ព័ត៌មានជាតិ
កម្ពុជា និងអង្គការ OECD ពិភាក្សាការជំរុញអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) និងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kate Wilson ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី នៃមជ្ឈមណ្ឌលសម្រាប់អាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើយុទ្ធសាស្ត្រនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) ដែលស្របតាមអាទិភាពគោលនយោបាយបច្ចុប្បន្នរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ជាពិសេស ការជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដែលជួយលើកកម្ពស់ការប្រកួតប្រជែង ការពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគកម្ពុជា ក៏ដូចជាអនុលោមភាពការងារ ដែលជួយលើកកម្ពស់និរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជាឱ្យស្របតាមគោលការណ៍ OECD និងស្តង់ដារការងារជាមូលដ្ឋានផ្សេងៗទៀត ខណៈកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដូចជា៖ ការលើកកម្ពស់លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ អនុលោមច្បាប់ការងារ ការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យជាលំដាប់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ ក្នុងការបន្តបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសវិស័យវាយនភណ្ឌ កំណើនវិនិយោគ និងការនាំចេញ និងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាដើម។ ទោះយ៉ាងណា តម្លៃអគ្គិសនីគឺជាការប្រឈមមួយរបស់កម្ពុជា ហើយដើម្បីអនុវត្តតាមតម្រូវការអនុលោមភាព និងតម្រូវការរបស់ម៉ាកអន្តរជាតិ កម្ពុជាក៏ពិចារណាប្រើថាមពលបៃតងតាមរយៈថាមពលព្រះអាទិត្យ និងជីវម៉ាសជាដើម។

លោករដ្ឋមន្រ្តី ហេង សួរ និងលោក អង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ និងសហគ្រាស នៃអង្គការ OECD បានពិភាក្សាការងារទ្វេភាគីក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិកាអង្គការ OECD នាពេលថ្មីៗនេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ កម្ពុជា និង OECD បានរួមគ្នាផ្សព្វផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអង្គការ OECD ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០១២ និងឆ្នាំ២០២២។ ដោយយោងតាមក្របខណ្ឌគោលនយោបាយសម្រាប់វិនិយោគ (PFI) របស់ OECD នៅឆ្នាំ២០១៨, OECD បានជួយពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានពិនិត្យពីរបៀបដែលការកែលម្អបរិយាកាសវិនិយោគទូទៅ អាចរួមចំណែកក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ការធ្វើពិពិធកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការពិនិត្យឡើងវិញនេះ ក៏បានពិចារណាបញ្ហាប្រឈម និងឱកាសពីទស្សនៈបរិយាកាសវិនិយោគ ស្របតាមក្របខណ្ឌគោលនយោបាយសម្រាប់ការវិនិយោគ។

ជាការឆ្លើយតប លោកស្រី Kate បានអរគុណ និងសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាក្រសួង ដែលពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះលោកស្រី ដែលអាចធ្វើជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស ដោយលោកស្រីគូសបញ្ជាក់ថា យើងអាចចាប់យកឱកាសដែលមានដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ។ OECD នឹងគាំទ្របេសកកម្មរបស់ក្រសួង ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដារអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក៏ដូចជាពង្រឹងភាពប្រកួតប្រជែង។

ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ដែលបានផ្លាស់ប្តូរទស្សនៈលើវិស័យការងារ និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង និង OECD នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូដ៏ចាំបាច់នេះឱ្យកាន់តែរីកចម្រើន ដែលនឹងរួមចំណែកយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


