ព័ត៌មានអន្ដរជាតិ
ត្រីនៅ វៀតណាម ងាប់អណ្ដែតត្រៀបត្រាពេញផ្ទៃទឹក ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង
ត្រីរាប់រយរាប់ពាន់ក្បាលបានងាប់នៅក្នុងអាងស្តុកទឹកមួយកន្លែងក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ខណៈរលកកម្ដៅកំពុងដុតរោលក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២ ខែឧសភានេះ ។
ដូចប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែរ ប្រទេសវៀតណាមថ្មីៗនេះបានបង្ខំឲ្យបិទសាលារៀនមុនកាលកំណត់ ហើយការប្រើប្រាស់អគ្គិសនីបានកើនឡើងគួរឲ្យកត់សម្គាល់ ខណៈភាគខាងត្បូង និងភាគកណ្តាលប្រទេសទទួលឥទ្ធិពលកម្ដៅប៉ះពាល់ខ្លាំងជាងគេ ។
ត្រីទាំងអស់នៅក្នុងអាងស្តុកទឹក Song May ដែលមានទំហំ ៣០០ ហិចតាបានងាប់អណ្ដែតពេញផ្ទៃទឹក ខណៈតំបន់នេះមិនមានភ្លៀងធ្លាក់ច្រើនសប្តាហ៍មកហើយ ស្របពេលដែលទឹកនៅក្នុងអាងក៏មានកម្រិតទាបទៅទៀត ។
អាងស្តុកទឹក គឺជាប្រភពទឹកសម្រាប់ស្រោចដំណាំនៅស្រុក Trang Bom និងស្រុក Vinh Cuu នៃខេត្ត Dong Nai ខណៈពេលកន្លងមកអាងស្តុកទឹកមួយនេះក៏បានបង្ហូរចេញដើម្បីការពារដំណាំនៅខាងក្រោមទឹកផងដែរ ។
បើទោះបីជាអាជ្ញាធរព្យាយាមជួសជុលអាងនេះ ដោយបូមយកភក់ចេញដើម្បីឲ្យមានទឹកច្រើនសម្រាប់ផ្ដល់សីតុណ្ហភាពត្រជាក់ដល់ត្រីក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងមិនបានសម្រេចដែរ ហើយមិនយូរប៉ុន្មានត្រីជាច្រើនក្បាលបានងាប់ ហើយតាមការប៉ាន់ស្មានអាចមានរហូតដល់ទៅ ២០០ តោនឯណោះ ។ បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតហេតុការណ៍នេះ ខណៈក៏កំពុងធ្វើការដើម្បីយកត្រីដែលងាប់នោះចេញជាបន្ទាន់ផងដែរ ។
គួរបញ្ជាក់ថា យោងតាមអ្នកព្យាករណ៍អាកាសធាតុ សីតុណ្ហភាពនៅក្នុងខេត្ត Dong បានហក់ឡើងដល់ប្រហែល ៤០ អង្សាសេក្នុងខែមេសា ដែលបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុត ចាប់តាំងឆ្នាំ ១៩៩៨ មក ។ ទន្ទឹមនឹងនេះ នៅក្នុងប្រទេសថៃ ការប្រើប្រាស់អគ្គិសនីបានកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈដែលសីតុណ្ហភាពក្នុងខេត្ត Udon Thani ភាគឦសានបានឡើងដល់ ៤៤ អង្សាសេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


