ព័ត៌មានជាតិ
អ្នកនាំពាក្យការងារអំពាវនាវដល់អតីតពលករខ្មែរមកពីថៃ ចូលរៀនជំនាញដើម្បីទទួលបានជំនាញពិតប្រាកដ និងចំណូលខ្ពស
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់អតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់មានជំនាញ សូមមករៀនជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីមានជំនាញប្រចាំជីវិត ឆ្លើយតបទីផ្សារការងារ និងមានជីវភាពកាន់តែល្អប្រសើរក្នុងសម័យបច្ចេកវិទ្យា។

លោកថ្លែងថា «បើបងប្អូនមិនទាន់មានជំនាញ ហើយរកចំណូលមិនសូវបាន សូមមករៀនជំនាញ ពេលយើងមានជំនាញចំណូលក៏បានខ្ពស់គួរសម ជីវភាពកាន់តែល្អប្រសើរ ពេលមានជំនាញហើយ បើបងប្អូនមិនចង់ធ្វើការឱ្យគេ ក៏អាចបើកមុខរបរដោយខ្លួនឯងបានដែរ។កម្មវិធីបណ្តុះបណ្តាលជំនាញរបស់សម្តេចធិបតី បងប្អូនអាចចូលរៀនដោយមិនអស់ប្រាក់»។

បើតាមលោក ស៊ុន មេសា ការរៀនជំនាញគឺជាការលើកកម្ពស់ជីវភាពរស់នៅឱ្យបានកាន់តែប្រសើរ និងជាការរួមចំណែករក្សានូវស្ថិរភាពការងារ កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ លោកបញ្ជាក់ថា ដើម្បីទទួលបានចំណូលខ្ពស់ មានតែបងប្អូនអតីតពលករទាំងអស់ចូលសិក្សាជំនាញ ព្រោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ធំៗកំពុងបន្តវិនិយោគបន្ថែមកកម្ពុជានិងមានតម្រូវការកម្លាំងពលកម្មជំនាញជាចាំបាច់។

សូមជម្រាបថា ការអំពាវនាវរបស់ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងស្របពេលដែលក្រសួងការងារនៅតែបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺនៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងនឹងរៀបចំពិព័រណ៍ការងារនៅក្នុងខេត្តសៀមរៀបបន្តទៀត បន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនាពេលកន្លងទៅ។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


