាពក្នុងចំណោមភ្នាក់ងារអង្គការសហប្រជាជាតិទៀតផង ។

ជំនួយភាគច្រើនដែលចូលមកក្នុងតំបន់ហ្គាហ្សាតាមដីគោក ត្រូវបានរាំងខ្ទប់ដោយអ៊ីស្រាអែលនៅ Kerem Shalom ដែលជាស្ថានីយគយនៅចំណុចព្រំដែនរវាងប្រទេសអេហ្ស៊ីប អ៊ីស្រាអែល និងហ្គាហ្សា ហើយបន្ទាប់មកបាននាំយកមកតាមរយៈទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលជាចំណុចឆ្លងកាត់អ្នកដំណើរដ៏សំខាន់រវាងអេហ្ស៊ីប និងហ្គាហ្សា ។ ទោះយ៉ាងណា កាលពីសប្តាហ៍មុន អ៊ីស្រាអែលក៏បានអនុញ្ញាតឲ្យមានរថយន្តជំនួយចំនួន ៦ គ្រឿងចូលទៅក្នុងតំបន់ហ្គាហ្សាភាគខាងជើងផងដែរ ។
គួរបញ្ជាក់ថា សង្គ្រាមរយៈពេល ៥ ខែកន្លងមកនេះបណ្ដាលឲ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនប៉ាឡេស្ទីនចំនួន ២.៣ លាននាក់នៅហ្គាហ្សា ខណៈមានកុមារស្លាប់ជាបន្តបន្ទាប់ ដោយសារផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភ មានជំងឺ កង្វះទឹក និងអនាម័យគ្រប់គ្រាន់ ហើយនៅក្នុងតំបន់មួយចំនួនគឺលើសពីគ្រោះទុរ្ភិក្សទៅទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


