Connect with us

ព័ត៌មានជាតិ

តំណាងគ្រឹះស្ថានសិក្សា គាំទ្រប្រសាសន៍នាយករដ្ឋមន្រ្ដី មិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិច​ត្រូនិកនៅកម្ពុជា

បានផុស

នៅ

តំណាងគ្រឹះស្ថានសិក្សា និងសិស្សនិស្សិត បានលើកដៃគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិកនៅកម្ពុជាជាដាច់ខាត ហើយសម្ដេចបវរធីបតី បានសង្កត់ធ្ងន់ថា ផលិតផលនេះបង្កឱ្យប៉ះពាល់សុខភាពរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយសម្តេចមហាបវរធិបតីបានណែនាំមន្រ្ដីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិករបស់យុវជនទាំងនៅតាមសាលារៀន និងសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រនេះ បានបង្ហាញឡើងក្នុងពិធីប្រកាស និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី នៃការប្រកួតបង្កើតស្នាដៃផលិតវីដេអូស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។

ជាមួយគ្នានោះ ទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សនិស្សិត  មានក្តីកង្វល់យ៉ាងខ្លាំងចំពោះការរីករាលដាលនៃការប្រើប្រាស់ និងការចែកចាយលក់ បារីអេឡិចត្រូនិកទៅកាន់កុមារតូចៗ និងយុវជនដែលជាសិស្សនិស្សិត។ 

ដោយមើលឃើញពីបញ្ហានេះ និងដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់មូលធនមនុស្សរបស់កម្ពុជា បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក ទើបជំរុញឱ្យគ្រឹះស្ថានសិក្សាតាំងពីកម្រិតមធ្យមសិក្សារហូតដល់ឧត្តមសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រកួតផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់។ 

ការប្រកួតនេះ បានទទួលការចូលរួមគ្រឹះស្ថានសិក្សាចំនួន ៣៦ និងផលិតវីដេអូចំនួន ៩៨ ដែលបានបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គម មានដូចជា៖ FACEBOOK TIKTOK YOUTUBE INSTAGRAM និងមានអ្នកចូលមើលវីដេអូចំនួនរាប់លាននាក់ទៀតផង។ 

កញ្ញា គឹម សុខឡេង តំណាងក្រុមជ័យលាភីលេខ១ មកពីសសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានលើកឡើងថា “ក្នុងនាមខ្ញុំជាសិស្សមួយរូប ខ្ញុំពិតជាគាំទ្រប្រសាសន៍សម្តេចបវរធិតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់បារីអេឡិចត្រូនិក ជាពិសេសបិទការនាំចូលកុំឱ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងទៀត” សម្រង់សម្តីម្ចាស់ជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

គួរឱ្យដឹងថា ការប្រកួតស្នាដៃផលិតវីដេអូអប់រំស្ដីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់បានរកឃើញម្ចាស់ជ័យលាភីចំនួន៣ ក្នុងនោះមាន៖

– ម្ចាស់ជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

– ម្ចាស់ជ័យលាភីលេខ២ មកពីសកលវិទ្យាល័យជាតិគ្រប់គ្រង

– ម្ចាស់ជ័យលាភីលេខ៣ មកពីវិទ្យាល័យ ជាស៊ីមឈូកវ៉ា

– និងសាលាវ៉េស្ទឡាញសាខាចម្ការដូង និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញត្រូវបានលើកទឹកចិត្ត

កម្មវិធីនេះ ផងដែរ។

បើយោងតាមអង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗនៅលើពិភពលោកបានរកឃើញថា បារីអេឡិចត្រូនិក មានផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀន និងសារធាតុពុលផ្សេងទៀត ដែលបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង ប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។

ការសាកល្បងប្រើឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម