Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​​​​​​បង្ហាញ​ជំហរ​ប្រកៀកស្មា​នឹងអ៊ុយក្រែន​​ នៅ​មុន​ត្រាំ​និង​ពូទីនដែលគ្រោង​​ជួបគ្នា​លើក​ដំបូង​​

បានផុស

នៅ

​ប្រមុខរដ្ឋមហាអំណាច​​​នៅអឺរ៉ុប​​ រួម​ជាមួយ​សហភា​​ព​អឺរ៉ុប​​ បានចេញសេចក្តីថ្លែង​ការ​ណ៍​ដោយ​អំពាវនាវ​​​​ធ្វើ​ការ​ទូត​រួម​គ្នា ដើម្បី​ដាក់​សម្ពាធ​រុស្ស៊ី​ក្នុងជម្លោះ​​នៅអ៊ុយក្រែន ហើយ​ត្រូវ​ធានាថា​​​អ៊ុយក្រែន​សម្រេច​បានសន្តិភាព និងសុខសន្តិភាព​យូរអង្វែង​។

​ការ​អំពាវនាវ​​​របស់​​មាន​ដឹកនាំ​អឺរ៉ុប​សំខាន់​ៗ​ បាន​ធ្វើ​ឡើង​​​ក្នុងសេចក្តីថ្លែងការណ៍​រួម​ ​ស្តីពីសន្តិភាពសម្រាប់អ៊ុយក្រែននៅមុនកិច្ចប្រជុំដែលបានគ្រោងទុករបស់ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ​ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន​នៅ​ថ្ងៃសុក្រ​សប្តាហ៍​ក្រោយ​នេះ​​នៅ​រដ្ឋអាឡាស្កា​។​

ទង់​សហភាព​អឺរ៉ុប។ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​​ថ្លែងការណ៍​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​​គណៈកម្មការអឺរ៉ុប​ ដែល​មាន​ឈ្មោះ​ ប្រធានាធិបតីបារាំង លោក Emmanuel Macron, នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni, អធិការបតីអាល្លឺម៉ង់ លោក​ Friedrich Merz, នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ Donald Tusk, នាយករដ្ឋមន្ត្រី Keir Starmer, ​​ប្រធានគណៈកម្មការ​អឺរ៉ុប​ លោកស្រី​ Ursula von der Leyen និងប្រធានាធិបតី ​ហ្វាំងឡង់​ លោក​ Alexander Stubb​។

សេចក្តី​​ថ្លែងការណ៍​នោះ បាន​សរសេរ​ថា៖«​យើងស្វាគមន៍ការងាររបស់លោកប្រធានាធិបតី ត្រាំ​ ដើម្បីបញ្ឈប់ការស្លាប់​​នៅអ៊ុយក្រែន បញ្ចប់សង្រ្គាមឈ្លានពានរបស់សហព័ន្ធរុស្ស៊ី និងសម្រេចបានសន្តិភាព និងសន្តិសុខយូរអង្វែងសម្រាប់អ៊ុយក្រែន»​​។

តាមរយៈ​សេចក្តីថ្លែងការណ៍​នោះ មេដឹកនាំ​អឺរ៉ុប​ បាន​លើក​ឡើង​ថា​ មានតែវិធីសាស្រ្តមួយដែលរួមបញ្ចូលគ្នានូវទំនាក់ទំនងការទូតសកម្ម ការគាំទ្រដល់អ៊ុយក្រែន និងការ​ដាក់​សម្ពាធលើសហព័ន្ធរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមខុសច្បាប់របស់ពួកគេប៉ុណ្ណោះដែលអាចទទួលបានជោគជ័យ។

​សេចក្តី​ថ្លែង​ការណ៍នោះបញ្ជាក់​ថា៖«យើងត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រការងារការទូត ក៏ដូចជា ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុសំខាន់ៗរបស់យើងចំពោះអ៊ុយក្រែន រួមទាំងតាមរយៈការងាររបស់សម្ព័ន្ធ​ភាព​​ឆន្ទៈ (Coalition of the Willing) និងដោយការរក្សា​វិធានការរឹតត្បិតប្រឆាំងនឹងសហព័ន្ធរុស្ស៊ី»។

សេចក្តី​​ថ្លែងការណ៍​មេដឹកនាំ​អឺរ៉ុប​ គូស​បញ្ជាក់​ថា៖«​យើងចូលរួម​ការជឿជាក់ថាដំណោះស្រាយការទូតត្រូវតែការពារផលប្រយោជន៍សន្តិសុខដ៏សំខាន់របស់អ៊ុយក្រែន និងអឺរ៉ុប»​។

​​​​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​តាមបណ្តាញ​សង្កម​ផ្ទាល់ខ្លួនក្នុងពេល​​ថ្មីៗ​នេះ​ថា ​លោក​​និង​សមភាគីរុស្ស៊ី គឺ​លោក វ៉្លាឌីមៀរ ពូទីន គ្រោង​ជួប​​ចរចា​គ្នា​ជាលើក​ដំបូង​នៅ​រដ្ឋអាឡាស្កា នៅថ្ងៃទី​១៥ខែសីហា​នេះ។ ជាមួយ​គ្នា​នេះ ​​ម​ន្ត្រី​វិមានក្រឹមឡាំង​របស់​រុស្ស៊ី​ ក៏បាន​អះអាង​ ពីការរៀប​​ចំ​ជំនួប​​​​​​នៃ​ប្រមុខ​រដ្ឋទាំងពីរ​​ដែរ​៕​

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម