Connect with us

KPT+

ក្លាយជាអ្នកនិពន្ធម្នាក់ ត្រូវចេះ​រៀនសូត្ររឿង ៦យ៉ាងនេះ ទើបអាចរីកចម្រើន

បានផុស

នៅ

អ្នកស្រី អ៊ុច ថាវី ជាអ្នកនិពន្ធឯករាជ្យម្នាក់ ដែលធ្លាប់ចំណាយពេល ១៦ឆ្នាំ និពន្ធរឿងវីដេអូអប់រំនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលស្នាដៃរបស់អ្នកស្រីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកទស្សនា។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ កម្ពុជាថ្មី អ្នកនិពន្ធជើងចាស់រូបនេះ បានបង្ហើបនូវគន្លឹះ ៦យ៉ាងដើម្បីក្លាយជាអ្នកនិពន្ធម្នាក់ ទៅកាន់អ្នកទើបប្រឡូកក្នុងវិស័យតែងនិពន្ធថ្មោងថ្មី សម្រាប់ទុកជាការរៀនសូត្របន្ថែម។ គន្លឹះទាំង ៦នោះ រួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. រៀនសរសេរវាចេញមក ជាមួយនឹងឆ្អឹងរឿង៖ រៀនបង្កើតរឿង និងរៀនសរសេរដើម្បីរំលេចសាច់រឿងចេញមក។ មួយវិញទៀតត្រូវរៀនសរសេរឆ្អឹងរឿងចេញមក ពិសេសចំពោះអ្នកដែលសរសេររឿងវែង ព្រោះវាអាចជួយអ្នកឱ្យចង និងស្រាយបញ្ហាបានល្អ។ ឆ្អឹងរឿងវាដូចជាផ្លូវដែលអ្នកត្រួសត្រាយទុកដើម្បីដើរទៅឱ្យដល់ការបញ្ចប់រឿង។ ជាការពិត អ្នកអាចកែប្រែឆ្អឹងរឿងនោះបាននៅពេលអ្នកចាប់ផ្តើមសរសេរអត្ថបទរឿង។ គុណសម្បត្តិមួយទៀតនៃឆ្អឹងរឿង គឺវាអាចឱ្យអ្នកសរសេរឈុតឆាកណាមួយមុនក៏បាន បើសិនមានឈុតឆាកខ្លះអ្នកនៅទើ សរសេរមិនចេញ។

២. រៀនសង្កេតពីព្រឹត្តិការណ៍៖ ព្រឹត្តិការណ៍ដែលកើតឡើងនៅជុំវិញខ្លួនសុទ្ធសឹងជាទុនក្នុងការតែងនិពន្ធ។ កុំទម្លាប់សរសេររឿងដែលគ្មានរឿង រឿងដែលគ្មានទម្ងន់នៃបញ្ហា និងរឿង​ដែលគ្មាន​បង្កប់​នូវសារអប់រំ ហើយ​កុំ​ព្យាយាមរត់តាមទីផ្សារ ឬចំណូលចិត្ត​របស់​អ្នកអាន ​ព្រោះ​ស្នាដៃនោះអាចនឹង​មិន​មាន​​តម្លៃ​ជា​សកល និងមិនមានតម្លៃយូរ​អង្វែង​​ឡើយ។ ការរត់​តាមទីផ្សារ វាប្រៀប​ដូចជាការស្រវាចង់បានភាពល្បីបែប​ភ្លើង​ចំបើង។

៣. រៀនពីស្នាដៃអ្នកដទៃ៖ រៀនស្រាវជ្រាវ រៀនសិក្សាស្វែងយល់ពីស្នាដៃប្រលោមលោក ឬវីដេអូរបស់អ្នកនិពន្ធ​ដទៃ។ ប៉ុន្តែ​ចៀសវាងដាច់ខាតការតែងនិពន្ធដោយ Inspired (បំផុសគំនិត) ពីរឿងនេះ ឬរឿងនោះ​ដែលខ្លួន​បាន​អាន ឬបាន​ទស្សនា ​​ពីព្រោះការ Inspired ហួសហេតុ វាក្លាយជាការ​ចម្លង​រឿងគេ ហើយវានឹងធ្វើឱ្យយើងបាត់បង់តម្លៃ​ខ្លួនឯង។ កុំចង់ល្បីព្រោះចម្លងគេ!

៤. រៀនទើស និងរៀនទាមទារ៖ ត្រូវដឹងថាតើកន្លែងណាដែលមិនល្អ ហើយគួរធ្វើបែប​ណា​​ដើម្បីអភិវឌ្ឍស្នាដៃនោះឱ្យកាន់តែល្អ។ កុំគ្រប់គ្រាន់ ឬស្កប់ស្កល់នឹងគុណភាព​ស្នាដៃរបស់ខ្លួនឯង។ ត្រូវរក​អ្នកអានដ៏ល្អដើម្បីអានស្នាដៃរបស់ខ្លួនដើម្បីទទួលបាន​មតិ​រិះគន់​កែ​លម្អ។ កុំអាឡ័កស៊ីនឹងពាក្យរិះគន់ដើម្បីស្ថាបនា!

៥. រៀនបង្កើតបណ្តាញ៖ កុំព្យាយាមផ្តាច់ខ្លួនពីគេឯង ដោយដើរលើផ្លូវនិពន្ធឆ្កុយៗតែ​ម្នាក់​ឯង។ ត្រូវព្យាយាម​ចងក្រង​ជាក្រុមជាមួយអ្នកនិពន្ធដទៃ ឬមានទំនាក់ទំនង​ជាមួយ​ចង្កោមអ្នកនិពន្ធ​ដើម្បី​រៀនសូត្របន្ថែម និងដើម្បីជជែកពិភាក្សា​រកគន្លឹះ​បង្កើន​​គុណភាពស្នាដៃ​របស់​ខ្លួន។

៦. ចូលរួមការបណ្ដុះបណ្ដាលការតែងនិពន្ធ៖ ចូលរួមវគ្គបណ្តុះបណ្តាលពីការតែងនិពន្ធ ឬចូលរួមកម្មវិធីដែលទាក់ទងនឹងការតែង​និពន្ធ​ដើម្បី​សិក្សាស្វែងយល់ពីជំនាញមួយនេះឱ្យបានច្រើន។

អ្នកស្រី អ៊ុច ថាវី បានបន្ថែមថា “ការងារតែងនិពន្ធមិនមែនជាការងារដែលងាយស្រួលធ្វើនោះទេ។ វាទាមទារក្តីស្រឡាញ់ ទេពកោសល្យ ភាពអំណត់អត់ធន់ និងការលះបង់ ដូច្នេះមុននឹងអ្នកសម្រេចចិត្តចង់ក្លាយជាអ្នកនិពន្ធ អ្នកត្រូវសួរខ្លួនឯងម្តងហើយម្តងទៀតថា តើអ្នកពិតជាចង់ក្លាយជាអ្នកនិពន្ធមែនទេ? បើចង់ តើអ្នកចង់និពន្ធពីអ្វី? តើអ្នកតែងនិពន្ធដើម្បីអ្វី? បើអ្នកអាចឆ្លើយសំណួរទាំងបីនេះហើយ សូមចាប់ផ្តើមការតែងនិពន្ធរបស់អ្នកចុះ ហើយត្រូវចាំថា បើសរសេរ ត្រូវសរសេរឱ្យចប់ កុំទុកចោលកណ្តាលទី។ រឿងសំខាន់ចុងក្រោយ ក្នុងនាមជាអ្នកនិពន្ធ ត្រូវរកអត្តសញ្ញាណរបស់ខ្លួនឱ្យឃើញ ថាតើខ្លួនចង់ក្លាយជាអ្នកនិពន្ធរឿងប្រភេទអ្វី? អ្នកនិពន្ធរឿងបែបស៊ើបអង្កេត? ឬរឿងបែបភ័យរន្ធត់? ឬរឿងបែបមនោសញ្ចេតនាផ្អែមល្ហែម?”

គួរបញ្ជាក់ផងដែរថា អ្នកស្រី អ៊ុច ថាវី មានបទពិសោធទាក់ទងនឹងការតែងនិពន្ធទាំងវីដេអូ និងស្នាដៃប្រលោមលោកជាច្រើនរឿង។ ចំពោះស្នាដៃជាវីដេអូវិញ  អ្នកស្រីបានចំណាយពេល ១៦ឆ្នាំ (២០០១-២០១៧) នៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និព្ធវីដេអូរឿងអប់រំ ហើយស្នាដៃអ្នកស្រីទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនា ពិសេសរឿងជញ្ជីងគ្មានស្រមោល (សហនិពន្ធ) រឿងបង្គងវល្លិ៍មាស (សហនិពន្ធ) រឿងដើមក្រសាំង រឿងម្ចាស់កាំបិតត្នោត និងរឿងជនរងគ្រោះ។

ចំពោះស្នាដៃប្រលោមលោកវិញ អ្នកស្រី អ៊ុចថាវី បានបោះពុម្ភរឿង តាមប្រមាញ់ឧក្រិដ្ឋជន និងរឿង សំណាញ់ជីវិត។ ហើយនៅឆ្នាំ២០២១នេះ អ្នកស្រីនឹងត្រៀមចេញផ្សាយស្នាដៃថ្មីមួយទៀត ជាស្នាដៃរឿងខ្លីៗបែបអប់រំលើកទឹកចិត្តស្រ្តីរឿង កូនស្រី។ ក្រៅពីស្នាដៃប្រលោមលោកទាំងនេះ គឺមានស្នាដៃរឿងខ្លីៗមួយចំនួនដែលមានចេញផ្សាយនៅប្រលោមលោកសប្បាយ នៅ iRead Page និងចេញផ្សាយនៅក្នុងស្នាដៃសហនិពន្ធរបស់សមូហកម្មមន្តទឹកខ្មៅ។ ក្រៅពីស្នាដៃទាំងនេះ អ្នកស្រី អ៊ុច ថាវី ក៏ជាម្ចាស់ជយលាភីលើស្នាដៃប្រកួតធំៗមួយចំនួនដូចជា៖

  • ល្ខោនវិទ្យុ «ស្នេហ៍ពិត» ក្រោមប្រធានបទ «ការរំលោភបំពានស្រ្តីក្នុងបណ្តាញទំនាក់ទំនងសង្គម» ទទួលបានជយលាភីលេខ២ ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្នុងឆ្នាំ២០១៩។
  •  រឿងខ្លី «វង្វេង» ក្រោមប្រធានបទ «ការមិនមានរោគគឺជាលាភដ៏ប្រសើរ» ទទួលបានជយលាភីលេខ៣ ពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ២០២១៕

អត្ថបទ៖ ស្នង នេត្រា

ចុចអាន៖ អ្នកនិពន្ធប្រាប់គន្លឹះបង្កើតចរិតតួអង្គក្នុងរឿងប្រលោមលោកមិនភ្លាវ ធ្វើឲ្យអ្នកអានចូលចិត្

ចុចអាន៖ គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១

ចុចអាន៖ ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម