ព័ត៌មានជាតិ
លោក គន់ គីម៖ ជនភៀសសឹកចាស់ជរា ជនពិការ ជាអាទិភាពចម្បងដែលត្រូវនាំមករស់នៅជម្រកបណ្ដោះអាសន្នមុនគេ
ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា ជនភៀសសឹកដែលចាស់ជរា ជនពិការ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់អាទិភាពចម្បងដែលត្រូវនាំយកពីមណ្ឌលសុវត្ថិភាពមករស់នៅជម្រកបណ្ដោះអាសន្នមុនគេ ដើម្បីជួយឱ្យគាត់អាចរស់នៅប្រកបដោយផាសុខភាព មិនជួបអាកាសធាតុអាក្រក់។ លោក គន់ លើកឡើងដូច្នេះ នៅក្នុងឱកាស ចុះពិនិត្យមើលសំណង់ស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៦។

ក្នុងពេលសំណេះសំណាលជាមួយស្ត្រីចាស់ជរាម្នាក់ដែលកំពុងជិះលើរទះរុញ ក្រោមជម្រកបណ្ដោះអាសន្នដែលរដ្ឋាភិបាលសាងសង់រួចបណ្ដើរៗ ទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងមកកាន់អ្នកសារព័ត៌មាន៖«យើងយកចាស់ៗចឹងមកមុន ឱ្យគាត់មកនេះចឹងទៅ ដើម្បីបានត្រជាក់ ព្រោះនៅនោះ[មណ្ឌលសុវត្ថិភាព]ក្ដៅណាស់។ ឥឡូវយើងបានជម្រកបណ្ដោះអាសន្ននេះមួយហើយ។»។

ក្នុងឱកាសនោះដែរ លោក គន់ គីម បានណែនាំក្រុមជាងត្រូវពន្លឿនការងារសាងសង់ និងជាពិសេសការសាងសង់បន្គន់អនាម័យ ដើម្បីជួយឱ្យពលរដ្ឋមានភាពងាយស្រួលក្នុងការរស់នៅ។

ពលរដ្ឋភៀសសឹកប្រាប់អ្នកយកព័ត៌មានរបស់«កម្ពុជាថ្មី»ថា ការរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលរៀបចំជូន គឺងាយស្រួលរស់នៅ ស្រឡះមុខស្រឡះមាត់ ជាងមណ្ឌលសុវត្ថិភាព ការរស់មណ្ឌលសុវត្ថិភាពវត្តកណ្ដោលជាង២ខែ គឺជួបប្រទះនូវបញ្ហាមួយចំនួនដូចជា បរិយាកាសមិនអំណោយផល អាកាសធាតុអាក្រក់ កង្វះទឹកបន្ទប់ទឹក និងទឹកប្រើប្រាស់បន្តិចបន្តួច ព្រោះនៅទីនោះមានពលរដ្ឋភៀសសឹករស់នៅច្រើនគ្រួសារ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែនឹកផ្ទះសម្បែងដែលធ្លាប់រស់នៅជាច្រើនឆ្នាំយ៉ាងកក់ក្ដៅ សុខសាន្ត និងចង់ត្រឡប់ទៅរស់នៅផ្ទះសម្បែងដូចដើមវិញ ដោយបានទាមទារឱ្យយោធាថៃដកកងកម្លាំង ទូរកុងតឺន័រ បន្លាលួសចេញពីទឹកដីកម្ពុជា។ ជនភៀសសឹក ប្រកាសថាពួកគាត់គាំទ្រចំពោះដំណោះស្រាយរបស់រដ្ឋាភិបាល ក្នុងការទាមទារយកទឹកដីមកវិញ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ ពលរដ្ឋសរុប ៨២២ គ្រួសារ មកពីតំបន់បឹងត្រកួន ក្នុងនោះភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ ដែលចាប់ឆ្នោតចូលរស់នៅជម្រកបណ្ដោះអាសន្នជាលើកទី១ កាលពីថ្ងៃ១៨ ខែមីនា បានបន្តរៀបចំ និងចូលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នបណ្ដើរ។ ការចាប់ឆ្នោតជាលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ខែមេសា ខាងមុខ ដើម្បីឱ្យពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យអាចចូលរស់នៅក្នុងជម្រកបណ្ដោះអាសន្នមុនរដូវវស្សារមកដល់។

លោក អះអាងថា រាជរដ្ឋាភិបាល បានសាងសង់ជម្រកបណ្ដោះអាសន្នប្រមាណ៣ពាន់ខ្នង នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ដោយភ្ជាប់មកនូវហេដ្ឋារចនាសម្ព័ន្ធតបណ្ដាញទឹកស្អាត អគ្គិសនីចូលដល់ក្នុងខ្នងផ្ទះ ផ្លូវខ្វាត់ខ្វែង និងមានផ្លូវធំចាក់បេតុង សាលារៀន ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យ និងមន្ទីរពេទ្យ និងរៀបចំគម្រោងផ្សេងៗគាំទ្រដល់ការរស់នៅចិញ្ចឹមជីវិតពលរដ្ឋ ដែលរៀបចំជាលក្ខណៈទីប្រជុំជន។

គួររម្លឹកថា សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


