ព័ត៌មានអន្ដរជាតិ
បុរស ដែលប្ដូរតម្រងនោមជ្រូកនៅអាមេរិក ទទួលមរណភាពក្រោយវះកាត់បាន២ខែ
លោក Richard “Rick” Slayman ដែលជាបុរសដំបូងគេប្ដូរដាក់តម្រងនោមជ្រូកនៅសហរដ្ឋអាមេរិក បានទទួលមរណភាពហើយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើការវះកាត់បាន២ខែកន្លងទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យ Massachusetts General Hospital ដែលជាកន្លែងលោក Slayman បានធ្វើការវះកាត់ប្ដូរតម្រងនោម។

នៅក្នុងសេចក្ដីប្រកាស ខាងមន្ទីរពេទ្យបានលើកឡើងថា ពួកគេពិតជាមានការសោកស្ដាយខ្លាំងចំពោះការស្លាប់របស់លោក Slayman។ យ៉ាងណាមិញ មន្ទីរពេទ្យ បានបញ្ជាក់បន្ថែមថា មរណភាពរបស់លោកមិនមានការចង្អុលបង្ហាញថា វាជាប់ពាក់ព័ន្ធនឹងការវះកាត់ប្ដូរតម្រងនោមកាលពីថ្មីៗកន្លងទៅនោះទេ។
គួររំឭកថា លោក Slayman វ័យ៦២ឆ្នាំ បានស្ថិតនៅក្នុងស្ថានភាពខូចតម្រងនោមដំណាក់កាលចុងក្រោយ ដែលទាមទារឲ្យមានការផ្លាស់ប្ដូរតម្រងនោមដើម្បីបន្តជីវិត។ លោកធ្លាប់ប្ដូរតម្រងនោមម្ដងកាលពីឆ្នាំ២០១៨ តែវាត្រូវបានខូចម្ដងទៀតនៅក្នុងឆ្នាំ២០២៣ ព្រមទាំងបានវិវឌ្ឍទៅជាជំងឺកកសរសៃឈាមបេះដូងថែមទៀតផង។ ហេតុដូច្នោះហើយទើបវេជ្ជបណ្ឌិតរបស់លោក Slayman បានស្នើឲ្យលោកផ្លាស់ប្ដូរតម្រងនោមជ្រូកវិញម្ដង ដោយសារកង្វះខាតនៃការបរិច្ចាគតម្រងនោមមនុស្ស។
លោក Slayman ធ្លាប់បាននិយាយកាលពីខែមីនាកន្លងទៅថា “ខ្ញុំយល់ឃើញថា វាមិនត្រឹមតែជាវិធីជួយសង្គ្រោះខ្ញុំនោះទេ តែវាជាវិធីផ្ដល់នូវក្ដីសង្ឃឹមសម្រាប់មនុស្សរាប់ម៉ឺននាក់ទៀត ដែលមានតម្រូវការវះកាត់ដើម្បីរស់”។

ការវះកាត់របស់លោក មានរយៈពេល៤ម៉ោង និងទទួលបានជោគជ័យ ដែលពេលនោះត្រូវគេចាត់ទុកជាជោគជ័យថ្មីមួយនៃផ្នែកវេជ្ជសាស្ត្រ។ អស់រយៈពេលជាច្រើនទសវត្សមកហើយ មានការស្រាវជ្រាវចង់ឲ្យមានការវះកាត់ប្ដូរសរីរាង្គសត្វដាក់ក្នុងខ្លួនមនុស្ស ដែលគេហៅថា “Xenotransplantation” តែត្រូវប្រឈមនឹងបញ្ហាត្រង់ថា ប្រព័ន្ធស៊ាំមនុស្សមិនសម្របខ្លួនជាមួយសរីរាង្គពីសត្វនោះឡើយ ដែលនេះជាហេតុផលបង្កជាបញ្ហាស្មុគស្មាញខ្លាំងសម្រាប់ការវះកាត់។
ទោះជាយ៉ាងនេះក្ដី ការស្រាវជ្រាវថ្មី ដែលប្រហែលជាអាចផ្ដល់ក្ដីសង្ឃឹមសម្រាប់មនុស្សជាតិ គឺការបន្ស៊ាំហ្សែនសរីរាង្គសត្វ ដើម្បីធ្វើឲ្យវាអាចសម្របខ្លួនប្រើប្រាស់ជាមួយសរីរាង្គមនុស្សបាន។ ដូចក្នុងករណីលោក Slayman ក្រុមហ៊ុនជីវបច្ចេកវិទ្យា eGenesis បានបន្ស៊ាំតម្រងនោមជ្រូក មុននឹងធ្វើការវះកាត់ ដោយបានដកហ្សែនចំនួន៣ ពីតម្រងនោមជ្រូក ហើយបន្ថែមហ្សែនប្រភេទថ្មីចំនួន៧ ដើម្បីធានាបាននូវភាពសម្របគ្នាបានល្អជាមួយសរីរាង្គមនុស្ស។

សូមបញ្ជាក់ថា នៅអាមេរិក មានមនុស្សច្រើនជាង ៨០ម៉ឺននាក់ បានកើតជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ។ ប៉ុន្តែការបរិច្ចាគតម្រងនោមនៅមានចំនួនតិចខ្លាំងណាស់ សម្រាប់ធ្វើការវះកាត់ ខណៈដែលនៅក្នុងបញ្ជីរង់ចាំការបរិច្ចាគនៅមន្ទីរពេទ្យរដ្ឋអាមេរិក មានជិត៩ម៉ឺននាក់ឯណោះ៕
ដោយ៖ ឈាង
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


