ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា ជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់ឲ្យស៊ីជម្រៅ បន្ថយការពឹងផ្អែកមហាអំណាច
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី០៩ខែកក្កដា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាប្រធានអាស៊ាន បានព្រមានប្រទេសក្នុងតំបន់អាស៊ានថា ការកើនឡើងភាពតានតឹងពាណិជ្ជកម្មសកល ជាពិសេសពន្ធគយបដិការថ្មីរបស់សហរដ្ឋអាមេរិក មិនមែនបញ្ចប់ទៅដោយឆាប់ៗនោះទេ ប៉ុន្តែជាផ្នែកនៃការផ្លាស់ប្តូរយូរអង្វែងនៅក្នុងសក្ដានុពលសេដ្ឋកិច្ចពិភពលោក។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងកូឡាឡាំពូ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជំរុញឱ្យប្លុកប្រទេសសមាជិកទាំង១០ ធ្វើឱ្យស៊ីជម្រៅនូវពាណិជ្ជកម្មក្នុងតំបន់អាស៊ានខ្លួនឯង និងកាត់បន្ថយការពឹងផ្អែកលើមហាអំណាចខាងក្រៅ។
ការព្រមានរបស់ប្រធានអាស៊ានរូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រៀបចំដាក់ពន្ធថ្មីពី ២៥ ទៅ ៤០% លើប្រទេសចំនួន១៤ រួមទាំងសមាជិកអាស៊ានចំនួន ០៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ខែសីហាខាងមុខ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ានមានតែប្រទេសវៀតណាមប៉ុណ្ណោះដែលបានធានាកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយរបស់ខ្លួន។
ប្រទេសម៉ាឡេស៊ីក៏កំពុងប្រឈមនឹងពន្ធនាំចូល២៥% ទៅកាន់ទីផ្សារអាមេរិក ដូច្នេះធនាគារកណ្តាលរបស់ម៉ាឡេស៊ី បានទម្លាក់អត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល៥ ឆ្នាំ ដើម្បីគាំទ្រសេដ្ឋកិច្ច។ រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Zafrul Aziz បាននិយាយថា ម៉ាឡេស៊ីនឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែនឹងមិនយល់ព្រមចំពោះអ្វីដែលប៉ះពាល់ដល់ឯករាជ្យភាពរបស់ប្រទេស ឬគោលនយោបាយជាតិសំខាន់ៗនោះទេ។
ពាក់ព័ន្ធទៅនឹងបញ្ហាពន្ធគយថ្មីនេះ លោក អាន់វ៉ា បាននិយាយថា អាស៊ានត្រូវតែរួបរួមគ្នា អនុវត្តតាមច្បាប់ពាណិជ្ជកម្មដោយយុត្តិធម៌ និងជៀសវាងការបង្ខំឱ្យចូលភាគីណាមួយរវាងសហរដ្ឋអាមេរិក និងចិន។

គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលនេះក៏កំពុងប្រព្រឹត្តឡើងក្នុងអំឡុងពេលមានភាពតានតឹង និងបញ្ហានៅក្នុងតំបន់ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាននឹងជួបជាមួយប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ខណៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បង្ហាញថា សហរដ្ឋអាមេរិកកំពុងផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ម្តងទៀត។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ពេលនេះសហរដ្ឋអាមេរិកអាចរំពឹងថាប្រទេសអាស៊ាននឹងគាំទ្រជំហររបស់ខ្លួនកាន់តែខ្លាំងជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងសន្តិសុខ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


