ព័ត៌មានអន្ដរជាតិ
UN៖ របបសឹកមីយ៉ាន់ម៉ា នៅតែអាចទទួលបានអាវុធ និងលុយពីបរទេស
អ្នកជំនាញអង្គការសហប្រជាជាតិ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរារាំងរបបសឹកកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា ហាក់ដូចជាបានបិទមីយ៉ាន់ម៉ា ក្នុងការទិញឧបករណ៍យោធាថ្មីពីបរទេសមួយចំនួន ប៉ុន្តែយ៉ាងណាយោធានៅតែអាចទទួលបានប្រាក់ និងអាវុធសម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងប្រឆាំងរដ្ឋប្រហារដដែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែមិថុនាឆ្នាំ២០២៤។

មីយ៉ាន់ម៉ា បានធ្លាក់ចូលភាពចលាចលចាប់តាំងពីយោធាដណ្តើមអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលនាំឲ្យបណ្តាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើយោធា ធនាគារ និងអាជីវកម្មដែលពាក់ព័ន្ធផ្សេងទៀត ហើយជាងបីឆ្នាំមកនេះ ចលនាតវ៉ាប្រឆាំងរដ្ឋប្រហារ បានវិវឌ្ឍទៅជាសង្រ្គាមស៊ីវិល ដោយយោធាត្រូវរងការចោទប្រកាន់ថាបានបើកការវាយប្រហារតាមអាកាសលើក្រុមបះបោរ និងជនស៊ីវិល។

យោងតាមរបាយការណ៍របស់អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បានរកឃើញថា តម្លៃអាវុធ បច្ចេកវិទ្យាប្រើប្រាស់ គ្រឿងបរិក្ខារផលិត និងសម្ភារផ្សេងទៀតដែលនាំចូលដោយរបបសឹកមានចំនួន ២៥៣ លានដុល្លារក្នុងឆ្នាំនេះ ពោលគឺតិចជាងឆ្នាំមុនមួយភាគបីដោយសារកិច្ចខិតខំប្រឹងប្រែងរបស់សិង្ហបុរីក្នុងការរារាំងក្រុមហ៊ុនរបស់ខ្លួន មិនឲ្យជួយមីយ៉ាន់ម៉ា។
នេះសបញ្ជាក់ឲ្យឃើញថា ការដាក់ទណ្ឌកម្ម និងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិផ្សេងទៀត អាចជះឥទ្ធិពលដល់សមត្ថភាពរបស់របបសឹកក្នុងការផ្គត់ផ្គង់ ដោយសារមធ្យោបាយដែលពួកគេប្រើវាយប្រហារភូមិទាំងឡាយ គឺអាស្រ័យលើការប្រើប្រាស់អាវុធ និងគ្រឿងសឹកដែលផ្គត់ផ្គង់ពីបរទេស។
ងាកមកមើលការទិញអាវុធរបស់អង្គភាពគ្រប់គ្រងដោយក្រសួងការពារជាតិវិញគឺ មានតម្លៃ៦៣០លានដុល្លារចន្លោះឆ្នាំ ២០២២ ដល់២០២៤ ចំណែកការនាំចេញពីសិង្ហបុរីបានធ្លាក់ចុះពីជាង ១១០ លានដុល្លារក្នុងឆ្នាំ ២០២២មកត្រឹមតែជាង ១០ លានដុល្លារប៉ុណ្ណោះ។

ទោះជាយ៉ាងណា ថៃដែលជាអ្នកជិតខាងមីយ៉ាន់ម៉ា ក៏បានរួមចំណែកបំពេញចន្លោះមួយផ្នែកនៃរបបសឹកនេះដែរ ពោលគឺក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងប្រទេសថៃបានផ្ទេរអាវុធ និងគ្រឿងពាក់ព័ន្ធមានតម្លៃ១២០លានដុល្លារក្នុងឆ្នាំ២០២៣ ដូចជាគ្រឿងបន្លាស់សម្រាប់ឧទ្ធម្ភាគចក្រ Mi-17 និង Mi-35SAC ជាដើម។
ឆ្លើយតបនឹងរបាយការណ៍នេះ ក្រសួងការបរទេសថៃបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានអនុវត្តតាមពិធីសារជាក់លាក់ ហើយរដ្ឋាភិបាលនឹងពិនិត្យមើលរបាយការណ៍របស់អ្នកជំនាញរបស់ UN៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


