អ្នកនិពន្ធប្រាប់គន្លឹះបង្កើតចរិតតួអង្គក្នុងរឿងប្រលោមលោកមិនភ្លាវ ធ្វើឲ្យអ្នកអានចូលចិត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

អ្នកនិពន្ធប្រាប់គន្លឹះបង្កើតចរិតតួអង្គក្នុងរឿងប្រលោមលោកមិនភ្លាវ ធ្វើឲ្យអ្នកអានចូលចិត្ត

បានផុស

នៅ

អ្នកនិពន្ធ អ៊ុច ថាវី ជាកវីជើងចាស់មួយរូបនៅក្នុងស្រុក ក៏ជាអ្នកនិពន្ធមានស្នាដៃលើរឿងល្បីៗជាច្រើនបានបង្ហើបប្រាប់គន្លឹះសំខាន់ៗមួយចំនួនដើម្បីរៀបចំបុគ្គលិកលក្ខណៈតួអង្គក្នុងប្រលោមលោកធ្វើយ៉ាងណាឲ្យអ្នកអានចូលចិត្ត និងអាចរៀនសូត្របានតាមរយៈចរិតរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបជាមួយកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិកអ្នកនិពន្ធដែលមាននាមប៉ាកកា មេអំបៅ បានប្រាប់វិធីសាស្ត្រចាំបាច់ខ្លះដើម្បីជាគោលក្នុងតាក់តែងតួអង្គប្រលោមលោកកុំឲ្យភ្លាវ និងធ្វើឲ្យអ្នកអានយល់ថា តួទាំងនោះមិនខុសពីជីវិតពិតខ្លាំងហួសហេតុពេក។

ជាទូទៅ ក្នុងរឿងនីមួយៗ អ្នកនិពន្ធតែងតែបង្កើតតួអង្គតិចឬច្រើនអាស្រ័យទៅតាមសាច់រឿងខ្លីឬវែង និងអាស្រ័យទៅតាមប្រភេទនៃសាច់រឿង។ បើសាច់រឿងលើកឡើងពីបញ្ហាខុសៗគ្នាច្រើន តួអង្គក៏មានច្រើនទៅតាមហ្នឹងដូចគ្នា។ អ្នកស្រីថា “យើងមិនអាចយកបញ្ហាជាច្រើនទៅទម្លាក់លើតួអង្គតែម្នាក់ឬពីរនាក់បានឡើយ។ ចំពោះបុគ្គលិកលក្ខណៈរបស់តួអង្គក៏ស៊ីសងទៅនឹងប្រភេទរឿងដូចគ្នា។”

បន្ថែមពីលើនោះ ម្ចាស់ស្នាដៃរឿង “តាមប្រមាញ់ឧក្រិដ្ចជន” លើកឡើងថា ​បុគ្គលិកលក្ខណៈរបស់តួអង្គគឺសំខាន់ខ្លាំងណាស់ ពីព្រោះបើសិនអ្នកនិពន្ធបង្កើតបុគ្គលិកលក្ខណៈតួអង្គមិនត្រូវទេ វានឹងធ្វើឱ្យអ្នកអានឬអ្នកទស្សនាមានអារម្មណ៍ថារឿងនោះភ្លាវ ហើយគេអាចនឹងលាន់មាត់ដដែលៗថា «វាមិនដែលៗ» ហើយវាប្រាកដណាស់ថាគេនឹងមិនបន្តអានឬបន្តទស្សនារឿងនោះទៀតឡើយ។ អ្នកនិពន្ធបន្តទៀតថា ឋានៈក្នុងសង្គម មុខរបរ ស្ថានភាពគ្រួសារ (មាន ក្រ មានគ្រួសារឬនៅលីវ គ្រួសារមានសុភមង្គល ឬមិនមានសុភមង្គល…) អាយុ ការសិក្សាអប់រំ ជំនឿសាសនា សុទ្ធតែជះឥទ្ធិពលទៅលើបុគ្គលិកលក្ខណៈតួអង្គទាំងអស់។ ក្នុងនាមជាអ្នកនិពន្ធម្នាក់វាចាំបាច់ណាស់ក្នុងការសង្កេត និងសិក្សាស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់មនុស្សនៅក្នុងសង្គមពិត ដើម្បីងាយស្រួលយកបុគ្គលិកលក្ខណៈនោះមកបំពាក់ឱ្យតួអង្គរបស់ខ្លួន។ បើតួអង្គជាប៉ូលិស អ្នកត្រូវដឹងថាប៉ូលិសមានអត្តចរិតបែបម៉េច សម្តីសំដៅបែបម៉េច? បើតួអង្គជាគ្រូពេទ្យ អ្នកត្រូវដឹងថាពេទ្យគួរនិយាយបែបណាជាដើម។ បើអ្នកមិនដឹងពីចរិតលក្ខណៈរបស់តួអង្គដែលខ្លួនបានបង្កើតទេ ការសិក្សាស្វែងយល់បន្ថែមគឺជារឿងដែលមិនអាចខ្វះបាន។ អ្នកស្រីសង្កត់ធ្ងន់ថា “កុំទម្លាប់សរសេរតាមតែអារម្មណ៍ស្មានរបស់ខ្លួន ព្រោះវាអាចនឹងសម្លាប់បុគ្គលិកលក្ខណៈរបស់តួអង្គយើង។”

ម្ចាស់ប្រលោមលោករឿង “សំណាញ់ជីវិត” រូបនេះបានឲ្យដឹងថា ជាទូទៅ ក្នុងរឿងមួយមានតួអង្គ២ប្រភេទគឺ តួអង្គអាក្រក់និងតួអង្គល្អ ប៉ុន្តែរាល់តួអង្គទាំងពីរប្រភេទនេះគឺសុទ្ធតែមានហេតុផលថាហេតុអីបានជាគេធ្វើអំពើល្អ និងហេតុអីបានជាគេសាងអាក្រក់ ពិសេសគឺតួអង្គអាក្រក់។ ក្នុងនោះដែរមិនអាចព្រោះតែខ្លួនជាអ្នកនិពន្ធ ហើយចេះតែដាក់ឱ្យតួអង្គរបស់ខ្លួនអាក្រក់ៗតាមតែចិត្តនឹកឃើញទេ។ មនុស្សធ្វើល្អអាចមានហេតុផលតែមួយគឺចង់បានកុសលល្អ តែមនុស្សដែលធ្វើអំពើអាក្រក់អាចនឹងបណ្តាលមកពីមូលហេតុជាច្រើនដែលជំរុញឱ្យគេដើរមកដល់ផ្លូវនេះ។ ពេលខ្លះ ក្រោយអ្នកនិពន្ធបង្ហាញពីមូលហេតុនៅពីក្រោយខ្នងរបស់តួអង្គអាក្រក់នោះហើយ អ្នកអាន ឬអ្នកទស្សនាបែរជាមានអារម្មណ៍ថាអាណិតតួអង្គអាក្រក់នោះទៅវិញ។

អ្នកស្រីមានប្រសាសន៍ថា “ចំពោះតួអង្គដែលខ្ញុំបានបង្កើតឡើង ខ្ញុំមិនសូវជាបង្កើតតួអង្គដែលមានលក្ខណៈល្អឥតខ្ចោះឡើយទោះបីជាតួអង្គនោះជាតួអង្គឯកក៏ដោយ។ ហេតុអី? ពីព្រោះថាគ្មានមនុស្សណាដែលល្អឥតខ្ចោះនោះទេ។”

អ្នកស្រី អ៊ុច ថាវី​ លើកឡើងជាចុងក្រោយយ៉ាងដូច្នេះថា “មិនថាតួអង្គល្អឬតួអង្គអាក្រក់ទេសុទ្ធតែមានតម្លៃឱ្យអ្នកអាន ឬអ្នកទស្សនារៀនសូត្រតាមទំាងអស់។ សារអប់រំដែលអ្នកនិពន្ធបានបង្កប់ក្នុងរឿង តាមរយៈសកម្មភាពរបស់តួអង្គទាំងល្អ ទាំងអាក្រក់ និងលទ្ធផលដែលតួអង្គទាំងនោះទទួលបាននៅពេលបញ្ចប់រឿង គឺសុទ្ធតែបានបង្រៀនអ្នកអាន ឬអ្នកទស្សនាឱ្យគិតពិចារណាថាខ្លួនគួរអនុវត្តតាមឬមិនគួរអនុវត្តតាម។ ទម្លាប់របស់ខ្ញុំ គឺតែងតែបណ្តុះនូវគំនិតនាំឱ្យមនុស្សប្រព្រឹត្តនូវ ទង្វើល្អព្រោះវានាំមកនូវភាពរីកចម្រើនក្នុងជីវិត ដាស់តឿនឱ្យមនុស្សស្អប់ ទង្វើអាក្រក់ព្រោះវានឹងនាំមកនូវអន្តរាយដល់ខ្លួនឯងនិងអ្នកនៅជុំវិញ។ សារសំខាន់មួយទៀតដែលខ្ញុំតែងបង្កប់នៅក្នុងបុគ្គលិកលក្ខណៈ របស់តួអង្គគឺត្រូវរៀនលើកលែង រៀនអភ័យ រៀនបើកចិត្តឱ្យទូលាយ និងរៀនទទួលស្គាល់ការពិតដើម្បីជីវិតរស់នៅដោយសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។”

អត្ថបទ៖ សន្យា

ចុចអាន៖ ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ

ចុចអាន៖ ជាបុគ្គលម្នាក់មានឥទ្ធិពលក្នុងសង្គម អ្នកនិពន្ធគួរចៀសវាងរឿង ៦ យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services