ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ដាក់ពង្រាយអាវុធឡាស៊ែរ “StarWars” ទុកបាញ់ទម្លាក់ដ្រូនក្រុងព្យុងយ៉ាង
រដ្ឋាភិបាលក្រុងសេអ៊ូល នឹងដាក់ពង្រាយអាវុធឡាស៊ែរ ប្រើសម្រាប់ទុកបាញ់ទម្លាក់ដ្រូនរបស់កូរ៉េខាងជើង ដែលការដាក់ពង្រាយនេះត្រូវកូរ៉េខាងត្បូង អះអាងថា ខ្លួននឹងក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ក្នុងការប្រើប្រាស់អាវុធឡាស៊ែរយ៉ាងដូច្នេះនៅក្នុងវិស័យយោធា។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលកម្មវិធីទិញលក់វិស័យការពារជាតិក្រុងសេអ៊ូល ហៅកាត់ថា Dapa នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

កូរ៉េខាងត្បូង បានហៅប្រតិបត្តិការប្រើប្រាស់អាវុធឡាស៊ែរនេះថាជា “គម្រោង StarWars” ដែលត្រូវបានសហការជាមួយក្រុមហ៊ុនឧស្សាហកម្មអវកាសក្នុងស្រុក Hanwha Aerospace។ Dapa បានប្រាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា អាវុធឡាស៊ែរបាញ់ទម្លាក់ដ្រូននេះ មានប្រសិទ្ធភាពខ្ពស់ និងតម្លៃថោក ដោយក្នុងការបាញ់ទម្លាក់ដ្រូនម្ដងចំណាយអស់ប្រាក់តែប្រមាណ ១,៥ដុល្លារប៉ុណ្ណោះ។
ទន្ទឹមនោះ Dapa បានរៀបរាប់ទៀតថា “ប្រទេសរបស់យើងកំពុងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលដាក់ពង្រាយ និងប្រតិបត្តិការអាវុធឡាស៊ែរ ហើយសមត្ថភាពឆ្លើយតបរបស់យោធាយើងចំពោះការបង្ករឿងដោយដ្រូនកូរ៉េខាងជើង នឹងត្រូវបានពង្រឹងខ្លាំងបន្ថែមទៀត”។ Dapa បានបន្ថែមថា អាវុធឡាស៊ែរនេះទៀតសោត នឹងក្លាយជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រយុទ្ធក្នុងសមរភូមិសង្គ្រាមនាពេលអនាគត។
អ្នកនាំពាក្យ Dapa បានពន្យល់ថា អាវុធឡាស៊ែរ បាញ់ទម្លាក់ដ្រូនដែលកំពុងហោះ តាមរយៈការដុតឲ្យឆេះនូវបណ្ដុំគ្រឿងម៉ាស៊ីន ឬក៏ផ្នែកឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតដែលមាននៅលើដ្រូន ជាមួយកម្ដៅពន្លឺក្នុងរយៈពេលត្រឹម ១០ ទៅ ២០វិនាទី។
បច្ចុប្បន្ន នៅពេលមានការឈ្លានពានដោយដ្រូនពីកូរ៉េខាងជើង កងទ័ពក្រុងសេអ៊ូលបានប្រើប្រាស់យន្តហោះចម្បាំង និងឧទ្ធម្ភាចក្រយោធា ដើម្បីបាញ់កម្ទេចដ្រូនទាំងនោះ។ អាវុធឡាស៊ែរថ្មី នឹងជួយបង្កើនភាពងាយស្រួល និងការចំណាយថវិកាតិចឲ្យកូរ៉េខាងត្បូង សម្រាប់ទប់ស្កាត់ការឈ្លានពានដោយដ្រូនពីកូរ៉េខាងជើង ដែលកើតមានឡើងចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ