ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ គ្មានឡើយនូវរដ្ឋប៉ាឡេស្ទីន នេះគឺជាទឹកដីរបស់យើង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាថា រដ្ឋប៉ាឡេស្ទីន«នឹងមិនត្រូវបានបង្កើតឡើងឡើយ» ខណៈដែលប្រទេសមួយចំនួនរៀបចំដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនាចុងខែនេះ។

ថ្លែងនៅក្នុងពិធីមួយដែលបង្ហាញពីការពង្រីកការតាំងទីលំនៅក្នុងទីក្រុង Ma’ale Adumim នៃតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ទីក្រុងនេះនឹងកើនឡើងប្រជាជនទ្វេដងរហូតដល់ ៧០ ០០០នាក់ក្នុងរយៈពេល៥ឆ្នាំ។
លោក ណេតាន់យ៉ាហ៊ូ បានរៀបរាប់ថា «យើងបាននិយាយថានឹងមិនមានរដ្ឋប៉ាឡេស្ទីនទេ…។ កន្លែងនេះជារបស់យើង យើងនឹងថែរក្សាមរតករបស់យើង ទឹកដីរបស់យើង និងសន្តិសុខរបស់យើង»។
ប្រទេសបារាំង កាណាដា និងចក្រភពអង់គ្លេស សុទ្ធតែបានប្រកាសពីផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ជាទង្វើមួយដែលអ៊ីស្រាអែលថ្កោលទោស។ ក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសថា វិធានការបែបនេះ ប្រៀបដូចជាការ«ផ្តល់រង្វាន់ដល់ក្រុមហាម៉ាស» និងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងដែលនៅតែឃុំខ្លួនដោយពួកសកម្មប្រយុទ្ធ។
ទីក្រុង Ma’ale Adumim ស្ថិតនៅចម្ងាយ ៧ម៉ាយភាគខាងកើតនៃទីក្រុងហ្សេរុយសាឡឹម បច្ចុប្បន្នមានប្រជាជនអ៊ីស្រាអែលប្រហែល ៤០ ០០០នាក់។ រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ថ្មីៗនេះបានអនុម័តគម្រោងបង្កើតលំនៅដ្ឋានថ្មីជាង ៧ ០០០កន្លែងនៅទីនោះ ដែលរងការរិះគន់ពីអង្គការសហប្រជាជាតិ។
តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចថា ការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងទឹកដី West Bank របស់ប៉ាឡេស្ទីនចាប់តាំងពីឆ្នាំ១៩៦៧ គឺខុសច្បាប់ ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសម្តងហើយម្តងទៀតនូវសកម្មភាពតាំងទីលំនៅចុងក្រោយបំផុតរបស់អ៊ីស្រាអែលក្នុងឆ្នាំ២០១៦។
អ្នកនាំពាក្យរបស់អាជ្ញាធរប៉ាឡេស្ទីនលោក Nabil Abu Rudeineh កាលពីថ្ងៃព្រហស្បតិ៍បានទទូចថា រដ្ឋប៉ាឡេស្ទីនដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន គឺជាគន្លឹះនៃសន្តិភាពនៅក្នុងតំបន់។ លោកបានចាត់ទុកដំណោះស្រាយរដ្ឋពីរថាជារឿងដែល«ជៀសមិនរួច»។ លោក Rudeineh បានថ្កោលទោសការតាំងទីលំនៅរបស់អ៊ីស្រាអែលថាខុសច្បាប់ក្រោមច្បាប់អន្តរជាតិ ហើយបានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថា «រុញតំបន់ទាំងមូលឆ្ពោះទៅរកភាពវិនាសសាបសូន្យ»។
លោកបានកត់សម្គាល់ថា រដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន១៤៩ បានទទួលស្គាល់ប៉ាឡេស្ទីន ហើយលោកបានអំពាវនាវឲ្យប្រទេសទាំងអស់ដែលមិនទាន់បានធ្វើដូច្នេះ ឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាបន្ទាន់៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


