Connect with us

សុខភាព

ការឈឺចាប់​ក្រោយ​វះកាត់ លែង​ជា​ក្តីបារម្ភ ប្រសិន​ប្រើ​ប្រាស់​តាម​ការ​ណែនាំ​ទាំង​នេះ

បានផុស

នៅ

​ការឈឺចាប់​ក្រោយ​វះកាត់ គឺជា​អារម្មណ៍​ភ័យខ្លាច និង​ជា​ក្តីកង្វល់​ចម្បង​មួយ​ក្នុងចំណោម​កង្វល់​នានា នៃ​អ្នកជំងឺ​ត្រៀម​វះកាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការសិក្សា​ផ្នែក​សរីរវិទ្យា នៃ​ការឈឺចាប់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នាពេល​បច្ចុប្បន្ន បានបង្ហាញ​យ៉ាងច្បាស់​អំពី​បែបផែន​នៃ​ការបង្ក​ការឈឺចាប់ និង​វិធីសាស្ត្រ​ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ការឈឺចាប់​ទៅតាម​ទីតាំង និង​លំដាប់ថ្នាក់​របស់​ប្រព័ន្ធ​បញ្ជូន​ព័ត៌មាន​នៃ​ការឈឺចាប់​ក្នុង​រាងកាយ​។ ការឈឺចាប់​ក្រោយ​ការវះកាត់ គឺជា​ការឈឺចាប់​ខ្លាំង និង​ស្រួចស្រាវ ដែលជា​ធម្មតា​វា​នឹង​ថយចុះ​បន្តិច​ម្តងៗ​ក្នុង​រយៈពេល ២ ទៅ ៤​ថ្ងៃ ទោះបីជា​គេ​មិន​ផ្តល់​ឱសថ​ដើម្បី​គ្រប់គ្រង​ក៏ដោយ​។ ក៏ប៉ុន្តែ​ប្រសិនបើ​ការឈឺចាប់​នេះ​ មិន​បានទទួល​ការព្យាបាល ឬ​ព្យាបាល​មិន​ពេញលេញ និង​ត្រឹមត្រូវ វា​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ ពិសេស​មនុស្ស​ចាស់ ហើយ​ការឈឺចាប់​នេះ​បានធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ទ្រាំ បង្ក​ការ​រាងចាល ឈានទៅរក​ភាព​រ៉ាំរ៉ៃ និង​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។​

១) វត្ថុបំណង​នៃ​ការគ្រប់គ្រង​ការឈឺចាប់​៖

– លើក​កម្ពស់​ផាសុកភាព​អ្នកជំងឺ​

– បង្ក​លក្ខខ័ណ្ឌ​ងាយស្រួល​ក្នុងការ​ប្រែប្រួល​ការ​ងើប​ក្រោក និង​ការព្យាបាល​ដោយ​ចលនា​

– បញ្ចៀស​វិបត្តិ​ធ្ងន់ធ្ងរ​លើ​បេះដូង និង​សួត ជាពិសេស​លើ​មនុស្ស​ចាស់​

– កាត់បន្ថយ​រយៈពេល​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​។​

២) វិធី​ផ្តល់​ឱសថ​៖

​ការឈឺចាប់​ក្រោយ​វះកាត់ ជា​ប្រភេទ​ការឈឺចាប់​ស្រួចស្រាវ និង​ខ្លាំងក្លា ដូច្នេះ​ជម្រើស​នៃ​ការប្រើ​ឱសថ​ដែលមាន​ប្រសិទ្ធិភាព​ជាងគេ គឺ​ការប្រើ​ឱសថ​ច្រើន​មុខ​បញ្ចូល​គ្នា (Analgésie multinodale) ទៅតាម​កម្រិត​នៃ​ការឈឺចាប់ និង​ទំហំ​នៃ​ការវះកាត់​។

​ការអនុវត្ត​ន៏​វិធី​គ្រប់គ្រង​ការឈឺចាប់ ​ត្រូវ​បាន​រៀបចំឡើង​តាម​លំដាប់ថ្នាក់​នៃ​ឱសថ ដែល​កំណត់ដោយ​អង្គការ​សុខភាព​ពិភពលោក​គឺ​៖

– ករណី​ការវះកាត់​តូច និង​ឈឺចាប់​តិចតួច ប្រើ​ឱសថ​លំដាប់ថ្នាក់​ទី​១ គឺ Paracétamol និង​ថ្នាំ​បំបាត់​រលាក (Anti-Inflammatoire Non Stéroidiens, AINS)​។​

– ករណី​វះកាត់​ធំ និង​ការឈឺចាប់​ខ្លាំងក្លា ត្រូវ​ប្រើ​ឱសថ​លំដាប់ថ្នាក់​ទី​១ រួមបញ្ចូល​លំដាប់ថ្នាក់​ទី​៣ គឺ​ពួក Morphines ខ្លាំង​។​

– ករណី​វះកាត់​មធ្យម និង​កម្រិត​ឈឺចាប់​ល្មម គឺ​ប្រើ​ឱសថ​លំដាប់ថ្នាក់​ទី​១ រួមបញ្ចូល​និង​ឱសថ​លំដាប់ថ្នាក​ទី ២ គឺ​ពួក Morphines ខ្សោយ​។​

​ក្រៅពីនេះ​យើង​មាន​ប្រភេទ​ថ្នាំស្ពឹក​ប្រើ​បន្ថែម​ដើម្បី​លើក​កម្ពស់​គុណភាព នៃ​ការគ្រប់គ្រង​ការឈឺចាប់ អោយ​កាន់តែ​ប្រសើរឡើង​។ ក្នុងនោះ​យើង​មាន​បច្ចេកទេស​ច្រើនយ៉ាង​ដែល​អាច​ប្រើប្រាស់​បាន​ដូចជា​៖

– ការធ្វើ​អេ​ពី​ដូ​រាល់ Épidural

– ការចាក់​ស្ពឹក​ជុំវិញ​សរសៃវិញាណ (Bloc loco-régional)

– ការចាក់​ស្ពឹក​លើ​របួស​វះកាត់ (Infiltration péri-cicatrice)

​បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កម្មវិធី​គ្រប់គ្រង​ការឈឺចាប់​ក្រោយ​ការវះកាត់​ត្រូវបាន​អនុវត្ត​លើ​គ្រប់​អ្នកជំងឺ និង​គ្រប់ផ្នែក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ លទ្ធផល​ទទួលបាន​ គឺ​ការថយចុះ​ការឈឺចាប់​លើ​អ្នកជំងឺ​វះកាត់​គ្រប់​កម្រិត និង​ករណី​ធំៗ និង​អាច​គ្រប់គ្រង​បាន​ស្ទើរ​ទាំងស្រុង លើ​អ្នក​វះកាត់​មធ្យម និង​វះកាត់​តូច​ដែល​ជា​ហេតុ​ជួយ​កាត់បន្ថយ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ​មួយចំនួន និង​ធ្វើឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ធូរស្រាល ហើយ​ពួកគាត់​អាច​ឆាប់​បាន​ចេញពី​មន្ទីរពេទ្យ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហេតុអ្វី​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ ទារក​អាយុ​ក្រោម​២៨ថ្ងៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម