KPT+
ដួលហើយងើបមកវិញ ជារឿងធម្មតាក្នុងជីវិត
ដើម្បីការធានាថា យើងមិនចំណាយពេលវេលា ផលិតភាពរបស់យើងនៅលើហ្វេសប៊ុកដោយ អសារឥតការ គឺយើងធ្វើការលើវា ជាជាងតាមដានបណ្ដាញ Newsfeed (រឿងដែលកើតឡើងថ្មី) ដោយទទេ។

ខ្ញុំមិនជឿព័ត៌មាន ឬអាចថា ខ្ញុំមិនងាយជឿព័ត៌មាន ដូច្នេះ អ្នកសរសេរចងមុងទាំងឡាយពិបាកបោកចិត្តខ្ញុំបាន។ ចំណែកអ្នកវិភាគលើបណ្ដាញ នោះរឹតតែខ្ញុំអត់ពាក់ព័ន្ធ។ តាំងពីឆ្នាំ២០០៧ មក ហ្វេសប៊ុកជាល្បែងយ៉ាងប្រសើរក្នុងការឲ្យខ្ញុំសិក្សាអំពីឧស្សាហកម្មទីផ្សារគ្មានដែនកំណត់មួយ ដែលនឹងរាតត្បាតពិភពលោកយ៉ាងហោចណាស់ ៣០ ឆ្នាំទៅមុខទៀត។
ខ្ញុំដឹងថា អ្វីខ្លះដែលខ្ញុំអាចនិយាយ បង្ហោះផ្សាយ និងអាចទទួលយកមកដាក់ក្នុងខួរក្បាល។ ខ្ញុំមិនដែលបាក់ទឹកចិត្តនឹងការលេងហ្វេសប៊ុកទេ ដូច្នេះខ្ញុំមិនយល់ថា ខ្ញុំបានខាតពេលជាមួយវាសោះ។ វាជាសាលារៀនដែលខ្ញុំអត់បង់ថ្លៃ ទោះវាចំណេញពីខ្ញុំខ្លះ តែខ្ញុំមានវិធីចំណេញច្រើនជាង។

ទោះជាយ៉ាងនេះក៏ដោយ ខ្ញុំមិនប្រកែកទេដែលថា រយៈពេលជាងមួយទសវត្សកន្លងមកនេះ បច្ចេកវិទ្យាអនឡាញ កាន់តែមានលទ្ធភាព ឬល្បិចប្រសើរឡើងឥតអាក់ក្នុងការអូសទាញយើងឲ្យចូលស៊ង។ មនុស្សជាច្រើនបានខូចខាតលុយកាក់បន្ថែមពីលើការបាត់បង់ពេលវេលា ដោយសារតែគេមិនទាន់យល់ច្បាស់ ហើយចាប់ផ្ដើមវិនិយោគទៅលើបណ្ដាញសង្គមដែលទិន្នន័យនៃការគណនាផលប្រយោជន៍របស់អ្នកបង្កើតវាឡើងមក គេដើរមុនយើងច្រើនជំហាន។
បន្ទុកព័ត៌មានផ្ទុកមកលើយើងសឹងទទួលយកមិនបានជារៀងរាល់ព្រឹក ជារៀងរាល់ម៉ោង យើងឃើញការជូនដំណឹងជាច្រើនហួសកម្រិតយើងអាចទទួលយកមកគិត ហើយបើយើងជម្នះ កម្រិតសមត្ថភាពផលិតភាពនៃម៉ោងនីមួយៗរបស់យើងនឹងថមថយទៅតាមនោះ។
ធ្លាប់ទេ សូម្បីអ្នកណាម្នាក់ដែលមានអ្វីល្អ ឬមិនល្អ អាចធ្វើឲ្យខូចអារម្មណ៍? មើលមួយភ្លែត បាត់បង់លទ្ធភាពបំពេញការងារអស់មួយថ្ងៃ?
ដំណោះស្រាយពេលប្រទះហេតុភេទបែបនេះ ការកំណត់ម៉ោងក្នុងការបើកអ៊ីនធឺណិត ទូរសព្ទ ត្រូវតែចាប់ផ្តើមជាវិន័យធំមួយចំពោះខ្លួនឯង។
យើងមិនត្រឹមតែមិនបានផលប្រយោជន៍ពីបណ្ដាញនោះ តែថែមទាំងខូចពេលវេលាទៀត។ ដូច្នេះត្រូវព្រមានខ្លួនឯងដោយការកំណត់ពេលសម្រាប់លេងអ៊ីនធឺណិត។
ខ្ញុំមិនអាចនិយាយថា យើងរស់ក្នុងសង្គមនេះ ហើយមិនពាក់ព័ន្ធនឹងអ៊ីនធឺណិតទេ ប៉ុន្តែកុំឲ្យវាក្លាយទៅជាតួអង្គរំខានដល់ការរីកចម្រើនរបស់យើង។
ទូរសព្ទក៏ដូចអ៊ីនធឺណិត និងបណ្ដាញសង្គមដែរ ពិតណាស់ វាជាឧបករណ៍ ជាប្រព័ន្ធ ជាអំណាច ជាទីផ្សារដ៏មានប្រយោជន៍ ប្រសិនបើយើងគិតដឹងពីរបៀបប្រើវាដោយឈ្លាសវៃ។
មនុស្សយើងសព្វថ្ងៃត្រូវបានគេប្រើឲ្យមើលផ្ទាំងប៉ាណូ បដា ការផ្សាយពាណិជ្ជកម្ម មិនថានៅក្នុងបន្ទប់ទឹក មុខផ្ទះ តាមផ្លូវ លើឡាន ឬនៅកន្លែងធ្វើការ។ បន្ថែមពីនោះ គេផ្សាយតាមបណ្ដាញសង្គម ផ្ញើមកក្នុងអ៊ីមែល ហើយប្រើមនុស្សមកនិយាយផ្ដល់ព័ត៌មានតាមទូរសព្ទទៀតក៏មាន។
មិនចម្លែកទេ ដែលយើងត្រូវទទួលផ្ទុកទិន្នន័យច្រើនលើសកំណត់ (Overload)។ យើងគួរតែមានប្រព័ន្ធផ្ទាល់ខ្លួន ក្នុងកិច្ចការពារពីជំងឺទិន្នន័យលើសការកំណត់នេះ។ បើយើងទម្លាប់ក្រោកមកជាមួយកាហ្វេមួយពែង វាមិនអីទាំងអស់ តែបើចាប់ផ្ដើមមកជាមួយហ្វេសប៊ុក គួរគិតជាថ្មី។
ការចាប់ផ្ដើមថ្ងៃនីមួយៗ វាស្ដាប់ទៅសាមញ្ញ ប៉ុន្តែវាពិតជាសំខាន់ខ្លាំងណាស់ក្នុងរបបគ្រប់គ្រងពេលវេលារបស់យើងម្នាក់ៗ។
ដូចខ្ញុំនិយាយពីលើមក មនុស្សមិនជោគជ័យ ឬជោគជ័យ អាស្រ័យលើរបៀបដាក់វិន័យពេលវេលារបស់គេ។ នៅពេលណាដែលយើងសមនឹងចំណាយលើព័ត៌មានអនឡាញ ហើយវាលើសកំណត់ដែរអត់ វាចាំបាច់ដែរអត់សម្រាប់ជីវិតរបស់យើង?

ដូច្នេះចំពោះមនុស្សវ័យជំទង់ក្នុងគ្រួសារយើង ឬវ័យជំទង់ដែលកំពុងអានសៀវភៅនេះផ្ទាល់ ខ្ញុំចង់ឲ្យគិតលើចំណុចសំខាន់មួយ គឺការដួលងើបមកវិញជារឿងធម្មតាក្នុងជីវិតយុវវ័យ។
រាល់ការគិតអំពីអនាគតអាចគិតបាន តែមិនបាច់តឹងតែងពេកទេ ព្រោះពេលវេលានៅមានច្រើន។ គេគួរតែរីករាយនឹងពេលវេលាដ៏ពិសេសមួយនេះ ព្រោះថា ជាវ័យដែលត្រូវចំណាយពេលវេលាក្នុងការស្គាល់ខ្លួនឯង និងអនុញ្ញាតឲ្យខ្លួនឯងបានសាកល្បង វាយលុក តតាំង និងលត់ដំឲ្យដល់កម្រិតកំពូលនៃសមត្ថភាព និងភាពខ្លាំង ទេពកោសល្យពិសេសដែលខ្លួនឯងមាន។
ការរៀនមានវិន័យ មានការទទួលខុសត្រូវដូចមនុស្សធំ នឹងក្លាយជាឧបសគ្គថ្មី ដែលស្ដាប់ទៅឈឺក្បាល មានសម្ពាធ ប៉ុន្តែវាអត់គួរឲ្យខ្លាចដូចយើងគិតទេ គ្រប់យ៉ាងនៅចំពោះមុខ គួរឲ្យរំភើប និងភ្ញាក់ផ្អើល ព្រោះកាន់តែឈាន យើងកាន់តែដឹងពីសមត្ថភាពដ៏អស្ចារ្យនានាបង្កប់ក្នុងខ្លួនយើង ក្នុងវ័យរបស់យើងដែលពីមុនមក យើងមិនដែលដឹងច្បាស់សោះអំពីខ្លួនឯង។
ការកំណត់គោលដៅសម្រាប់ខ្លួនយើង ថាយើងចង់ក្លាយជាអ្វី ហេតុអ្វី ទាក់ទងអ្វីនឹងសមត្ថភាពខ្លួនឯង ហើយចាប់ផ្ដើមខិតខំធ្វើអ្វីៗគ្រប់យ៉ាងដែលយើងមានក្នុងគម្រោង។ ធ្វើវាសន្សឹមៗ ហើយត្រៀមលក្ខណៈជាស្រេចក្នុងការបរាជ័យ វាមិនអីទេ វាជារឿងធម្មតាមុនពេលទទួលបានជោគជ័យ។
ជោគជ័យដ៏ធំរបស់វ័យជំទង់គឺការប្រើពេលវេលាក្នុងវិធីផ្ទាល់ខ្លួន ស្គាល់ខ្លួនឯង ហើយផ្លាស់ប្ដូរឈានឡើងជានិច្ចដើម្បីខ្លួនឯង។ វត្ថុល្អបំផុតក្នុងជីវិតដែលគ្រប់គ្នាចង់បាន គឺសុភមង្គល និងការចម្រើនលូតលាស់ដែលពីរយ៉ាងនេះ មិនអាចទិញដូរបាន ទោះឪពុកម្ដាយយើងមានបានកម្រិតណា វាតម្រូវឲ្យមានការលះបង់ និងការខិតខំនៅគ្រប់កាលៈទេសៈ។
ត្រូវចេះមានមោទនភាពចំពោះសមិទ្ធផលតូចក្តីធំក្តីរបស់យើង ហើយព្យាយាមដោះស្រាយរាល់ការបរាជ័យឲ្យក្លាយទៅជាឱកាសដើម្បីរៀនសូត្រសម្រាប់ឆ្ពោះទៅរកជោគជ័យ។ មនុស្សគ្រប់គ្នា មិនថាអាក្រក់ក្តី ល្អក្តី មានតម្លៃបង្រៀនយើងឲ្យស្គាល់ពីជីវិត ឲ្យដឹងពីវិធីទប់ទល់ ហើយពួកគេនឹងដុសខាត់ទេពកោសល្យរបស់យើង មិនថាតាមរយៈការពេបជ្រាយ រិះគន់ ឬលើកសរសើរ ពួកគេនឹងធ្វើឲ្យយើងរឹងមាំ។ កុំបន្ទោសពួកគេ ដែលធ្វើឲ្យយើងរឹងមាំ។ ភាពរឹងមាំ ជាលទ្ធផលធំបង្អស់ក្នុងការប្រើពេលវេលាជាយុវវ័យរបស់មនុស្សយើងម្នាក់ៗ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅ #ពេលវេលា របស់អ្នកនិពន្ធ ម៉ីសន សុធារី
ចុចអាន៖វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?