ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃលើកដំបូងនៅចិន ដើម្បីស្វែងរកវិធីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងរយៈពេល៤ថ្ងៃ ដើម្បីពិភាក្សាអំពីរបៀបដែលរដ្ឋាភិបាលក្រុងប៉េកាំងអាចជួយបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ខណៈដែលសម្ព័ន្ធមិត្តចិន-រុស្ស៊ីកំពុងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំង។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ធ្វើឡើងជាផ្លូវការចាប់ពីថ្ងៃអង្គារនេះរហូតដល់ថ្ងៃសុក្រ ហើយវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គិតចាប់តាំងពីផ្ទុះសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។ រដ្ឋាភិបាលទីក្រុងកៀវ បាននិយាយថា ដំណើរទស្សនកិច្ចនេះ នឹងផ្តោតលើ «មធ្យោបាយដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី»ក៏ដូចជា «តួនាទីដែលអាចធ្វើទៅបានរបស់ប្រទេសចិនក្នុងការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌»។
មហាយក្សចិនបានចាត់ទុកខ្លួនឯងថា ជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ហើយនិយាយថាខ្លួនមិនបញ្ជូនជំនួយដែលអាចបង្កគ្រោះថ្នាក់ទៅភាគីណាមួយទេ មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតឡើយ។
ទោះជាយ៉ាងណាក៏ដោយ ភាពជាដៃគូ «គ្មានដែនកំណត់» កាន់តែស៊ីជម្រៅរបស់ចិននិងរុស្ស៊ី បានធ្វើឲ្យសមាជិកអង្គការណាតូចាត់ទុកក្រុងប៉េកាំងថាជា អ្នកអាចគ្រប់គ្រងស្ថានភាពនៃសង្គ្រាមរបស់ទីក្រុងមូស្គូ ពោលគឺអ្វីគ្រប់យ៉ាងនៅក្នុងសង្គ្រាមអ៊ុយក្រែនអាចប្រែប្រួលក៏អាស្រ័យលើការសម្រេចចិត្តរបស់ចិន។
សមាជិកអង្គការណាតូ បានចោទប្រកាន់ចិនថា បានផ្ដល់នូវសមាសធាតុសំខាន់ៗឲ្យរុស្ស៊ីសម្រាប់យកទៅកសាងសព្វាវុធធ្វើសង្គ្រាម ដូចជា បង្គំឧបករណ៍ម៉ាស៊ីន មីក្រូអេឡិចត្រូនិច និងសារធាតុ nitrocellulose ដែលមានសារៈសំខាន់ក្នុងការផលិតគ្រាប់រំសេវ និងគ្រាប់រ៉ុកកែត។ យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់បែបនេះ។
ចិន ធ្លាប់បានប្រកាសចង់ធ្វើអ្នកសម្របសម្រួលក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយបានបញ្ជូនបេសកជនពិសេស លោក Li Hui ទៅកាន់អឺរ៉ុបជាច្រើនលើកសម្រាប់កិច្ចចរចាការទូតក្នុងនាមជាអ្នកសម្រុះសម្រួល។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់លោកនាយករដ្ឋមន្ត្រី Viktor Orban របស់ប្រទេសហុងគ្រីក្នុងខែកក្កដានេះថា មហាអំណាចពិភពលោកគួរតែជួយរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការចរចាដោយផ្ទាល់ឡើងវិញ។ ចំណែកកាលពីឆ្នាំ២០២៣កន្លងទៅ ចិនក៏ធ្លាប់អំពាវនាវឲ្យមាន «ដំណោះស្រាយនយោបាយ» ចំពោះជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ។ ប៉ុន្តែ ការអំពាវនាវនេះ ត្រូវបានរិះគន់ដោយបណ្តាប្រទេសលោកខាងលិចចំពោះការអនុញ្ញាតឲ្យរុស្ស៊ីអាចរក្សាទុកនូវទឹកដីជាច្រើនដែលខ្លួនវាយដណ្ដើមបាននៅអ៊ុយក្រែន។
បន្ថែមពីនេះ ទីក្រុងប៉េកាំង បានច្រានចោលការអះអាងដែលថាខ្លួនកំពុងគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ហើយបានចោទប្រកាន់លោកខាងលិចថា បានបញ្ឆេះភ្លើងសង្គ្រាមឲ្យកាន់តែអាក្រក់ឡើង តាមរយៈការផ្ដល់សព្វាវុធទៅកាន់ទីក្រុងកៀវ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


