Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ​ជំរុញ​ឱ្យ​មន្ត្រី​ទាំង​អស់​​ចេះ​សន្សំ​សំចៃ និង​ទប់​ស្កាត់​ការ​រក​ស៊ី​មិន​បង់​ពន្ធ​ឱ្យ​រដ្ឋ​

បានផុស

នៅ

​ប្រមុខ​រដ្ឋ​ស្ដីទី ប្រធាន​ព្រឹទ្ធសភា​ សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ដល់​មន្ត្រី​ទាំង​អស់​ឱ្យ​មាន​ការ​សន្សំ​សំចៃ​ឱ្យ​បាន​ខ្ពស់​ក្នុង​ពេល​ដែល​ពិភព​លោក​ប្រឈម​នឹង​បញ្ហា​វិបត្តិ​ប្រេង​ដូច​បច្ចុប្បន្ន​នេះ ខណៈ​ជំរុញ​វិធាន​ការ​បង្ក្រាប​ការ​រកស៊ី​មិន​បង់ពន្ធ ឬ​រត់​គេច​ពន្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ចំណុះ​ខេត្ត​កំពង់ចាម​ នៅព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៦​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ណែ​នាំ​ដល់​មន្ត្រី​ឱ្យ​មាន​ការ​ខិតខំ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ជាពិសេស​ខណៈ​ពេល​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ត្រូវ​ចេះ​សន្សំ​សំចៃ​លើ​ការ​ចំណាយ​ដែល​មិន​ចាំ​បាច់​នានា លើស​ពី​នេះ​សម្ដេច​បាន​គាំទ្រ​ដល់​ការ​ប្រមូល​ចំណូល​ទាំង​ពន្ធ​គយ និង​វិធាន​ការ​ទប់​ស្កាត់​ការ​រកស៊ីមិន​បង់​ពន្ធ​ ឬ​រត់គេច​ពន្ធ​ជា​ដើម​។

បន្ថែម​លើ​នេះ​ទៀត​សម្ដេច​បាន​រំឭក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ​ និង​យកចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាប​ឱ្យ​បាន​នូវ​អំពើឆបោកតាមអនឡាញ(Scam Online)។ ទន្ទឹម​នេះ​ សម្ដេច​​ក៏​ឱ្យ​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជា​ពិសេស​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។


យោងតាម​អ្នកនាំពាក្យ​សម្ដេច​តេជោ លោក ជា ធីរិទ្ធ អ្វី​ដែល​ជា​គោលដៅ​នៃ​ការ​ចុះ​ជួប​សំណេះសំណាល​នេះ​ គឺ​ជា​ការ​អនុវត្ត ក៏​ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ លោក ជា ធីរិទ្ធ៖ «ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា»៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម