ព័ត៌មានអន្ដរជាតិ
លោក ស៊ី កំពុងជួយបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងឱ្យគ្រប់ភាគីឈប់វាយប្រហារកប៉ាល់ឆ្លងកាត់ច្រក Hormuz
ក្រោយពីមានភាពរកាំរកូសដាក់គ្នាជុំវិញបទឈប់បាញ់រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ច្រកសមុទ្រ Hormuz ក្លាយជាប្រធានបទក្តៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ហើយវានៅតែមិនទាន់បើកចំហឲ្យធ្វើនាវាចរណ៍ដោយសេរីនៅឡើយទេ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យរក្សាការឆ្លងកាត់របស់កប៉ាល់តាមច្រកសមុទ្រ Hormuz ធ្វើឡើងជាធម្មតា ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយព្រះអង្គម្ចាស់ប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salma ខណៈទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ជួយបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។

ប្រទេសចិនសម្តែងការព្រួយបារម្ភពីអស្ថិរភាពដែលកើតឡើងវិញ ជុំវិញផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈបទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ស្ថិតក្រោមភាពតានតឹងជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ហើយទីក្រុងតេហេរ៉ង់ផ្តល់សញ្ញាថាខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទី២ ជាមួយអាមេរិកទេ។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាអ្នកទិញប្រេងឆៅដ៏សំខាន់របស់អ៊ីរ៉ង់។ ដោយឡែក អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះមិនឱ្យកប៉ាល់ផ្សេងទៀតឆ្លងកាត់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈទីក្រុងវ៉ាស៊ីនតោនបិទផ្លូវកប៉ាល់អ៊ីរ៉ង់ចាប់តាំងពីសប្តាហ៍មុន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ដកស្រង់សម្តីរបស់ លោក ស៊ី ថា ប្រទេសចិនគាំទ្របទឈប់បាញ់ជាបន្ទាន់និងទូលំទូលាយ ហើយទទូចឱ្យមានការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាតាមរយៈបណ្តាញនយោបាយ និងភាសាការទូត។
លោក ស៊ី ប្រាប់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតថា៖ « ច្រកសមុទ្រ Hormuz គួរតែបើកចំហសម្រាប់ការឆ្លងកាត់របស់កប៉ាល់ធម្មតា ព្រោះវាបម្រើផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ»។
ការហៅទូរស័ព្ទរបស់ លោក ស៊ី ជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតកើតឡើង បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនជាមួយព្រះអង្គម្ចាស់រាជទាយាទអាប៊ូដាប៊ី ខណៈ លោក ស៊ី ជំរុញឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
លោក ស៊ី ក៏បានប្រាប់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតថា៖ « ប្រទេសចិនគាំទ្រប្រទេសនានានៅមជ្ឈិមបូព៌ាចេះក្តោបក្តាប់អនាគត និងវាសនាក្នុងដៃខ្លួនឯង ជាពិសេសលើកកម្ពស់ស្ថិរភាព សន្តិភាពក្នុងតំបន់រយៈពេលវែង»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


