Connect with us

ព័ត៌មានអន្ដរជាតិ

​​ត្រឹម១ខែ ​​​ជប៉ុន ​​​មាន​​អ្នកស្លាប់​ជាង​​១២០​នាក់​​​ដោយ​សារ​ជំងឺដាច់សរសៃ​ឈាម​​ខួរក្បាល​ព្រោះ​​ក្តៅខ្លាំង​

បានផុស

នៅ

មនុស្សជាង១២០​នាក់បានស្លាប់ដោយសារ​ជំងឺដាច់សរសៃឈាមខួរក្បាលនៅតំបន់ទីប្រជុំជនក្នុងទីក្រុងតូក្យូត្រឹមតែរយៈពេល​តែ​មួយខែ​កក្កដា ខណៈពេលដែលសីតុណ្ហភាពជាមធ្យមរបស់ប្រទេសនេះបានឈានដល់កម្រិតខ្ពស់​បំបែក​កំណត់​ត្រា​​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៧ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលជប៉ុនក្នុងចំណោមមនុស្ស១២៣​នាក់ដែលបានស្លាប់គឺភាគច្រើនជាមនុស្សចាស់ទាំងអស់ ក្នុងនោះមនុស្សពីរនាក់ត្រូវបានរកឃើញថា បានស្លាប់នៅក្នុងផ្ទះ ហើយភាគច្រើនមិនបានប្រើម៉ាស៊ីនត្រជាក់ទេ បើទោះបី​ជាពួកគេបានដំឡើងម៉ាស៊ីនត្រជាក់ក៏ដោយ។ ចំណែកមនុស្សជាង ៣៧ ០០០ នាក់​បាន​ស្វែង​រក​សេវា​ព្យាបាល​នៅមន្ទីរពេទ្យដោយសារ​ជំងឺនេះនៅទូទាំងប្រទេសជប៉ុនចាប់ពីថ្ងៃទី​១ខែកក្កដាដល់ថ្ងៃទី​២៨ខែកក្កដា។

សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដាគឺ ២,១៦អង្សាសេ ខ្ពស់ជាងមធ្យមភាគក្នុងរយៈពេល​៣០ឆ្នាំកន្លងមក ដែលធ្វើឲ្យខែកក្កដាឆ្នាំនេះជាខែក្តៅបំផុតចាប់តាំងពីទីភ្នាក់ងារឧតុនិយមជប៉ុនបានចាប់ផ្តើមរក្សាកំណត់ត្រាតាំងពីឆ្នាំ១៨៩៨។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា នេះគឺជាចំនួនអ្នកស្លាប់ដោយសារ​ជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាងគេនៅក្នុងសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូក្នុងខែកក្កដា ចាប់តាំងពីមានការស្លាប់ចំនួន១២៧នាក់ត្រូវបានកត់ត្រាក្នុងអំឡុងពេលមានរលកកម្ដៅខ្លាំងឆ្នាំ២០១៨ ។

(រូបភាព៖ AP)

អាជ្ញាធរសុខាភិបាលជប៉ុន និងអ្នកព្យាករណ៍អាកាសធាតុបានណែនាំម្តងហើយម្តងទៀត​​​ឱ្យប្រជាជនស្នាក់​នៅក្នុងផ្ទះ ទទួលទានវត្ថុរាវឱ្យបានច្រើន ដើម្បីជៀសវាងការ​ខ្វះ​ជាតិទឹក និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ ខណៈមនុស្សចាស់នៅជប៉ុនតែងតែគិតថាម៉ាស៊ីនត្រជាក់មិនល្អសម្រាប់សុខភាព ហើយតែងតែជៀសវាងការប្រើប្រាស់វាដែលធ្វើឱ្យ​មានហានិភ័យនៃ​ជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែច្រើន​ឡើង​។

កាល​ពី​ថ្ងៃ​អង្គារ ក៏​មានការ​ព្រមាន​អំពី​ជំងឺដាច់សរសៃឈាមខួរក្បាលបាន​កើត​ឡើង​នៅ​ក្នុង​ភាគ​ច្រើន​នៃ​ទីក្រុង​តូក្យូ និង​ភាគ​ខាង​លិចនៃ​​ប្រទេស​ជប៉ុន ដោយសីតុណ្ហភាពបានកើនឡើងដល់ប្រហែល៣៤​អង្សាសេ​នៅកណ្តាលទីក្រុងតូក្យូ។យ៉ាងណាទីភ្នាក់ងារឧតុនិយមបានព្យាករណ៍​កំដៅបន្ថែមទៀតនៅក្នុងខែសីហា ជាមួយនឹងសីតុណ្ហភាព​នឹង​បន្ត​​ខ្ពស់​ដល់​៣៥អង្សាសេឬខ្ពស់ជាងនេះ។

អាកាសធាតុក្តៅ​មិនត្រឹមតែ​កើត​មាន​នៅ​ប្រទេសជប៉ុននោះទេ សូម្បី​នៅប្រទេសកូរ៉េខាងត្បូងក៏មានការរាយការណ៍​ពីករណីស្លាប់​​ដោយសា​រ​ដាច់​សរសៃឈាម​ក្នុងខួរក្បាល​បណ្តាល​មក​ពី​កម្ដៅខ្លាំង ដោយ​មនុស្ស​​​ចំនួន១១នាក់ស្លាប់​ ខណៈរលកកម្ដៅដ៏ខ្លាំង​មួយបាននឹងកំពុ​ង​មាន​ឥទ្ធិពល​ប្រទេសនេះ ចាប់តាំងពីសប្តាហ៍មុនជាមួយនឹងសីតុណ្ហភាពកើនឡើង​លើស​ពី​៣៥​អង្សាសេ​នៅក្នុងតំបន់ជាច្រើននៃប្រទេស ហើយថែមទាំងកើនឡើងដល់ជិត៤០អង្សាសេនៅទីក្រុង Yangsan ភាគអាគ្នេយ៍នៃប្រទេសនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម