Connect with us

ព័ត៌មានជាតិ

ថៃមិនឈប់! បន្តឈូសឆាយចូលដីខ្មែរ ពង្រីកសាងសង់ប៉ុស្តិ៍យាមពីព្រះវិហារដល់ពោធិ៍សាត់

បានផុស

នៅ

ក្រោយពេលមានបទឈប់បាញ់ ប្រទេសថៃមិនបានបញ្ឈប់សកម្មភាពឈ្លានពានលើទឹកដីកម្ពុជានោះទេ គឺនៅតែបន្តប្រើកម្លាំងធ្វើការឈូសឆាយដី និងសាងសង់ប៉ុស្តិ៍សង្កេតការណ៍វាតទីចាប់ពីខេត្តព្រះវិហារ រហូតដល់ខេត្តពោធិ៍សាត់។ ខណៈពេលនេះ រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដោះស្រាយបញ្ហាតាមវិធីសន្តិវិធី និងបដិសេដយ៉ាងដាច់ខាតមិនទទួលយកខ្សែបន្ទាត់ព្រំដែនដែលភាគីថៃបានអះអាងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញសកម្មភាពខុសច្បាប់ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីសម្តែងការតវ៉ាជាផ្លូវការ ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។ ក្រសួងការបរទេស បានលើកឡើងថា សកម្មភាពទាំងនេះគឺជាការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមទីតាំងជាច្រើន។

នៅក្នុងខេត្តព្រះវិហារ ឃុំស្រអែម ស្រុកជាំក្សាន្ត កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍។ រីឯ​នៅខេត្តឧត្តរមានជ័យ ក្នុងស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២ បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ។ នៅស្រុកបន្ទាយអំពិលឯណោះវិញ ថៃបានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។

នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើង នៃ តំបន់នេះ។ នៅតំបន់ថ្មដូន ថៃបានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវនៅភាគខាងកើតច្រកទ្វារថ្មដូន។ ចំណែកនៅខេត្ត​ពោធិ៍សាត់ ឃុំថ្មដា ស្រុកវាលវែង កងកម្លាំងថៃបានប្រើប្រាស់គ្រឿងចក្រ​ធុនធ្ងន់ ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀតនៅតំបន់អូរភ្លុកដំរី។

ក្រសួងការបរទេសង្កត់ធ្ងន់ថា កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាពទាំងនេះថាជាការការពារខ្លួន និងស្របតាមប្រការនានាដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយ ដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីបន្តទៀត នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមកព្រមទាំងរក្សាសន្តិភាព ស្ថិរភាពនិងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម