Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពថៃ បើកឆាកប្រយុទ្ធជាមួយក្រុមជួញដូរគ្រឿងញៀនមីយ៉ាន់ម៉ា នៅតំបន់ត្រីកោណមាស

បានផុស

នៅ

កងទ័ពថៃនិងក្រុមជួញដូរគ្រឿងញៀនមីយ៉ាន់ម៉ា បានបើកឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់ត្រីកោណមាស ដោយជាលទ្ធផល ទាហានថៃរឹបអូសបានថ្នាំមេតំហ្វេតាមីនជិត ៣លានគ្រាប់។

(រូបថត៖ Amarin)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Amarin TV, ការប្រយុទ្ធគ្នានេះកើតឡើងនៅចំណុចឃុំកោះឆាង នៃស្រុក ម៉ែសៃ ខេត្តឈៀងរ៉ៃ កាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ពេលដែលក្រុមជួញដូរគ្រឿងញៀន ជិះទូកឆ្លងទន្ល Ruak ចេញពីតំបន់ Tachilek នៃប្រទេសមីយ៉ាន់ម៉ា ចូលដីថៃរួចក៏ជួបនឹងទាហានកំពុងល្បាត។

ក្រោយការបាញ់តដៃដ៏ក្តៅគគុកប្រមាណ៥នាទី ឈ្មួញគ្រឿងញៀនដែលមានគ្នា៤នាក់ ក៏ដកថយទៅមីយ៉ាន់ម៉ាវិញ ដោយបន្សល់ទុកថ្នាំមេតំហ្វេតាមីន ២ ៨០០ ០០០គ្រាប់ឲ្យទាហានថៃរឹបអូសយក។

(រូបថត៖ Amarin)

ក្នុងការប្រយុទ្ធគ្នានេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសទេ ហើយក្រោយមក ថៃ ក៏ដាក់ពង្រាយកងកម្លាំង ដើម្បីបន្តល្បាតនិងតាមដានស្ថានការណ៍ ទប់ស្កាត់ការជួញដូរគ្រឿងញៀនជាបន្តទៀត។

សូមជម្រាបថា «ត្រីកោណមាស» គឺជាតំបន់ភូមិសាស្ត្រដ៏ល្បីល្បាញមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានព្រំប្រទល់ប្រសព្វគ្នារវាងប្រទេសចំនួនបីគឺមីយ៉ាន់ម៉ា ថៃ និងឡាវ។

(រូបថត៖ Amarin)

ត្រីកោណមាស ស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គនិងទន្លេ Ruak ដែលជាតំបន់ភ្នំព្រៃឈើដ៏ក្រាស់ និងដាច់ស្រយាល។ តំបន់នេះធ្លាប់ល្បីរន្ទឺទូទាំងពិភពលោកថាជា ប្រភពផលិត និងជួញដូរអាភៀន និងគ្រឿងញៀនដ៏ធំបំផុតមួយ។

បច្ចុប្បន្ន ប្រទេសទាំងបីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ក្រាបការដាំដុះអាភៀន។ ទោះបែបនេះ ការផលិតនិងការជួញដូរគ្រឿងញៀននៅតែបន្តកើតឡើងក្នុងតំបន់ ជាពិសេសនៅភាគខាងកើតនៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តំណាងរាស្រ្តថៃ ទទូចឲ្យរដ្ឋ មេត្តាគិតគូរដល់ជនរងគ្រោះនៅខេត្តភាគខាងត្បូង ខ្លះផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម