ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជំរុញអាមេរិកកម្ចាត់អ៊ីរ៉ង់ឲ្យផុតពូជពីផែនដី បើប្រទេសនេះហ៊ានគ្រោងធ្វើឃាតលោក
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែកក្កដា បានអំពាវនាវឲ្យមានការកម្ចាត់សត្រូវរបស់សហរដ្ឋអាមេរិកគឺ ប្រទេសអ៊ីរ៉ង់ ឲ្យរលាយផុតពីផែនដីតទៅទៀត ប្រសិនបើប្រទេសមួយនេះពិតជាមានបំណងប៉ុនប៉ងធ្វើឃាតលើរូបលោកប្រាកដមែន។

ក្នុងសារដែលបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់លោក ត្រាំ បានសរសេរថា៖ “ប្រសិនបើពួកគេពិតជាធ្វើឃាតប្រធានាធិបតី ត្រាំ ដែលជារឿងតែងតែអាចទៅរួចនោះ ខ្ញុំសង្ឃឹមថា អាមេរិកកម្ចាត់អ៊ីរ៉ង់ លុបវាចេញពីផ្ទៃផែនដី។ ប្រសិនបើរឿងនេះមិនអាចធ្វើទៅរួចទេ មេដឹកនាំអាមេរិកនឹងត្រូវគេចាត់ទុកជា ជនកំសាកញី”។
ការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូខ្លីមួយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិកកាលពីថ្ងៃពុធកន្លងទៅ ដែលបង្ហាញពីការចោទប្រកាន់ទៅលើអ៊ីរ៉ង់ពាក់ព័ន្ធនឹងគម្រោងប្រឆាំងនឹងលោក ដូណាល់ ត្រាំ។
សារព័ត៌មាន CNN និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅអាមេរិក បានរាយការណ៍កាលពីសប្ដាហ៍មុនថា ទីភ្នាក់ងារចារកម្មអាមេរិក បានបង្កើនសេវាសន្តិសុខសម្រាប់លោក ត្រាំ តាំងពីប៉ុន្មានសប្ដាហ៍មុនមកម៉្លេះ ក្រោយពីស៊ើបដឹងថា អ៊ីរ៉ង់មានគម្រោងធ្វើឃាតលោកអតីតប្រធានាធិបតី។ យ៉ាងណាមិញ រឿងនេះមិនជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងធ្វើឃាតលោក ត្រាំ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅនៅឯកម្មវិធីជួបជុំអ្នកគាំទ្រក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania នោះទេ។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ មានភាពតានតឹងជាយូរណាស់មកហើយ និងឈានដល់ការថ្នាំងថ្នាក់នយោបាយខ្លាំងជាងគេ នៅពេលដែលអ៊ីរ៉ង់ចង់ស្វែងរកការសងសឹក ក្រោយអាមេរិកបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តរបស់ខ្លួនម្នាក់ឈ្មោះ Qasem Soleimani កាលពីឆ្នាំ២០២០ តាមការបញ្ជារបស់លោក ត្រាំ អំឡុងពេលលោកកំពុងកាន់តំណែងជាប្រធានាធិបតី។
ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ខ្លួនបាននិងកំពុង “តាមដានការគំរាមកំហែងរបស់អ៊ីរ៉ង់ប្រឆាំងនឹងអតីតក្រុមមន្ត្រីរបស់រដ្ឋបាលលោក ត្រាំ អស់រយៈពេលជាច្រើនឆ្នាំមកហើយ”។
ការបង្ហោះសារនៅលើ Truth Social របស់លោក ត្រាំ បានរំលឹកឡើងវិញនូវហេតុការណ៍ដ៏ចម្រូងចម្រាសមួយនៅឆ្នាំ២០១៩ នៅពេលដែលក្នុងនាមជាប្រធានាធិបតី លោក ត្រាំ បានគំរាមកំហែង “កម្ចាត់ឲ្យផុតពូជ” ទៅលើអ៊ីរ៉ង់ បើប្រទេសនេះហ៊ានតែវាយប្រហារលើជនជាតិអាមេរិកណាម្នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


