Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រាប់ថា ខ្លួនអនុញ្ញាតឲ្យ ICRC និងអង្គការអន្តរជាតិផ្សេងទៀត មកពិនិត្យសុខុមាលភាពទាហានកម្ពុជាទាំង១៨រូប 

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ Natthapol Nakpanich បានបញ្ជាក់ថា ប្រទេសរបស់លោកអនុញ្ញាតឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងអង្គការអន្តរជាតិផ្សេងទៀត មកពិនិត្យមើលពីសុខុមាលភាពរបស់ទាហានកម្ពុជាទាំង១៨រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏​បាន​អះអាង​ដែរថា ចំពោះទាហានកម្ពុជាទាំង១៨រូបនោះ គឺថៃធ្វើទង្វើសមរម្យ មាន​តម្លាភាព និង​យក​ចិត្ត​ទុក​ដាក់​តាម​ស្តង់ដារ​អន្តរជាតិ។

កាលពីចុងសប្តាហ៍ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree ក៏អះអាងដែរថា ខ្លួនគ្រោងអញ្ជើញអង្គការអន្តរជាតិដូចជា UNHCR និង ICRC ឲ្យចូលពិនិត្យមើលការថែទាំទាហានកម្ពុជាដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសថៃ។

ថ្លែងកាលពីថ្ងៃសៅរ៍ទី២ខែសីហា អ្នកនាំពាក្យខាងលើសង្កត់ធ្ងន់ថា ទង្វើនេះគឺមានគោលបំណងដើម្បីអនុលោមតាមនីតិវិធីនៃអនុសញ្ញាទីក្រុងហ្សឺណែវទាំងស្រុង បន្ទាប់ពីថៃ ប្រគល់ទាហានពីររូបត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី ១ ខែសីហា។

ជុំវិញរឿងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងពីការខិតខំរបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចការយ៉ាងសកម្មដើម្បីស្វែងរកដំណោះស្រាយជួយសង្រ្គោះកងទ័ពកម្ពុជាទាំង១៨រូបដែលត្រូវបានភាគីថៃចាប់ខ្លួនទៅ។

តាមសារលើកឡើងលើបណ្ដាញសង្គម នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ បានជជែកជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួចហើយក្នុងការដាក់សំណើសុំកិច្ចអន្តរាគមន៍ពីកាកបាទក្រហមអន្តរជាតិក្នុងគោលបំណងឲ្យជួយសង្រ្គោះអ្នកទាំងនោះឲ្យឆាប់បានត្រលប់មកកម្ពុជាវិញ។

ចំពោះការចាប់កងទ័ពកម្ពុជាដោយយោធាថៃនេះ សម្ដេចតេជោ ចាត់ទុកថា គឺជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ប្រាប់ថា គ្រោងអញ្ជើញអង្គការអន្តរជាតិ ឲ្យមកពិនិត្យមើលការថែទាំរបស់ខ្លួន ចំពោះទាហានកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម