ជាធម្មតាអ្នកណាក៏មានភាពតានតឹងឬស្រ្តេស ខ្លះអាចមានរយៈពេលពីរបីម៉ោងឬមួយថ្ងៃទៅតាមអារម្មណ៍របស់បុគ្គលម្នាក់ៗ។ ប៉ុន្តែបើវារ៉ាំរ៉ៃយូរអង្វែង អាចជះឥទ្ធិពលដល់ភាពស៊ាំរបស់យើងទៅជាធ្ងន់ធ្ងរបាន។
អ្នកជំនាញផ្នែកភាពស៊ាំព្យាបាលរោគលោក Leonard Calabrese បាននិយាយថា ” ត្រូវលុបបំបាត់ឬកែប្រែបញ្ហាទាំងនេះ ដើម្បីការពារនិងបង្កើនការឆ្លើយតបភាពស៊ាំទៅនឹងជំងឺរាតត្បាត ” ។
ភាពតានតឹងនៅក្នុងរយៈពេលខ្លីនៃអ័រម៉ូន cortisol អាចជួយបង្កើនភាពស៊ាំដោយកំណត់ការរលាក។ ប៉ុន្តែយូរៗទៅរាងកាយអាចមានអ័រម៉ូន cortisol ច្រើនពេកនៅក្នុងឈាម នោះនឹងបើកទ្វារសម្រាប់ការរលាកកាន់តែច្រើនឡើង។
លើសពីនេះទៀតក៏មានការថយនៃ lymphocytes ដែលជាកោសិកាឈាមសជួយប្រឆាំងនឹងការឆ្លងរបស់រាងកាយកាន់តែទាប ដោយប្រឈមហានិភ័យខ្ពស់ចំពោះជំងឺកូវីដរួមទាំងជំងឺផ្សេងៗទៀតដែរ។ កម្រិតស្ត្រេសខ្ពស់ក៏អាចបណ្ដាលឲ្យធ្លាក់ទឹកចិត្តនិងថប់បារម្ភឬមានការរលាកកម្រិតខ្ពស់។ ដូច្នេះហើយបើប្រព័ន្ធភាពស៊ាំហត់នឿយខ្លាំងពេក មិនអាចការពាររាងកាយយើងបានត្រឹមត្រូវឡើយ។
ប្រសិនបើមិនអាចគ្រប់គ្រងកម្រិតស្ត្រេសបានទេ យើងអាចឈានទៅរកការរលាករ៉ាំរ៉ៃ ដែលជាកត្តារួមចំណែកដល់ការវិវត្តនៃជំងឺជាច្រើននៃប្រព័ន្ធភាពស៊ាំដូចជា៖ ជំងឺរលាកសន្លាក់ Fibromyalgia , Lupus ជំងឺស្បែករបកក្រហម ជំងឺរលាកពោះវៀន បញ្ហាសរសៃឈាមបេះដូងរួមទាំងចង្វាក់បេះដូងលោតលឿននិងជំងឺបេះដូងក៏ដូចជាដំបៅក្រពះ។ មួយទៀតយើងអាចនឹងមានហានិភ័យខ្ពស់ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺមហារីកផ្សេងៗនិងការថយចុះការគិត។
យើងអាចចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងដូចជាធ្វើសមាធិរយៈពេល ១០ នាទីទៅ ១៥ នាទី និង៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍ឬហាត់យូហ្គា ក៏ជួយបន្ថយកម្រិតអរម៉ូនស្ត្រេសនិងធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរបស់យើងបានធូរស្បើយ ដើម្បីជៀសវាងការរលាកឬបញ្ហាប្រព័ន្ធភាពស៊ាំ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖health.clevelandclinic
ចុចអាន៖អ្វីជាប្រព័ន្ធភាពស៊ាំ? ហេតុអ្វីអាចទប់ស្កាត់វីរុសឈ្លានពានរាងកាយយើងបាន?
ចុចអាន៖សម័យកូវីដ ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ