Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ អំពាវនាវប្រជាពលរដ្ឋ និងកម្មករ បង្កើនការយោគយល់ និងប្រុងប្រយ័ត្ន អំឡុងបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

ភ្នំពេញ ៖ ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់ ប្រជាពលរដ្ឋ កម្មករនិយោជិត និងម្ចាស់អាជីវកម្មនៅទូទាំងប្រទេស បាននិងកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងចូលរួមពិធីបុណ្យតាមទំនៀមទម្លាប់ប្រពៃណី ខណៈដែលមួយចំនួនផ្សេងទៀតបានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន និងទីកន្លែងកម្សាន្តនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋ កម្មករនិយោជិត និងសាធារណជន ដែលធ្វើដំណើរកម្សាន្ត ឬទទួលសេវាកម្មនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យចំពោះអ្នកផ្តល់សេវា ប្រសិនមានការយឺតយ៉ាវ ឬខ្វះខាតណាមួយ ដោយសារការកើនឡើងនៃតម្រូវការនៅអំឡុងពេលនេះ។

ក្រសួងក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្មករនិយោជិតផ្នែកសេវាកម្មទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ច បម្រើអតិថិជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងអំឡុងពេលបុណ្យយ៉ាងខិតខំប្រឹងប្រែង។

ជាមួយគ្នានេះផងដែរ ក្រសួងបានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកសន្តិសុខ ដែលបានចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងប្រារព្ធពិធីបុណ្យបានដោយសុវត្ថិភាព។

លើសពីនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាពិនិត្យប្រព័ន្ធអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀនឱ្យបានត្រឹមត្រូវ មុនចាកចេញពីលំនៅដ្ឋាន ឬបិទអាជីវកម្ម ដើម្បីបង្ការហានិភ័យអគ្គិភ័យ។ ជាមួយនឹងនេះ សូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ដោយគោរពច្បាប់ចរាចរណ៍ និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម