ព័ត៌មានអន្ដរជាតិ
ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសចិនកំពុងស្ថិតក្នុងកំណត់ត្រាចំនួនអាពាហ៍ពិពាហ៍ថ្មីទាបបំផុត
ទិន្នន័យផ្លូវការបង្ហាញថា ចំនួនអាពាហ៍ពិពាហ៍ថ្មីដែលបានកត់ត្រានៅក្នុងប្រទេសចិននៅឆ្នាំនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម បើទោះបីជាមានយុទ្ធនាការរបស់រដ្ឋាភិបាលជាច្រើនដើម្បីជំរុញការរៀបការ និងលើកទឹកចិត្តឲ្យប្រជាជនយកកូនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី០៤ខែវិច្ឆិកានេះ។
អត្រាអាពាហ៍ពិពាហ៍និងកំណើតធ្លាក់ចុះបង្កបញ្ហាប្រឈមធំមួយដល់ទីក្រុងប៉េកាំង ដែលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃការថយចុះនៃកម្លាំងពលកម្ម និងចំនួនច្រើននៃប្រជាជនវ័យចំណាស់ទៅលើសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន។
បើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងកិច្ចការស៊ីវិល គូស្វាមីភរិយាចិនចំនួន៤.៧៤ លាននាក់បានចុះឈ្មោះ អាពាហ៍ពិពាហ៍របស់ពួកគេនៅក្នុងត្រីមាសទី ១នៃឆ្នាំ ២០២៤ ធ្លាក់ចុះ ១៦.៦% ពី ៥.៦៩ លាននាក់ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះនេះគឺស្របតាមការព្យាករណ៍របស់អ្នកជំនាញប្រជាសាស្រ្តចិនថាអាពាហ៍ពិពាហ៍នៅឆ្នាំ ២០២៤នឹងធ្លាក់ចុះក្រោមកម្រិតទាបបំផុតជាងក្នុងឆ្នាំ២០២២ទៅទៀត ដែលមានចំនួន៦.៨៣លាននាក់ចាប់តាំងពីកំណត់ត្រាឆ្នាំ១៩៨០។
ចំនួនប្រជាជនចិនបានធ្លាក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ខណៈអត្រាកំណើតកាលពីឆ្នាំមុនគឺទាបបំផុតចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតក្នុងឆ្នាំ១៩៤៩។ ទោះយ៉ាងណានៅឆ្នាំ២០២២ ប្រទេសនេះត្រូវបានវ៉ាដាច់ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។
ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ មន្ត្រីចិនបានដាក់ចេញនូវវិធានការមួយចំនួន ចាប់ពីការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ រហូតដល់យុទ្ធនាការឃោសនា ដើម្បីបញ្ចុះបញ្ចូលយុវជនឱ្យចងសម្ព័ន្ធភាពនិងមានកូន។ ក្រុមមន្ត្រីបានរៀបចំកម្មវិធីណាត់ជួបគូរស្នេហ៍ ពិធីមង្គលការដ៏ធំ និងព្យាយាមកាត់បន្ថយប្រពៃណីនៃថ្លៃបណ្ដាការដ៏ច្រើនពីកូនកំលោះទៅគ្រួសារអនាគតប្រពន្ធ ដែលជាបញ្ហាធ្វើឲ្យអាពាហ៍ពិពាហ៍មិនអំណោយផលសម្រាប់បុរសក្រីក្រជាច្រើននៅតំបន់ជនបទ។
លើសពីនេះចាប់តាំងពីឆ្នាំ ២០២២មកសមាគមផែនការគ្រួសាររបស់ប្រទេសចិនបានចាប់ផ្តើមកម្មវិធីសាកល្បងដើម្បីបង្កើត «អាពាហ៍ពិពាហ៍សម័យថ្មី និងវប្បធម៌បង្កើតកូន» ដោយចុះឈ្មោះទីក្រុងរាប់សិបដើម្បីលើកកម្ពស់ «តម្លៃសង្គមនៃការបង្កើតកូន» និងលើកទឹកចិត្តឱ្យមនុស្សវ័យក្មេងរៀបការ និងសម្រាលកូននៅអាយុសមរម្យ។
ប៉ុន្តែរហូតមកដល់ពេលនេះ គោលនយោបាយទាំងនេះបានបរាជ័យក្នុងការបញ្ចុះបញ្ចូលយុវជនចិនដែលកំពុងប្រឈមនឹងភាពអត់ការងារធ្វើខ្ពស់ ការឡើងថ្លៃក្នុងការរស់នៅ និងកង្វះការគាំទ្រផ្នែកសុខុមាលភាពសង្គមដ៏រឹងមាំបន្ថែមទៀតចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច។ មនុស្សជាច្រើនកំពុងពន្យារពេលរៀបការ និងយកកូន ហើយមនុស្សវ័យក្មេងកាន់តែច្រើនឡើងៗ ជ្រើសរើសបន្តនៅលីវ។
បើទោះបីក្នុងឆ្នាំ ២០១៥ ប្រទេសចិនបានប្រកាសបញ្ចប់គោលនយោបាយកូនមួយរបស់ខ្លួនដែលមានរយៈពេលជាច្រើនទសវត្សរ៍ ដោយអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនពីរនាក់ បន្ទាប់មកបានបង្កើនដល់កូនបីនាក់នៅឆ្នាំ ២០២១ ប៉ុន្តែអត្រាអាពាហ៍ពិពាហ៍ និងកំណើតបានបន្តធ្លាក់ចុះ។ និន្នាការធ្លាក់ចុះនេះ ក៏បណ្ដាលមកពីការផ្លាស់ប្តូរអាកប្បកិរិយាចំពោះអាពាហ៍ពិពាហ៍ ជាពិសេសក្នុងចំណោមស្ត្រីវ័យក្មេងដែលកាន់តែទទួលបានការអប់រំ និងឯករាជ្យផ្នែកហិរញ្ញវត្ថុ។ ដោយសារតែការប្រឈមមុខនឹងការរើសអើងនៅកន្លែងធ្វើការ និងទំនៀមទំលាប់ ដូចជាការគិតថាស្ត្រីត្រូវទទួលខុសត្រូវលើការថែទាំកូន និងការងារផ្ទះ ដែលធ្វើឲ្យស្ត្រីមួយចំនួនកំពុងមានការខកចិត្តនឹងការរៀបការ។
គួរបញ្ជាក់ថាចិនមិនមែនជាប្រទេសតែមួយគត់ដែលជួបប្រទះនឹងការធ្លាក់ចុះនៃអត្រារៀបការនិងកំណើតទេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តដល់ប្រជាជនឲ្យយកកូន ដូចជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ការធានារ៉ាប់រង ប្រាក់ឧបត្ថម្ភសម្រាប់ផ្ទះសម្បែង និងការគាំទ្រការមើលថែទាំកុមារជាច្រើនទៀតផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៥ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ