ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យសមត្ថកិច្ចបន្តបង្ក្រាបបទល្មើស Online Scam ដោយមិនត្រូវបង្អង់ដៃឡើយ
ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានដោយពុំមានការលើកលែងចំពោះក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលកំពុងលបលួចធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា ដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។

ថ្លែងចេញពីវិមានសន្តិភាព ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះ ត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាព ដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ។ ខណៈសម្ដេចអះអាងជាថ្មីថា ប្រតិបត្តិការនេះ គឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ ពោលគឺបន្តធ្វើជាប់ជាប្រចាំ។

គួរកត់សម្គាល់ថា ដើម្បីប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបានបង្កើតច្បាប់ថ្មីមួយស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ខណៈបទល្មើសប្រភេទនេះកំពុងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដោយមិនត្រឹមប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ មុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ ព្រមទាំងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ចជាតិ។
ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមុតស្រួចជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ និងបានកំណត់ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ជាកិច្ចការអាទិភាពដ៏សំខាន់នៅក្នុងរបៀបវារៈនយោបាយរបស់ខ្លួន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសកាលពីពេលកន្លងទៅ ថា កម្ពុជាបានប្ដូរទិសដៅពីការទប់ស្កាត់ឧក្រិដ្ឋកម្មនេះទៅជាការលុបបំបាត់ឱ្យអស់ពីកម្ពុជា។

តាមរបាយការណ៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ នៅក្នុងខែមេសានេះ រាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ កម្លាំងនគរបាលបង្ក្រាបបានទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៣កន្លែង នៅក្នុងភូមិសាស្ត្ររាជធានី-ខេត្ត៨ ដោយមានមនុស្សយ៉ាងហោចណាស់ចំនួន១ ៩៥៧នាក់ ស្មើនឹង១៨សញ្ជាតិ ត្រូវបានឃាត់ខ្លួន។ អ្នកនាំពាក្យរង បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនបានទាំង១ ៩៥៧នាក់នោះ គឺមាន៨៣២នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា និងជនសង្ស័យ៦៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ខណៈ១ ០៣២នាក់ កំពុងបន្តនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ដោយឡែក មនុស្សចំនួន២៩នាក់ទៀតមិនជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scam ត្រូវបានសមត្ថកិច្ចត្រឹមអប់រំណែនាំ។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបានលទ្ធផលធំៗជាច្រើន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


