Connect with us

ព័ត៌មានអន្ដរជាតិ

ទោះសន្យាឈប់បាញ់ ក៏ ពូទីន នៅតែបញ្ជូនដ្រូនជាង១៧០គ្រឿង ទៅវាយប្រហារអ៊ុយក្រែន

បានផុស

នៅ

ទោះលោក ពូទីន​ សន្យាជាមួយលោក ត្រាំ ឈប់បាញ់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន រយៈពេល៣០ថ្ងៃក៏ដោយ, រុស្ស៊ី នៅតែបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនជាង ១៧០គ្រឿងទៅបាញ់ភាគខាងកើតប្រទេសអ៊ុយក្រែន បណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ថែមទាំងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅថែមទៀតផង។

ការវាយប្រហារនៅអ៊ុយក្រែន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្តី កងទ័ពអាកាសអ៊ុយក្រែនអះអាងថា ដ្រូនរុស្ស៊ីចំនួន៧៥គ្រឿង ត្រូវខែលការពារអាកាសបាញ់ទម្លាក់ ខណៈ៦៣គ្រឿងទៀតត្រូវទម្លាក់ដោយប្រព័ន្ធរំខានអេឡិចត្រូនិក ឬបាត់សញ្ញា។

យោងតាមប្រភពព័ត៌មានពីអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ទី២០ខែមីនាឆ្នាំ២០២៥, មនុស្ស២នាក់ត្រូវបាត់បង់ជីវិតនិងច្រើននាក់ទៀតរងរបួស ពេលរុស្ស៊ីទម្លាក់គ្រាប់បែកជាង៣០គ្រាប់លើតំបន់ Sumy និង Kharkiv ចំណែកនៅទីប្រជុំជន Kropyvnytsky ឯណោះ មនុស្ស១០នាក់ក៏រងរបួសផងដែរ ដោយក្នុងនោះមានកុមារចំនួន១០នាក់។

ទិដ្ឋភាពក្រោយការវាយប្រហារនៅអ៊ុយក្រែន (រូបថត៖ Reuters)

ការវាយប្រហារទាំងនោះ ក៏បានកាត់ផ្តាច់អគ្គិសនី បំផ្លាញផ្ទះសម្បែងប្រជាជននិងបង្ខំចិត្តឲ្យក្រុមហ៊ុនផ្លូវដែកក្នុងតំបន់ ត្រូវផ្អាកប្រតិបត្តិការរថភ្លើងផងដែរ។

សូមជម្រាបជាថ្មី កាលពីថ្ងៃអង្គារទី១៨ខែមីនាឆ្នាំ២០២៥ លោក ពូទីន បានយល់ព្រមជាមួយលោក ត្រាំ ផ្អាកការវាយប្រហារលើសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងរោងចក្រថាមពលអ៊ុយក្រែន រយៈពេល៣០ថ្ងៃ។

ទិដ្ឋភាពក្រោយការវាយប្រហារនៅអ៊ុយក្រែន (រូបថត៖ Reuters)

ក្នុងកិច្ចសន្ទនារយៈពេល២ម៉ោងកន្លះ ប្រមុខរដ្ឋទាំងពីរ បានពិភាក្សាគ្នាអំពីស្ថានភាពអ៊ុយក្រែន មជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល ក្នុងគោលបំណងការពារជម្លោះនាពេលអនាគតនៅក្នុងតំបន់នោះផងដែរ។

ប្រធានបទសំខាន់ផ្សេងទៀតនៅក្នុងរបៀបវារៈរបស់មេដឹកនាំទាំងពីរ គឺតម្រូវការបញ្ឈប់ការរីកសាយភាយអាវុធយុទ្ធសាស្ត្រនៅទូទាំងពិភពលោក និងកិច្ចសហប្រតិបត្តិការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម