Connect with us

ព័ត៌មានជាតិ

ជម្រក​សត្វក្តាន់​ជិត​ផុត​ពូជ ក្លាយជាគោលដៅទាក់ទាញទេសចរថ្មី​បន្ថែម​ទៀត​នៅ​សហគមន៍ព្រែកប្រសព្វ

បានផុស

នៅ

អាជ្ញាធរឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គ្រោងនឹងពង្រីកសេវាកម្មទេសចរណ៍ផ្សេងៗមួយចំនួនថែមទៀតនៅក្នុងសហគមន៍ ដើម្បីរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ និងលើកស្ទួយវិស័យទេសចរណ៍នៅក្នុងសហគមន៍។

នេះបើយោងតាមការឱ្យដឹងពីលោក សេង ភីណា អភិបាលរងស្រុកព្រែកប្រសព្វ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍន៍សេវាកម្មអេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៅសាលាឃុំជ្រោយបន្ទាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ភីណា បានបញ្ជាក់ពីគោលបំណងពី​កិច្ចប្រជុំ គឺដើម្បីធ្វើការពិគ្រោះយោបល់ជាមួយស្ថាបន័ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ សហគមន៍មូលដ្ឋានពីការសាងសង់ប៉ម សម្រាប់ភ្ញៀវទេសចរអាចឡើងឈរមើលសត្វក្តាន់ឬក៏សត្វស្លាប និងសេវាកម្មដាំកូនឈើ សេវាកម្មបោះតង់ សេវាកម្មកសិទេសចរណ៍ ជិះកង់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។

លោកអភិបាលរងស្រុកបានបញ្ជាក់ដែរថា កន្លងទៅអាជ្ញាធរស្រុកនិងមន្ទីរពាក់ព័ន្ធរួម និងអាជ្ញាធរឃុំនៅក្នុងសហគមន៍បាន​រៀបចំឱ្យមានសេវាកម្មទេសចរណ៍ធម្មជាតិនៅ​កោះព្រហ្មចារី ដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្ត​ទៅ​ជិះទូកទៅកម្សាន្ត​ និង​ងូតទឹកក្រោមដើមឈើធំៗលក្ខណៈធម្មជាតិ អង្គុយមើលថ្ងៃលិច ឬក៏បោះតង់នៅតាមកោះតូចៗដែលមានទីតាំងនៅកណ្ដាលទន្លេមេគង្គ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

នៅឆ្នាំនេះផ្ទាល់ សហគមន៍​ក៏បានកំពុងរៀបចំពង្រីកសេវាកម្មផ្សេងៗជាច្រើនទៀត ដែលគម្រោងទាំងនេះស្ថិតនៅក្នុងដែនជម្រកសត្វក្តាន់ព្រែកប្រសបព្វ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ទៅមើលសត្វក្តាន់ដែលជាប្រភេទសត្វកម្រជិតផុតពូជ។

បច្ចុប្បន្ននេះមានសត្វក្តាន់ប្រមាណជាង ៩០ ក្បាល ដែលកំពុងតែអភិរក្ស និងសត្វស្លាបដទៃទៀត។ ក្រៅពីនោះក៏មានការរៀបចំបានបោះតង់ និងសេវាកម្មម្ហូបអាហារជាដើម។ សហគមន៍ក៏បានរៀបចំសេវាកម្មម៉ូតូឌុប ជិះកង់ និងការដាំកូន​ឈើឡើងវិញនៅតំបន់ព្រៃរីករិល ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃប្រសព្វ ដែលអាចជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងលើកស្ទួយវិស័យទេសចរណ៍នៅក្នុងសហគមន៍ ឃុំជ្រោយបន្ទាយផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម