Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​អ៊ីស្រាអែល​ស្នើ​ផែនការកាត់​​បញ្ចូល​តំបន់​​​​​ហ្គាហ្សា​ជាឧបសម្ព័ន្ធ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich កាល​ពី​ថ្ងៃ​ទី​២៨ខែ​សីហា បានបង្ហាញផែនការដ៏ចម្រូងចម្រាសមួយ គឺ​អ៊ីស្រាអែលកាត់​បញ្ចូលតំបន់ហ្គាហ្សាស្ទ្រីបជា​ឧបសម្ព័ន្ធ ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន​ហាម៉ាស​បដិសេធ​ទម្លាក់​អាវុធចុះចាញ់។

លោក Bezalel Smotrich (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សេរុយសាឡឹម រដ្ឋមន្ត្រីស្តាំនិយមជ្រុល​រូប​នេះ បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រមួយដើម្បី «សម្រេចបានជ័យជម្នះ​នៅតំបន់ហ្គាហ្សានា​ចុងឆ្នាំ​នេះ»។ ផែនការនេះផ្តោតលើការផ្តល់ឱសានវាទដល់ក្រុមហាម៉ាស ដោយទាមទារ​ឲ្យ​ពួកគេ​ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ទម្លាក់​អាវុធចុះ និងដោះលែងចំណាប់ខ្មាំងទាំងអស់ដែលបានឃុំខ្លួនតាំងពីខែតុលា​ឆ្នាំ​២០២៣។

ប្រសិនបើក្រុមហាម៉ាសបដិសេធ លោក Smotrich បានស្នើថា អ៊ីស្រាអែលចាប់ផ្តើមបញ្ចូល​​មួយ​ផ្នែក​​នៃតំបន់ហ្គាហ្សា​​ជា​រៀងរាល់​សប្ដាហ៍​​​សម្រាប់រយៈពេល​៤សប្តាហ៍ រហូត​ដល់​តំបន់​នេះ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​ពេញលេញ​​របស់​អ៊ីស្រាអែល ខណៈ​ដំណើរការ​កាត់​ចូល​ជា​ឧសម្ព័ន្ធ​នឹង​សម្រេច​បាននៅ​រយៈពេល​ប្រមាណ​ជា ៣ ទៅ ៤​ខែ។ ដំណាក់កាលប្រតិបត្តិការ​នេះ នឹងពាក់ព័ន្ធការបញ្ជា​ឲ្យ​ជនស៊ីវិលប៉ាឡេស្ទីនជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា បន្ត​ដោយការឡោមព័ទ្ធដោយយោធានៅភាគខាងជើង និងកណ្តាល ដើម្បីលុបបំបាត់កងកម្លាំងហាម៉ាស។

លោក Smotrich បានអំពាវនាវ​ឲ្យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ «អនុម័តផែនការនេះ​ឲ្យបានពេញលេញភ្លាមៗ»។

សំណើនេះត្រូវបានថ្កោលទោសយ៉ាងរហ័សដោយក្រុមហាម៉ាស ដែលបានចាត់ទុក​ថា វា​ជា​«ការគាំទ្របើកចំហសម្រាប់គោលនយោបាយនៃការផ្លាស់ទីលំនៅដោយបង្ខំ និងការបោសសម្អាតជនជាតិភាគតិច» ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

ការកត់សម្គាល់របស់លោក Smotrich ធ្វើឡើងចំពេលមានការត្រៀមរៀបចំដោយយោធាអ៊ីស្រាអែលសម្រាប់ការវាយលុកថ្មីដ៏ធំ​មួយក្នុងគោលបំណងដណ្តើមកាន់កាប់ទីក្រុងហ្គាហ្សា ដោយបង្កើនការព្រួយបារម្ភ​ចំពោះសុវត្ថិភាពនៃជនស៊ីវិលមួយចំនួនធំដែលប្រមូលផ្តុំនៅ​ទីនោះ៕

ដោយ៖ ឈាង

ចុចអាន៖ បុគ្គលិក UN រាប់រយនាក់ ស្នើឱ្យដាក់សង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាជាអំពើប្រល័យពូជសាសន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម