Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃថ្កោលទោសភាគីថៃដែលបាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ឱ្យស្លាប់ និងរបួស

បានផុស

នៅ

ក្រសួងមហាផ្ទៃកម្ពុជាប្រកាសថ្កោលទោសចំពោះកម្លាំងប្រដាប់អាវុធថៃដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត និង៣រូបទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ យោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើក ដោយបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួស។

អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ ក្រសួងមហាផ្ទៃកម្ពុជា ថា បានធ្វើឡើងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះ និងពលរដ្ឋខ្មែរផ្សេងទៀតកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ នៃដែនអធិបតេយ្យកម្ពុជា ក្រោយពីផ្ទះសំបែងត្រូវបានភាគីថៃចូលរាយបន្លាលួសហ៊ុមព័ទ្ធ ព្រមទាំងបានធ្វើឡើងទាំងក្នុងស្ថានភាពដែលភាគីកម្ពុជាបានកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។

សេចក្ដីថ្កោលទោសរបស់ក្រសួងមហាផ្ទៃកម្ពុជា សង្កត់ធ្ងន់ថា អំពើបាញ់ប្រហារនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធ រួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃកម្ពុជា អំពាវនាវសហគមន៍អន្តរជាតិ ចូលរួមតាមដាន និងធ្វើសកម្មភាពប្រកបដោយសច្ចធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា ជាភាគីរងគ្រោះ និងលើកតម្កើងតម្លៃនៃសន្តិភាព ហើយជំរុញឱ្យភាគីថៃវិលមកគោរពឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីនាំមកនូវការផ្សះផ្សារ និងការដោះស្រាយបញ្ហាឈរលើគោលការណ៍សន្តិវិធី និងច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម