ព័ត៌មានជាតិ
កម្ពុជាថាថៃបន្តបាញ់ប្រហារយ៉ាងព្រៃផ្សៃ ផ្គើនមហាអំណាចអាម៉េរិក ចិន និងអន្តរជាតិដែលជំរុញឱ្យបញ្ឈប់ជាបន្ទាន់
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថា ថៃផ្គើន មិនស្ដាប់បង្គាប់របស់សហរដ្ឋអាម៉េរិក ចិន និងអន្តរជាតិ ដែលជំរុញឱ្យបញ្ឈប់ការប្រយុទ្ធស្ដារសន្តិភាព បញ្ចៀសការបាត់បង់ជីវិតមនុស្ស។ តាមអ្នកនាំពាក្យសកម្មភាពដែលថៃផ្គើន បំពាននោះគឺ ថៃនៅតែបន្តវាយប្រហារឥតឈប់ឈរប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់ដូចជា យន្តហោះទម្លាក់គ្រាប់បែក F-16 នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងការបាញ់ផ្សែងពុលមកលើកកងទ័ពនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជាបានកើតឡើងជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែធ្នូ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងដូច្នេះ៖«សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌នេះគឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ មានដូចជាសហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប ប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរវិញ។ »។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃថា អំពើសាហាវព្រៃផ្សៃប្រកបដោយអំនួតក្មេងក្អាងរបស់មេដឹកនាំថៃមានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំដោយពួកគេសង្ឃឹមថា អាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាក់ស្បាត និងបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល ប៉ុន្តែពលរដ្ឋខ្មែរមិនចាញ់បោកថៃឡើយ ពោលគឺបន្តរួបរួមជាធ្លុងមួយ គាំទ្រកងទ័ព និងរដ្ឋាភិបាល បន្តការពារទឹកដី កិត្តិយសនិងសេចក្ដីថ្លៃថ្នូរបស់ប្រជាជាតិខ្មែរ។
ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា ចាប់តាំងពីការផ្ទុះអាវុធនាថ្ងៃទី០៧ ធ្នូ មក ម៉ាឡេស៊ីជាប្រធានអាស៊ានប្ដូរវេន បានស្នើចំនួន៣ដង ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ស្នើ១ដង ឱ្យកម្ពុជា-ថៃ ងាកទៅគោរពបទឈប់បាញ់ ក្នុងនោះកម្ពុជាទទួលយកភ្លាមទាំងអស់ ប៉ុន្តែភាគីថៃមិនទទួលយកសំណើទាំងអស់នោះទេ។

តាំងពីផ្ទុះជម្លោះប្រដាប់អាវុធជាថ្មីនៅដើមខែធ្នូ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានជំរុញឱ្យភាគីថៃ និងកម្ពុជា បញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ងាកទៅគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ប៉ុន្តែថៃនៅតែមិនស្ដាប់ឡើយ ហើយនាយករដ្ឋមន្ត្រីថៃ អនុទីន ក៏និយាយចំអកទៅកាន់ប្រធានាធិបតីត្រាំតាមប្រព័ន្ធផ្សព្វផ្សាយទៀតផង។ ក្រោយមក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានទូរសព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសថៃបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ តែថៃនៅតែមិនស្ដាប់។ ចុងក្រោយនៅថ្ងៃទី២៣ ខែធ្នូ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្លែងចោទថាថៃគឺជាអ្នកចាប់ផ្ដើមសង្គ្រាមមកលើកម្ពុជាមុន។

ចំណែក ចិន ជំរុញឱ្យថៃ ត្រូវតែបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជាឱ្យបានជា បន្ទាន់ ចាប់ផ្តើមសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ ភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់ រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ ចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងរួមដំណើរគ្នាបន្តទៅមុខ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញតាមបណ្តោយព្រំដែន។
គិតមកទល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺមានរយៈពេល ១៨ ថ្ងៃហើយដែលទាហានថៃបានបើកការវាយប្រហារឈ្លានពានយ៉ាងកម្រោលមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី ៧ខែធ្នូ។ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលដោយមិនរើសមុខ មិនរើសទីកន្លែង ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ។ ទង្វើយោធាថៃបានបណ្ដាលឱ្យជនស៊ីវិលស្លូតត្រង់ខ្មែរបានស្លាប់ចំនួន២១នាក់ និងរងរបួស៨៣នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់ជរា ហើយបណ្ដាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ភៀសសឹកចាកចោលផ្ទះសម្បែងជាង៦០ម៉ឺននាក់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


