ព័ត៌មានអន្ដរជាតិ
ប្រតិកម្មពិភពលោកដូចម្ដេចខ្លះ ជុំវិញបទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា?
នៅទីបំផុត គណរដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយជាមួយក្រុមហេសបូឡាលីបង់ ដែលបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, បទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង៤ព្រឹកថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤។

បទឈប់បាញ់ ទទួលបានការសារទរជាច្រើនពីពិភពលោក សម្រាប់ការបញ្ចប់អំពើហិង្សាដោយប្រដាប់អាវុធរយៈពេលជាង១ឆ្នាំ រវាងក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់ និងប្រទេសអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣។
សហភាពអឺរ៉ុប
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានស្វាគមន៍បទឈប់បាញ់ដែលទើបតែបានព្រមព្រៀងគ្នាក្នុងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយពណ៌នាថា វាជា «ការធូរស្រាលក្នុងស្ថានភាពបំផ្លិចបំផ្លាញនៅមជ្ឈិមបូព៌ា»។
នៅក្នុងសេចក្តីថ្លែងការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Borrell បានសរសើរប្រទេសបារាំង និងសហរដ្ឋអាមេរិក ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ពួកគេ ក្នុងការធានាកិច្ចព្រមព្រៀងនេះ។
លោក Borrell បានគូសបញ្ជាក់ពីតម្រូវការសំខាន់សម្រាប់ការអនុវត្តពេញលេញនៃសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៧០១ (UNSCR 1701) ដែលបង្ហាញពីវិធានការសម្រាប់រក្សាសន្តិភាព និងសន្តិសុខនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល។
សហរដ្ឋអាមេរិក និងបារាំង
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានចេញសេចក្តីថ្លែងការណ៍រួមមួយថា៖ «ថ្ងៃនេះបន្ទាប់ពីរយៈពេលជាច្រើនសប្តាហ៍នៃការទូតដោយមិនចេះនឿយហត់ អ៊ីស្រាអែល និងលីបង់បានទទួលយកការបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងលីបង់។ ការប្រកាសនេះ នឹងបង្កើតលក្ខខណ្ឌ ដើម្បីស្តារភាពស្ងប់ស្ងាត់យូរអង្វែង និងអនុញ្ញាតឲ្យអ្នករស់នៅក្នុងប្រទេសទាំងពីរត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាពនៅសងខាងនៃតំបន់បន្ទាត់ព្រំដែន Blue Line»។
អង់គ្លេស
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ដោយអំពាវនាវឲ្យកិច្ចព្រមព្រៀងនេះត្រូវបានប្រែក្លាយទៅជា «ដំណោះស្រាយនយោបាយយូរអង្វែង»។
លោកបានបន្ថែមថា៖ «យើងត្រូវតែមើលឃើញការវិវឌ្ឍភ្លាមៗឆ្ពោះទៅរកកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការដកចេញនូវការរឹតបន្តឹងលើជំនួយមនុស្សធម៌ដែលចាំបាច់ខ្លាំង»។
អៀរឡង់
រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Michael Martin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំស្វាគមន៍ការប្រកាសនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់។ ភាគីទាំងពីរ ត្រូវតែប្រើប្រាស់បទឈប់បាញ់ ដើម្បីចូលរួមប្រកបដោយអត្ថន័យ សម្រេចបាននូវសន្តិភាពយូរអង្វែង»។
បែលហ្ស៊ិក
រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោកស្រី Hadja Lahbib បាននិយាយនៅលើបណ្ដាញសង្គម X ថា៖ «កិច្ចព្រមព្រៀងបទឈប់បាញ់នៅលីបង់ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ឈប់ការកើនឡើងកម្ដៅនៅមជ្ឈិមបូព៌ា។ យើងអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងតំបន់ទាំងមូល រួមទាំងតំបន់ហ្គាហ្សា។ មានតែការចរចាឡើងវិញ ដើម្បីឲ្យដំណោះស្រាយរដ្ឋពីរអាចនាំមកនូវសន្តិភាព។ ជនស៊ីវិលត្រូវតែទទួលបានការការពារ»។
ស្លូវេនី
រដ្ឋមន្ត្រីការបរទេសស្លូវេនី លោកស្រី Tanja Fajon បាននិយាយថា៖ «ខ្ញុំស្វាគមន៍ការប្រកាសបទឈប់បាញ់ដ៏សំខាន់។ ខ្ញុំក៏សង្ឃឹមផងដែរចំពោះបទឈប់បាញ់នៅហ្គាហ្សា ជាមួយនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់ និងបញ្ចប់ការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជន»។
អាល្លឺម៉ង់
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា «គឺជារស្មីនៃក្តីសង្ឃឹមសម្រាប់តំបន់ទាំងមូល»។
លោកស្រីបន្ថែមថា៖ «បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បង្ហាញពីអ្វីដែលអាចធ្វើទៅបានជាមួយនឹងមធ្យោបាយការទូត។ យើងក៏ត្រូវការជាបន្ទាន់នូវបទឈប់បាញ់នៅតំបន់ហ្គាហ្សាឥឡូវនេះ ដើម្បីឲ្យជនជាតិអាល្លឺម៉ង់ និងចំណាប់ខ្មាំងផ្សេងទៀតត្រូវបានដោះលែង ហើយការឈឺចាប់ និងការស្រេកឃ្លានរបស់ស្ត្រី កុមារ និងបុរសរាប់សែននាក់ ឈានដល់ទីបញ្ចប់នៅទីបំផុត»។
អេស្ប៉ាញ
រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានបង្ហោះនៅលើ X ថា ការប្រកាសបទឈប់បាញ់នៅក្នុងប្រទេសលីបង់ គឺជាដំណឹងល្អសម្រាប់សន្តិភាព និងសន្តិសុខ។
លោកបានបន្ថែមថា៖ «ឥឡូវនេះ យើងត្រូវតែឈានទៅមុខជាមួយនឹងការអនុវត្តសេចក្តីសម្រេចលេខ១៧០១»។
ហូឡង់
រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp បាននិយាយថា៖ «នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់អរិភាព និងការបន្ថយការកើនឡើងក្នុងតំបន់»។
គណៈកម្មការអឺរ៉ុប
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងថា៖ «បទឈប់បាញ់ដែលបានប្រកាសរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជាព័ត៌មានដែលលើកទឹកចិត្តយ៉ាងខ្លាំង។ លីបង់នឹងមានឱកាសដើម្បីបង្កើនសន្តិសុខ និងស្ថិរភាពផ្ទៃក្នុង ដោយសារឥទ្ធិពលធ្លាក់ចុះរបស់ហេសបូឡា»៕
ដោយ៖ ឈាង
ចុចអាន៖ ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន