លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX ដែលទើបជាប់ជាកំពូលមហាសេដ្ឋីលំដាប់ទី១លើលោកថ្មីៗនេះ ហាក់ដូចជាព្យាយាមលាក់បាំងជីវិតស្នេហារបស់ខ្លួនពីមហាជនម្ដងជាពីរដង។
ទោះយ៉ាងណា រឿងរ៉ាវស្នេហារបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ត្រូវបានបណ្ដាញសារព័ត៌មានជាច្រើនតាមប្រមាញ់បានហូរហែ និងលាតត្រដាងនៅទីនេះ៖
តើអ្នកណាជាអតីតភរិយារបស់ Elon Musk?
អំឡុង Elon Musk ចូលរៀននៅសាកលវិទ្យាល័យ Queen’s in Ontario ប្រទេសកាណាដា លោកបានជួបនឹងប្រពន្ធទីមួយនាង Justine Wilson ។ ក្រោយមកអ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ ២០០០ និងមានកូន ៦ នាក់ជាចំណងដៃ។
ជាអកុសល នៅឆ្នាំ ២០០២ ប្តីប្រពន្ធមួយគូនេះបានបាត់បង់កូនប្រុសដំបូងឈ្មោះ Nevada Alexander Musk ដោយសារជំងឺ (SIDS) នៅពេលគេកើតបាន ១០ សប្តាហ៍។
ក្រោយមក នៅឆ្នាំ ២០០៤ Elon និងភរិយាទទួលបានកូនប្រុសភ្លោះពីរនាក់ឈ្មោះ Griffin Musk និង Xavier Musk ។ លុះនៅឆ្នាំ ២០០៦ ពួកគេបានស្វាគមន៍កូនប្រុសភ្លោះបីនាក់គឺ Kai Musk, Saxon Musk និង Damian Musk ។
យ៉ាងណាមិញ ចំណងស្វាមីភរិយារបស់ Elon Musk បានចែកផ្លូវគ្នានៅឆ្នាំ ២០១៨។
Elon Musk និង Talulah Riley
មហាសេដ្ឋីលំដាប់កំពូលលើលោករូបនេះ រៀបការម្ដងទៀតជាមួយតារាសម្តែងជនជាតិអង់គ្លេសនាង Talulah Riley ក្នុងឆ្នាំ ២០១០ តែពីរឆ្នាំក្រោយមក ដំណឹងនៃការលែងលះបានលេចឮជាសាធារណៈ។ ទោះបីប្ដីប្រពន្ធគូនេះបានបែកបាក់គ្នាទៅហើយក៏ដោយ ក៏ពួកគេសម្រេចចិត្តរៀបការសារជាថ្មីនាឆ្នាំ ២០១៣ ប៉ុន្តែក្រោយមកក៏លែងលះគ្នាជាលើកទី២ នៅឆ្នាំ ២០១៦ ។
Elon Musk និង តារាសម្តែង Amber Heard
ក្រោយពី Elon បញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយភរិយាទី២ លោកណាត់ជួបជាមួយតារាសម្តែងអាមេរិកាំងនាង Amber Heard ជាសង្សារបែបពួកបញ្ចឹមប្រទេស។ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏បានបែកគ្នាដោយ Elon មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ឡើយ។
Elon Musk និង តារាចម្រៀង Grimes
ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ ២០២១ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះមានទំនាក់ទំនងស្នេហាជាមួយតន្ត្រីការិនីជនជាតិកាណាដា វ័យ ៣៣ ឆ្នាំនាង Grimes និងមានកូនប្រុសម្នាក់ កាលពីខែ ឧសភា ឆ្នាំ ២០២០ ដោយមិនទាន់រៀបការនៅឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ រឿងរ៉ាវ ចម្លែក ៧ យ៉ាងពីក្រោយជោគជ័យនៃមហាសេដ្ឋី ELON MUSK
ចុចអាន៖ ជីវិតប្រចាំថ្ងៃរបស់មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់ពេលទំនេរ